ជាតិ
សេដ្ឋកិច្ច
ម៉ាឡេស៊ី នឹងមកវិនិយោគឧស្សាហកម្មឫស្សីនៅកម្ពុជា រូបពីក្រសួងកសិកម្ម
× អង្គការមូលនិធិច្នៃប្រឌិតសកល និងសហគ្រិនរបស់ម៉ាឡេស៊ី នឹងមកវិនិយោគដាំដើមឫស្សីនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយក្នុងគេហទំព័ររបស់ក្រសួងកសិកម្ម នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្មឫស្សីនៅកម្ពុជា ជាមួយអង្គការមូលនិធិច្នៃប្រឌិតសកល និងសហគ្រិនភាពនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រសួងកសិកម្ម បានបង្ហាញថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៩-២០២៣ ក្នុងការបើកទូលាយ និងលើកទឹកចិត្តដល់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្ម។
លោករដ្ឋមន្ត្រី លើកឡើងថា៖«ការអភិវឌ្ឍសហគមន៍ព្រៃឈើតាមរយៈការធ្វើកសិកម្មចម្រុះ ក្នុងគោលបំណងបង្កើនផលិតកម្មផ្នែកកសិកម្ម និងផលិតកម្មឫស្សីដែលជាមុខរបរមួយថ្មីអាចជួយបង្កើតការងារជូនប្រជាសហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋ ដែលមានធនធានឫស្សីដើម្បីបង្កើនចំណូលគ្រួសារ កាត់បន្ថយការពឹងអាស្រ័យផល និងអនុផលព្រៃឈើ ការបរបាញ់ និងកាត់បន្ថយចំណាកស្រុកតាមរយៈការបង្កើន ពង្រឹង និងពង្រីកផលិតកម្មកែច្នៃឫស្សីរបស់កម្ពុជាឲ្យមានផលិតភាព និងគុណភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក និងធ្វើការនាំចេញ»។
គេហទំព័ររបស់ក្រសួងកសិកម្ម មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃគម្រោង និងផ្ទៃដីនៃគម្រោងវិនិយោគដាំឬស្សីនោះទេ។
ក្រសួងកសិកម្ម មានផែនការដាំដុះឫស្សី នៅខេត្តចំនួន៩ រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង និងកោះកុង។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី៕
Tag:
កសិកម្ម
កម្ពុជា
មាឡេស៊ី
ឧស្សាហកម្មឫស្សី
© រក្សាសិទ្ធិដោយ thmeythmey.com