អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទស្សនកិច្ច​របស់លោក ស៊ី មក​ហ្វីលីពីន ហ៊ុមព័ទ្ធ​ដោយ​ការចោទប្រកាន់​រឿង«​ការទូត​អន្ទាក់​បំណុល​»
20, Nov 2018 , 8:19 pm        
រូបភាព
​ចាក​ចេញពី​ព្រុយ​ណេ លោក ស៊ី ជិន​ភីង បាន​បន្តដំណើរ​មកកាន់​ក្រុង​ម៉ានីល​ទៀត​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​។ វត្តមាន​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រមុខរដ្ឋ​ចិន​នៅ​ហ្វីលីពីន​ជា​លើកដំបូង​ក្នុង​រយៈពេល ១៣​ឆ្នាំនេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការលូតលាស់​នៃ​ទំនាក់ទំនង​ទ្វេភាគី​ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​។ ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធ​ពេញ​ចិត្តនឹង​ទំនាក់ទំនង​ស្អិតល្មួត​នេះឡើយ​។ រឿងចម្រូងចម្រាស​ជាងគេ​ក្នុង​ទស្សនកិច្ច​នេះ​គឺ កិច្ចព្រមព្រៀង​បើកផ្លូវ​ឲ្យ​មានការ​រុករក​ប្រេង​និង​ឧស្ម័ន​នៅ​សមុទ្រ​ចិន​ខាងត្បូង​រួមគ្នា​នឹងត្រូវ​ចុះហត្ថលេខា ខណៈដែល​ចិន​រង​ការទិតៀន​និង​ចោទប្រកាន់​ទៀត​ជុំវិញ​ការអនុវត្ត​នយោបាយ​ការទូត​អន្ទាក់​បំណុល​។


 
​យន្តហោះ​លោក ស៊ី ជិន​ភីង បាន​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Ninoy Aquino នា​រដ្ឋធានី​ម៉ានីល​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ២០ ខែវិច្ឆិកា​នេះ​។ កម្រាលព្រំ​ក្រហមឆ្អៅ​ក្រាល​ចាំ​ស្វាគមន៍​ប្រមុខរដ្ឋ​ចិន​ដំបូង​គេ​ដែល​មក​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ក្នុង​រយៈពេល ១៣​ឆ្នាំ​ចុង​ក្រោយនេះ​។ ពោលគឺ រាប់​ពី​ទស្សនកិច្ច​របស់លោក ហ៊ូ ជិន​តាវ ឆ្នាំ ២០០៥ មក​។ 
 
​គេ​ឃើញ​មាន​វត្តមាន​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហ្វី​លី​ពី​លោក Carlos Dominguez និង​រដ្ឋមន្ត្រីការបរទេស​Teddy Boy Locsin នៅចាំ​ស្វាគមន៍​លោក ស៊ី ជិន​ភីង នៅ​ព្រលានយន្តហោះ​រួមជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ហ្វីល​ពី​ន Zhao Jianhua  និង​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​ចិន Jose Santiago “Chito” Sta ផង​។ 
 
​យ៉ាងណាមិញ ក្រៅពី​ការស្វាគមន៍ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រជាពលរដ្ឋ​ហ្វីលីពីន​ច្រើន​រយ​នាក់​ដែរ​បានមក​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​ស្ថានទូត​ចិន​ប្រចាំ​ហ្វីលីពីន​ដើម្បី​បង្ហាញ​ការជំទាស់​ចំពោះ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ចិន និង​ហ្វីលីពីន​ដែរ​។ 
 
 លោក ស៊ី ជិន​ភីង ត្រូវ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ជាច្រើន​ផង​។ ក្រុង​ម៉ានីល​រំពឹង​ឃើញ​កិច្ចព្រមព្រៀង​ផ្តោតលើ​គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ធំៗ​នឹងត្រូវ​ចុះ​រួមគ្នា​តប​តាម​ការសន្យា​របស់​ចិន​ពេលដែល​លោក ឌូ​ទើ​តេ បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ​កាលពី​ពីរ​ឆ្នាំមុន​។ 


 
​គេ​រំពឹង​ដែរ​ថា កិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស​មួយ​ដែល​ភាគី​ទាំងពីរ​នឹង​ចុះ​រួមគ្នា​នេះ​គឺ ក្របខណ្ឌ​សម្រាប់​ការ​រុក​រុក​ធនធាន​ប្រេង​និង​ឧស្ម័ន​រួមគ្នា​។ តាមពិតទៅ កិច្ចព្រមព្រៀង​រុករក​ប្រេង​និង​ឧស្ម័ន​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង ឬ​សមុទ្រ​ហ្វីលីពីន​ខាងលិច​ជា​រឿងចម្រូងចម្រាស​ជាងគេ ដ្បិតថា អ្នក​រិះគន់​ចាត់ទុក​ការសម្រេច​របស់លោក ឌូ​ទើ​តេ ជាស​កម្ម​ភាពផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​។ 
 
