ពីនេះ ពីនោះ
ក្រៅពី​មច្ឆជាតិ​ជាច្រើន​រយ​ប្រភេទ ទន្លេមេគង្គ​កម្ពុជា មាន​ទូកង «​កម្ពោជិក​បុត្តា​ខេមរា​តរី​» បានបង្ហាញ​ពី​ភាព​អស្ចារ្យ​របស់ខ្លួន ទៅកាន់​ពិភពលោក​
14, Nov 2018 , 8:59 pm        
រូបភាព
​ទូកង «​កម្ពោជិក​បុត្តា​ខេមរា​តរី​»   រូបភាព​៖ ឈុត ឈា​ណា
​ទូកង «​កម្ពោជិក​បុត្តា​ខេមរា​តរី​» រូបភាព​៖ ឈុត ឈា​ណា
ដោយ:
​ទន្លេមេគង្គ ជា​ទន្លេ​វែង​មួយ ឆ្លងកាត់​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​វែង​ជាងគេ​ចំណាត់​លេខ ១២​នៅលើ​ពិភពលោក និង​មាន​ចំណាត់ថ្នាក់​ទី​៧ នៅក្នុង​តំបន់​អាស៊ី​។ ទ​ន្ល​នេះ មាន​ប្រវែង​សរុប ៤៣៥០​គីឡូម៉ែត្រ ដែលមាន​ប្រភពពី​តំបន់​ខ្ពង់រាប​ទី​បេ ហូរ​ឆ្លងកាត់ ខេត្ត​យូ​ណាន ប្រទេស​ចិន ភូមា ឡាវ ថៃ កម្ពុជា និង​ចុងក្រោយ​ចូលទៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្នុងប្រទេស​វៀតណាម រួច​ហូរ​ចាក់​ទៅ​សមុទ្រ​ចិន​ខាងត្បូង​។ ទន្លេ​នេះ ជា​ជម្រក​របស់​មច្ឆជាតិ​ជាង ៨០០​ប្រភេទ​។​

 
​នៅក្នុង​ប្រទេស​កម្ពុជា ទន្លេមេគង្គ មាន​ប្រវែង​ជាង ៥០០ គីឡូម៉ែត្រ ដែលជា​ជម្រក​របស់​ម្ឆ​ជាតិ ប្រមាណ​ជាង ៤០០ ប្រភេទ នេះ​បើ​យោង​លើ​ការស្រាវជ្រាវ​ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១៣ របស់ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​។ ប្រជាជន​កម្ពុជា​ភាគច្រើន ទទួលបាន​ប្រភព​ប្រូតេអ៊ីន​ពីសា​ច់​ត្រី​ទន្លេមេគង្គ​កម្ពុជា ជាពិសេស​ត្រី​រៀល​។ ទន្លេមេគង្គ​កម្ពុជា ក៏​ជាទី​ជម្រក​របស់​ត្រី​ទឹកសាប ដែលមាន​ទំហំ​ដងខ្លួន​ធំ​បំផុត​នៅក្នុង​ពិភពលោក មាន​ទម្ងន់​រហូតដល់​រាប់​គីឡូក្រាម និង​ជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ពីលើ​ផែនដី​យើង​ផងដែរ​នោះ ឧទាហរណ៍​ដូចជា​៖ ត្រី​គល់រាំង ត្រី​រាជ ត្រី​បបែល​យក្ស ត្រី​ពោ​ព្រុយ​។​ល​។ 


​ទូកង «​កម្ពោជិក​បុត្តា​ខេមរា​តរី​» នៅក្នុង​ទន្លេមេគង្គ ក្បែរ​ស្ពាន​អ្នក​លឿង​។ រូបភាព​៖ ឈុត ឈា​ណា ។​
 
​មិនតែប៉ុណ្ណោះ ថ្មីៗ​នេះ មាន​ព្រឹត្តិការណ៍​ភ្ញាក់ផ្អើល​ដល់​ពិភពលោក​មួយទៀត នៅក្នុង​ទន្លេមេគង្គ​កម្ពុជា គឺ​ទូកង ដែល​វែង​ជាងគេ​លើ​ពិភពលោក បាន​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ទូកង វែង​ជាងគេ​លើ​ពិភពលោក របស់ World Guinness Record កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តំបន់​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត «​អតីត​កំពង់​សាឡាង​អ្នក​លឿង​» ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ទូកង​នេះ​ឈ្មោះ «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​មានន័យថា «​កូន​ខ្មែរ រស់នៅក្នុង​ដែនដី​កម្ពុជា​» ត្រូវបាន​ចូលរួម​កសាងឡើង​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ចំនួន​១៤,២៦៣ នាក់ «​មួយ​ម៉ឺន បួន​ពាន់ ពីរ​រយ ហុកសិប​បី​» និង​ប្រើ​អស់​រយៈពេល ១៩២​ថ្ងៃ​។ ទូកង «​កម្ពោជិក​បុត្តា​ខេមរា​តរី​» មាន​ប្រវែង ៨៧,៣ ម៉ែត្រ មាន​ទទឹង​១,៩៤​ម៉ែត្រ ជម្រៅ​០,៨០​ម៉ែត្រ ប្រើ​ឈើ​គគីរ​អស់​ចំនួន ៦​ដើម ដែលមាន​ចំណុះ​ទូក ១៧៩​នាក់​។​
 
​ទូកង គឺជា​មធ្យោបាយ​ក្នុងការ​ធ្វើសឹក​សង្គ្រាម​ក្នុងសម័យ​បុរាណ ដើម្បី​ការពារ​បូរណភាព​ទឹកដី ជាពិសេស ព្រះបាទ​ជ័យ​វ​រ្ម័​យ​ទី​៧ ដែលជា​ព្រះរាជា​ដ៏​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com