ជាតិ
កូន​ព្យុះ តូ​រ៉ា​ហ្គី អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ខ្លាំង​នៅ​កំពត តាកែវ កំពង់ស្ពឺ និង​បណ្តា​ខេត្ត​ផ្សេងទៀត​
18, Nov 2018 , 11:33 am        
រូបភាព
ទឹកជំនន់កន្លងមកនៅ​ខេត្តតាកែវ។ រូបថត AFP
ទឹកជំនន់កន្លងមកនៅ​ខេត្តតាកែវ។ រូបថត AFP
​ខេត្តកំពត តាកែវ និង​កំពង់ស្ពឺ នឹងមាន​ភ្លៀង​ធា្ល​ក់​ខ្លាំង ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨-២០​វិច្ឆិកា​។ ក្នុង​រយៈ​ដូចគ្នានេះ ក្រៅពី​កំពត តំបន់​ជាប់​សមុទ្រ​ផ្សេងទៀត ក៏មាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង ជាមួយ​រលក​សមុទ្រ​កម្ពស់​ខ្ពស់ៗ ផងដែរ​។  នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃទី​១៨ ខែវិច្ឆិកា​។

 
​ភ្លៀង​ធា្ល​ក់​ខ្លាំង​បែបនេះ ដោយសារ កម្ពុជា​ទទួលរង​កូន​ព្យុះ​ទី​២៧  ឈ្មោះ តូ​រ៉ា​ហ្គី (Toragi) ដែល​នឹង​ធ្វើដំណើរ​ឆ្លងកាត់​លើ​ភាគខាងត្បូង​ប្រទេស​កម្ពុជា មុននឹង​ថយឥទ្ធិពល​ជា​វិ​សម្ពាធ​វិញ នៅ​ថ្ងៃទី​១៩​វិច្ឆិកា​។  ព្យុះ​នេះ បាន​វិវត្តន៍​ខ្លួន​ពី​វិ​សម្ពាធ​ទាប នៅលើ​សមុទ្រ​ភាគខាងត្បូង និង​កំពុងស្ថិត​នៅក្បែរ​ឆ្នេរ​ភាគ​អាគ្នេយ៍ ប្រទេស​វៀតណាម​។ 
 
​ស្ថានភាព​បែបនេះ ក្រៅពី​តំបន់​មាត់សមុទ្រ ជាពិសេស​ខេត្តកំពត រួមទាំង​ខេត្តតាកែវ និង​កំពង់ស្ពឺ  រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម  ព្រៃវែង​, ស្វាយរៀង កណ្តាល កំពង់ឆ្នាំង នឹងមាន​ភ្លៀង​ធា្ល​ក់​ពី​មធ្យម​ទៅ​ច្រើន និង​បណ្តា​ខេត្ត​មួយចំនួនទៀត មាន​ភ្លៀង​ធា្ល​ក់​ពី​តិច ទៅ​មធ្យម ។​
 
​ក្រសួង​ធនធានទឹក បាន​ផ្តាំ​ដល់​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​មាត់សមុទ្រ​ទាំងអស់ បង្កើន​ការ​ប្រុង​ប​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​ពី​គ្រោះ​ថា្នក់​ផ្សេងៗ ដែល​អាច​បង្កឡើង​ជាយ​ថា​ហេតុ​៕ 
 

Tag:
 ព្យុះ​
  ភ្លៀង​
  ជំនន់​
  កំពត​
  តាកែវ​
  កំពង់ស្ពឺ​
  តំបន់​មាត់សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com