ជាតិ
សង្គមជាតិ
ក្រុមប្រឹក្សាអ្នកច្បាប់ មានសមាសភាពដឹកនាំ៤៥រូប និងទីប្រឹក្សា១០រូប លោក ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់កម្ពុជា
× តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រី ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យមួយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីបញ្ចប់សមាសភាពក្រុមប្រឹក្សាអ្នកច្បាប់ក្នុងអាណត្តិមុន ហើយតែងតាំងសមាសភាពថ្មី សម្រាប់អាណត្តិទី៦នេះ។
យោងតាមព្រះរាជក្រឹត្យ សមាសភាពថ្មីនៃក្រុមប្រឹក្សាអ្នកច្បាប់ មានលោក ប៊ិន ឈិន ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងអមដោយអនុប្រធាន៧រូប រួមមាន លោក គី តិច លោក ទួន ស៊ីផាន់ លោក សុក ផេង លោក អ៊ឹម ស៊ីថុល លោក ស៊ា ម៉ៅ លោក ហែម ក្រាញ់តូនី និង លោក លី ច័ន្ទតុលា ហើយ៣៦រូបទៀត ជាសមាជិក។
ក្នុងចំណោម អនុប្រធានទាំង៧រូប មានតែលោក គី តិចទេ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ឯ៦រូបទៀត មានឋានៈស្មើរដ្ឋមន្ត្រី។ ចំណែកសមាជិកទាំង៣៧រូប មាន១រូប គឺ លោក លីវ សុវណ្ណា មានឋានៈស្មើរដ្ឋមន្ត្រី ១៥រូប មានឋានៈស្មើរដ្ឋលេខាធិការ ១៨រូប មានឋានៈស្មើអនុរដ្ឋលេខាធិការ និង២រូប មានឋានៈស្មើអគ្គនាយក។
ជាការកត់សម្គាល់ លោក សួន វិសាល ដែលជាប្រធានគណៈមេធាវីកម្ពុជា ក៏ត្រូវបានតែងតាំងជាសមាជិកនៃក្រុមប្រឹក្សាអ្នកច្បាប់នេះដែរ។
ក្រៅពីសមាសភាពទាំង៤៥រូបនៃក្រុមប្រឹក្សាអ្នកច្បាប់ ព្រះរាជក្រឹត្យ ក៏មានតែងតែងបណ្តុំមនុស្សមួយក្រុមទៀតដែរ ដែលហៅថា ទីប្រឹក្សានៃក្រុមប្រឹក្សាអ្នកច្បាប់។ ទីប្រឹក្សានៃក្រុមប្រឹក្សាអ្នកច្បាប់ មាន១0រូប គឺលោក ហេង វង្សប៊ុនឆាត លោក សំ សុខផល អ្នកស្រី លី វូចឡេង លោក ឆេង សារឿន លោក ឡាំ ជា លោក ស៊ុយ ម៉ុងលាង លោក ជីវ សុងហាក់ លោក ឈិត បូរ៉ាវុធ លោក នាវ ស៊ីថុង និង លោក ប៊ុន ហ៊ុន។
ជាទីប្រឹក្សានៃក្រុមប្រឹក្សាអ្នកច្បាប់ លោក ហេង វង្សប៊ុនឆាត មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ហើយលោក សំ សុខផល និង អ្នកស្រី លី វូចឡេង មានឋានៈស្មើទេសរដ្ឋមន្ត្រី ឯក្រៅពីនេះ មានឋានៈស្មើរដ្ឋមន្ត្រី។
ចំពោះលោក អ៊ឹម ស៊ីថុល ជាអនុប្រធានផង និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអ្នកច្បាប់នេះផង។ ចំណែកលោក ប៉ិច ណាវី ជាអគ្គលេខាធិការរង។ មនុស្សទាំងអស់ក្នុងស្ថាប័ននេះ មាន៥៦រូប៕
Tag:
ក្រុមប្រឹក្សាអ្នកច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com