ខ្មែរ​ក្រហម
ជាតិ
ជប៉ុន ស្វាគមន៍​ការកាត់ទោស នួន ជា និង ខៀវ សំផន
16, Nov 2018 , 3:48 pm        
រូបភាព
លោក Takeshi Osuga អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន។ រូបពី UN
លោក Takeshi Osuga អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន។ រូបពី UN
ដោយ: ថ្មីៗ
​លោក Takeshi Osuga អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន បាន​សេចក្តីថ្លែងការណ៍​ភ្លាម ដើម្បី​ស្វាគមន៍​ចំពោះ​ការ​ទោស​លោក នួន ជា អតីត​អនុ​លេខា​បក្ស និង លោក ខៀវ សំផន ប្រមុខរដ្ឋ​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​។ លោក បានចាត់ទុក ការសម្រេច​នេះ ថា​ជា​សមិទ្ធផល​បន្ថែម​រប​ស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​តុលាការ​ខ្មែរក្រហម​)  ដែល​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០១៦​។


 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​ក្រោយពី​តុលាការ​ខ្មែរក្រហម ប្រកាស​សាលក្រម អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន បាន​លើកឡើងថា ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម គឺជា​ជំហាន ឆ្ពោះទៅរក​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា ហើយក៏​ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការផ្តល់​យុត្តិធម៌ [​ដល់​ជនរងគ្រោះ​]  និង ការពង្រឹង​នូវ​នីតិរដ្ឋ​។ 
 
«​ជប៉ុន សង្ឃឹម​យ៉ាង​មុតមាំ​ថា ការបន្ត​ដំណើរការ​លើ​សំណុំរឿង ដែល​នៅសល់ នឹងត្រូវ​ធ្វើឡើង​យ៉ាង​ឆាប់រហ័ស ហើយ​បេសកកម្ម​នេះ នឹងត្រូវ​បានបញ្ចប់​ដោយ​ជោគជ័យ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ការបទេស​ជប៉ុន ក្នុង​សេចក្តីថ្លែងការណ៍​។ ជប៉ុន គឺជា​ប្រទេសមួយ ដែល​បាន​ផ្តល់ជំនួយ​ក្នុង​ដំណើរការ​នៃ​តុលាការ​ខ្មែរក្រហម​។​
 
​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ តុលាការ​ខ្មែរក្រហម បាន​បើកសវនាការ​ប្រកាស​ក្រម ឲ្យ​លោក នួន ជា និង លោក ខៀវ សំផន ជាប់ពន្ធនាគារ​មួយជីវិត ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ក្នុង​សំណុំរឿង ០០២/០២​។ 
 
​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​លោក នួន ជា និង លោក ខៀវ សំផន ត្រូវបាន​កាត់ទោស​។ លើកទីមួយ តុលាការ​ខ្មែរក្រហម ក៏បាន​កាត់ទោស​ពួកលោក ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​ដែរ កាលពី​ឆ្នាំ​២០១៤ ក្នុង​សំណុំរឿង​០០២/០១ ក្រោម​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ដោយសារ​ការជម្លៀស​ប្រជាជន និង អំពើ​ឃាតកម្ម​៕
 

Tag:
 ខ្មែរក្រហម​
  នួន ជា​
  ខៀវ សំផន​
© រក្សាសិទ្ធិដោយ thmeythmey.com