ពីនេះ ពីនោះ
«ក្របីព្រៃ» មានរាងដូច «ក្របីស្រុក» តែវារហ័សរហួន និងឆាប់ខឹងជាង
19, Nov 2018 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
«ក្របីព្រៃ» មានរាងដូចទៅនឹង«ក្របីស្រុក»ដែរ ប៉ុន្តែ«ក្របីព្រៃ» រហ័សរហួន និងឆាប់ក្រេវក្រោធជាង។ «ក្របីព្រៃ» ជាប្រភេទសត្វកម្រ វាមានចំនួនតិចតួចបំផុត ដែលសេសសល់នៅកម្ពុជា ហើយវត្តមា នរបស់វាមានតែនៅខេត្តមណ្ឌលគិរី, ព្រះវិហារ និងខេត្តរតនគីរី។ ក្រៅពីកម្ពុជា «ក្របីព្រៃ» មាននៅប្រទេសឥណ្ឌា និងនេប៉ាល់ផងដែរ។ «ក្របីព្រៃ» ស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងជាប្រភេទកំពុងតែរងគ្រោះថ្នាក់ជិតផុតពូជជាសកល ដែលត្រូវបានចុះបញ្ជីក្រហម IUCN។



បើតាមសៀវភៅថនិកសត្វកម្ពុជា «ក្របីព្រៃ» ចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅក្បែរទឹក វាពុំចូលចិត្តព្រៃស្រោងទេ។ «ក្របីព្រៃ» រស់នៅជាហ្វូង ហើយចេញទៅរកស៊ីនៅពេលព្រឹកព្រលឹម និងល្ងាច វាទំពារអៀងនៅពេលដេក ឬពេលដែលត្រាំទឹក។ សត្វប្រភេទនេះ ប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារការបាត់ទីជម្រក, ការរាំងស្ងួតនៃទីជម្រក និងការបរបាញ់។ 
 
ក្របីញីដោយឈ្មោលនៅអំឡុងខែតុលា រហូតដល់ខែវិច្ឆិកា និងបង្កើតកូន១ បន្ទាប់ពីបានពរពោះរយៈពេ ល ១០ខែ។ «ក្របីព្រៃ» មានរាងដូចទៅនឹង«ក្របីស្រុក»ដែរ ប៉ុន្តែ«ក្របីព្រៃ»មានភាពរហ័សរហួនជាង និងឆាប់ក្រេវក្រោធ។ «ក្របីព្រៃ»  មានទម្ងន់ពី៧០០-១២០០គីឡូក្រាម ហើយមានពណ៌ប្រផេះ ឬត្នោតខ្មៅ ក្របីឈ្មោលមានកម្ពស់រហូត ដល់ ២ម៉ែត្រ។ នៅខាងក្រោមកវាមានពណ៌ស រាងជាងអក្សរ (V)។ ស្នែងទាំងពីររបស់វាមានរាង សំប៉ែត គន្លាក់ៗបត់ទៅក្រោយ ហើយស្នែងរបស់វាមានគម្លាតធំជាងក្របីស្រុក។
 
ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 

Tag:
 ក្របីព្រៃ
  ថនិកសត្វ
  កម្ពុជា
  មណ្ឌលគិរី
  រតនគិរី
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com