ជាតិ
ដេប៉ូប្រេង១កន្លែងនៅក្រុងតាខ្មៅ ត្រូវកសាងសំណុំរឿងទៅតុលាការ
× កណ្ដាល៖ បន្ទាប់ពីរកឃើញកំហុសជាលើកទី២ ដេប៉ូប្រេងឥន្ធនៈមួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានកាំកុងត្រូលកសាងសំណុំរឿងទៅតុលាការ។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី១៦ខែវិច្ឆិកា។
មន្ត្រីកាំកុងត្រូល នៅថ្ងៃទី១៥ខែវិច្ឆិកា បានត្រួតពិនិត្យជាលើកទី២ នៅដេប៉ូប្រេងឥន្ធនៈតេលា រស្មី ពិសី និងបានរកឃើញកំហុសជាថ្មីម្ដងទៀត។ ការត្រួតពិនិត្យ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលនេះ បានឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីច្បាប់ចំពោះដេប៉ូមួយនេះ។
ដេប៉ូប្រេង រស្មី ពិសី នេះស្ថិតបណ្ដោយផ្លូវលេខ២១ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលត្រូវបានរកឃើញថាមិនមានអនុលោមភាពទាំងគុណភាព និងបរិមាណ។
អគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ដូច្នេះថា៖«យោងតាមលទ្ធផលត្រួតពិនិត្យឃើញភាពមិនប្រក្រតីជាលើកទី២ ដោយម្ចាស់ដេប៉ូពុំអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ដែលតម្រូវឲ្យម្ចាស់ដេប៉ូចុះកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីកាលពីរកឃើញលើកទី១ ទើបមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្ត និងផ្ដន្ទាទោសតាមនីតិវិធីច្បាប់»៕
© រក្សាសិទ្ធិដោយ thmeythmey.com