កីឡាករប្រដាល់ជើងឯកក្នុងព្រឹត្តិការណ៍ Khmer Warrior Challenge រដូវកាលទី៣ ស៊ឹម ប៊ុនស្រ៊ន់ បានបញ្ចេញសមត្ថភាព និងភាពរីកចម្រើនពីរដូវកាលមួយទៅរដូវកាលមួយក្នុងការបំបាក់គូប្រកួតនីមួយៗ។ បន្ទាប់ពីហ្វឹកហាត់បានត្រឹមតែ១ខែប៉ុណ្ណោះ កីឡាករពីខេត្តកំពង់ចាមរូបនេះ មានឱកាសឡើងលើសង្វៀនប្រដាល់សេរី។ ថ្វីបើគាត់បានទទួលជ័យជម្នះលើការប្រកួតលើកទីមួយ ប៉ុន្តែក្រោយមកបានចាញ់៧លើកជាប់ៗគ្នា។
មនុស្សភាគច្រើនប្រាកដជាអស់ជំនឿចិត្តឈប់ចង់នៅពេលខ្លួនទទួលបរាជ័យជាប់ៗគ្នាបែបនេះ ហើយផ្តោតលើអ្វីផ្សេងទៀតវិញ ប៉ុន្តែសម្រាប់ ប៊ុនស្រន់ វិញ គ្មានឡើយការបោះបង់ ដោយរូបគេបន្តតស៊ូព្យាយាមឆ្ពោះទៅមុខជានិច្ច។
អ្នកប្រដាល់វ័យ២៥ ឆ្នាំរូបនេះប្រាប់ពីប្រវត្តិគាត់ថា៖ «ពេលខ្ញុំចាញ់ប្រកួតជាច្រើនដងពេក ឪពុកម្តាយបងប្អូន និងសាច់ញាតិទាំងជិតឆ្ងាយ ប្រាប់ឱ្យខ្ញុំឈប់ពីអាជីពជាអ្នកប្រដាល់ទៅ។ ប៉ុន្តែខ្ញុំតាំងចិត្តថា ខ្ញុំមកទីនេះដោយចិត្តខ្លួនឯង មិនមែនដោយសារតែនរណាម្នាក់ជំរុញឲ្យខ្ញុំមកទេ។ គោលដៅរបស់ខ្ញុំគឺមកប្រកួតឲ្យខ្លាំង ដើម្បីបង្ហាញពិភពលោកពីសមត្ថភាពខ្ញុំថាខ្លាំងប៉ុនណា»។
ការប្តេជ្ញាចិត្តរបស់ ប៊ុនស្រ៊ន់ បានបើកផ្លូវជីវិតរបស់គាត់ឲ្យមានឱកាសជាច្រើនហូរហែ។ បច្ចុប្បន្ន គាត់ហ្វឹកហាត់ជាមួយក្រុមកីឡាករខ្លាំងៗរបស់កម្ពុជានៅក្លឹប Cambodia Top Team ហើយក៏មានអាជីវកម្មខាងក្រៅមួយទៀតខាងផ្នែកកសិកម្មផងដែរ។
អ្នកខេត្តកំពង់ចាមរូបនេះ មានដើមកំណើតពីគ្រួសារអ្នកចម្ការ ដូច្នេះគាត់ចាប់ផ្តើមស្រឡាញ់មុខរបរធ្វើចំការខ្លាំង ដូចគ្នានឹងអាជីពជាអ្នកប្រដាល់។
គាត់បាននិយាយទាំងអស់សំណើចថា៖ «គ្រួសារខ្ញុំជាអ្នកធ្វើចំការ ហើយកាលពីក្មេងខ្ញុំត្រូវនៅចំការរហូត។ អ្នកស្រុកខ្ញុំគេដាំប្រភេទដំណាំតូចៗ ដែលខ្ញុំស្អប់ខ្លាំងណាស់។ ខ្ញុំស្បថថាខ្ញុំធ្វើអីក៏ដោយឲ្យតែជៀសឆ្ងាយពីធ្វើចំការ។ តែឥឡូវវិញ ខ្ញុំមិនអាចបែងចែករវាងអាជីពទាំងពីរទេ ខ្ញុំស្រឡាញ់វិស័យកសិកម្មខ្លាំងដូចខ្ញុំស្រឡាញ់វិស័យកីឡាអញ្ចឹង»។
ជាធម្មតា ប៊ុនស្រ៊ន់ ហ្វឹកហាត់នៅក្លឹប ៥ដងក្នុងមួយអាទិត្យ ជាមួយមិត្តអ្នកប្រដាល់ប្រចាំ ONE Championship ដូចជា រិន សារ័ត្ន ស សី និង មាស ម៊ើជាដើម។ ប៉ុន្តែនៅពេលត្រូវមានការប្រកួតនីមួយៗ គាត់មកហ្វឹកហាត់វិជ្ជាគុនរាល់ថ្ងៃតែម្តង។
ឥឡូវគាត់មិនទាន់មានគេចាប់គូប្រកួតឲ្យនោះទេ យ៉ាងណាមិញគាត់ក៏នៅហ្វឹកហាត់ ក៏ដូចជាបំប៉នសុខភាពរួចរាល់សំរាប់ត្រៀមខ្លួនជាស្រេចបើសិន ONE Championship រៀបចំចាប់គូរឲ្យប្រកួតភ្លាមៗ។
ប៊ុនស្រ៊ន់ មានកិត្ដិយសធំណាស់ដែលខ្លួនអាចតំណាងឱ្យប្រទេសកំណើតនៅក្នុងស្ថាប័នក្បាច់គុនធំជាងគេនៅអាស៊ី ហើយដែលខ្លួនមានឱកាសបង្ហាញពីការតស៊ូ និងភាពក្លាហានរបស់កម្ពុជា។
គាត់និយាយទាំងញញឹមថា៖ «ពេលយើងចាប់ផ្តើមឡើងនៅលើឆាកអន្តរជាតិម្តងៗ យើងមានមោទនភាពណាស់ក្នុងនាមជាខ្មែរម្នាក់»៕
អត្ថបទ៖ Matias Andres