ជាតិ
សង្គមជាតិ
​ខ្មែរ​៤​នាក់ រងរបួស ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ម៉ាលី​
14, Nov 2018 , 10:12 am        
រូបភាព
ទីតាំងដែល​រងការប្រហារនៅក្បែរ​ទីស្នាក់ការ UN ក្នុងក្រុង Gao ប្រទេសម៉ាលី។ រូបថត AFP
ទីតាំងដែល​រងការប្រហារនៅក្បែរ​ទីស្នាក់ការ UN ក្នុងក្រុង Gao ប្រទេសម៉ាលី។ រូបថត AFP
ដោយ: ថ្មីៗ
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា បានប្រកាសថា ពលរដ្ឋ​ខ្មែរ​៤​នាក់ ដែល​បម្រើ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ បាន​រងរបួស​ក្នុង​ហេតុការណ៍​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​ធ្វើអត្តឃាត ដែល​បង្កដោយ​ក្រុម​ភេរ​វករ នៅ​ប្រទេស​ម៉ាលី កាលពី​យប់​ម៉ោង​៧​និង​១២​នាទី នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រូវ​នឹង​ពេលព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​កម្ពុជា​។


 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ លោក ឈុំ សុជាត​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បា​នអះអាងថា ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់​នោះ មាន​ម្នាក់​រងរបួស​ធ្ងន់ ហើយ​៣​នាក់​ទៀត រងរបួស​ស្រាល​។ អ្នកនាំពាក្យ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​រហូតមកដល់​ពេលនេះ ពលរដ្ឋ​ខ្មែរ ដែល​រងរបួស ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហើយ​»​។ 

បន្ថែមពីលើសេចក្តីប្រកាសព័ត៌មាន លោក ឈុំ សុជាត បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«ខ្ញុំមិនច្បាស់ទេ តែតាមដឹង ពួកគាត់ទាំង៤នាក់ហ្នឹង ជាអ្នកបកប្រែ និងអ្នកខ្លះជាអ្នកបើកឡានឲ្យអង្គការសហប្រជាជាតិ»។ 
 
​អ្នកនាំពាក្យ បន្តថា ចំពោះ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​រក្សា​សន្តិភាព​នៅ​ទីនោះ ពុំមាន​ត្រូវរបួស​ឡើយ​។ អ្នកនាំពាក្យ បានលើកឡើង​ពី​ហេតុការណ៍​នោះ​ថា មានក្រុម​ភេរ​វករ បាន​បើករថយន្ត​មួយ ចូលទៅ​បំផ្ទុះក្នុង​ទីតាំង​ស្នាក់នៅ​របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​ហ្កា​វ ប្រទេស​ម៉ាលី​។ 
 
​ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​ភេរវ​ករ​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង ហើយ​ជនជាតិ​ម៉ាលី​២​នាក់ ក៏បាន​ស្លាប់​ដែរ និង​១០​នាក់​ទៀត បាន​រង​របួស ជាមួយ​ពលរដ្ឋ​កម្ពុជា​ខាងលើ​៕ 
 
 

Tag:
 មាលី​
  ភេរវកម្ម​
  ទ័ព​មួក​ខៀវ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com