ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានហាមរថយន្តធុនធំគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ុម៉ក ចរាចរក្នុងរាជធានីភ្នំពេញ នាឱកាសប្រារព្ធពិធីបុណ្យអុំទូក ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ ការហាមនេះ នឹងអនុវត្តន៍ឡើងចាប់ពីថ្ងៃទី២០-២៤វិច្ឆិកា។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦វិច្ឆិកា រថយន្តធុនធំ រថយន្តដឹកទំនិញ និងម៉ូតូសណ្តោងរ៉ុម៉ក ដែលធ្វើចរាចរតាមជាតិលេខមួយចំនួន ឆ្លងកាត់ភ្នំពេញ ត្រូវបានហាម ឬបង្វែរទិសផ្សេង និងចូលចតនៅកន្លែងណាមួយ។
សម្រាប់ការដំណើរធ្វើតាមជាតិលេខ១ត្រូវចតក្នុងបរិវេណវត្តនិរោធរង្សី និងចតផ្សារច្បារអំពៅ និងចតតាមបណ្តាយផ្លូវ៣៦៩។
ផ្លូវជាតិលេខ២ ត្រូវចូលចតចំណតចាក់អង្រែក្រោម ក្នុងបរិវេណអនុវិទ្យាល័យចាក់អង្រែ និងផ្លូវជាតិលេខ៣-៤ ដែលត្រូវឆ្លងកាត់រាជធានីភ្នំពេញ ទៅខេត្តភាគពាយ័ព្យ និងឦសាន ត្រូវធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវ ទៅផ្លូវជាតិលេខ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ។ រថយន្តធុនធំ និងរថយន្តដឹកទំនិញ ចតនៅចោមចៅ។ ដោយឡែក រថយន្ត និងម៉ូតូសណ្តោងរ៉ុម៉ក ត្រូវចតមិនឲ្យហួសស្តុបណតប្រ៊ីតឡើយ។
សម្រាប់រថយន្តធុនធំ ធ្វើដំណើរផ្លូវជាតិលេខ៥ ត្រូវបង្វែរទិសធ្វើដំណើរតាមទំបន់កប់ស្រូវ ឬចតនៅរថយន្តនៅគីឡូម៉ែត្រលេខ៩។ រថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ុម៉ក ត្រូវចតនៅសាលាដែក។
រថយន្តធុនធំ ធ្វើដំណើរផ្លូវជាតិលេខ៦ ត្រូវបង្វែរទិសធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅ តាមផ្លូវទំនប់កប់ស្រូវ ឬចតរថយន្តនៅព្រែកលៀប។ រថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ុម៉ក ចតនៅទីតាំងតំបន់អភិវឌ្ឍOCIC។
រថយន្តធុនធំ ធ្វើដំណើរតាមផ្លូវលេខ២៧១, ៣៧១ ត្រូវចតនៅខាងត្បូងស្ពានម័ល និងរថយន្ត និងម៉ូតូសណ្តោងរ៉ុម៉ក ដឹកអ្នកដំណើរចូលរួមពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក ត្រូវឈប់នៅច្រមុះជ្រូកក្បាលថ្នល់ និងចតតាមបណ្តាយផ្លូវ៦០ម៉ែត្រ។ រថយន្តធុនធំ និងម៉ូតូសណ្តោងរ៉ុម៉កគ្រប់ប្រភេទ ធ្វើដំណើរពីចោមចៅ ចូលតាមមហាវថីសម្តេចមុនីរ៉េត ត្រូវចតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ។
ចំពោះរថយន្ត ម៉ូតូសណ្តោងរ៉ុម៉ក ដឹកអ្នកដំណើរចូលពិធីបុណ្យអុំទូក តាមផ្លូវ៥៩៨ និងមហាវិថីឧញ្ញ៉ា ម៉ុង ឬទ្ធី ត្រូវបង្វែរចូលតាមផ្លូវតូចៗ មិនឲ្យចូលហួសមហាវិថី គីម អ៊ិលស៊ុង និងចតនៅបឹងកក់។
ការបង្វែរទិសចរាចរ និងចំណតយានយន្ត ខាងលើ នឹងមានការចូលអនុវត្ត៍ដោយ ស្នងការនគរបាល និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ មន្ទីរជុំវិញសាលារាជធានីភ្នំពេញ និងអាជ្ញាពាក់ព័ន្ធ។ នេះបើសេចក្តីជូនដំណឹងខាងលើ៕