​បើតាម CNN Philippines សមាជិក​ព្រឹទ្ធសភា​មួយចំនួន​បាននាំគ្នា​ដាក់​ញ្ញត្តិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​នេះ​ឲ្យ​សាធារណជន​ហ្វីលីពីន​បានឃើញ​ផងដែរ ដែល​នេះ​ជាការ​ធានា​តម្លាភាព និង​ភាពត្រឹមត្រូវ​មុននឹង​កិច្ចព្រមព្រៀង​នេះ​ត្រូវ​ចុះហត្ថលេខា​ជា​ផ្លូវការ​។​
 
​សមាជិក​ព្រឹទ្ធសភា​ទាំង​នោះបាន​ចោទប្រកាន់​ផងដែរ​ថា  ចិន​ក៏មាន​ត្រៀម​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ដែរ ដោយ​វា​ចែងថា រាល់​ការរុករក អភិវឌ្ឍន៍ និង​ប្រើប្រាស់​ធនធាន​នឹងត្រូវ​សម្រេច​ដោយ​ហ្វីលីពីន និង​ចិន​។ ប៉ុន្តែ​ចំណុច​នេះ​បំពាន​រដ្ឋធម្មនុញ្ញ​ហ្វីល​ពី​ន ដ្បិតថា​ចំណុច​នេះ​កំណត់​ពី​សហកម្មសិទ្ធិ​រវាង​ចិន​និង​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ហ្វីលីពីន​ខាងលិច​។​
 
​ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក Benigno Aquino ហ្វីលីពីន​ហ៊ាន​យក​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​ប្តឹង​ដល់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ឆ្នាំ ២០១៣ ដោយ​រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ​សម្អាង​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ ចិន​មិនបាន​ទទួលស្គាល់​ចេញ​សេចក្តីសម្រេច​របស់​តុលាការ ដែល​សម្រេច​ឲ្យ​ខ្លួន​ចាញ់ក្តី​ឡើយ​មកដល់​ពេលបច្ចុប្បន្ន​នេះ​។​
 
​ប៉ុន្តែ​អ្វីៗ​ប្រែប្រួល ចាប់ពី​លោក ឌូ​ទើ​តេ​ឡើងកាន់តំណែង​នៅ​ឆ្នាំ ២០១៦​។ ហ្វីលីពីន​បានសម្រេច​ប្តូរ​ជំហរ​នយោបាយ​ការបរទេស ៣៦០ ដឺ​ក្រេ​ដោយ​ងាក​ទៅ​ចងសម្ព័ន្ធ​ភាពជិតស្និទ្ធ​ជាមួយ​ក្រុង​ប៉េកាំង​។ ចំណែក​រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្តល់​កម្ចី និង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ដែរ​ជា​ថ្នូរ​នឹង​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ខ្លួន​នេះ​។ មិន​ត្រឹមតែ​ពង្រឹង​ទំនាក់ទំនង​ប៉ុណ្ណោះ​ទេ រដ្ឋាភិបាល​លោក ឌូ​ទើ​តេ លែង​លើកយក​សេចក្តីសម្រេច​តុលាការអន្តរជាតិ​ជុំវិញ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មក​ជជែក​ជាមួយ​ចិន​ទៀត ហើយក៏​យល់ព្រម​ឯកភាព​លើ​គម្រោង​ទាញ​ប្រយោជន៍​ពី​សមុទ្រ​ចិន​ខាងត្បូង​រួមគ្នា​នេះ​ទៀត​។​
 
-​ទស្សនកិច្ច​របស់លោក ស៊ី ហ៊ុមព័ទ្ធ​ដោយ​ការចោទប្រកាន់​ពី​«​នយោបាយ​ការទូត​អន្ទាក់​បំណុល​»
 
​ដោយឡែក វត្តមាន​ប្រមុខរដ្ឋ​ចិន​នៅ​ហ្វីលីពីន​ក៏​កើតឡើង ស្រប​ពេលដែល​មហាអំណាច​លេខ​មួយ​អាមេរិក និង​លេខ​ពីរ​ចិន​កំពុង​ប្រកួតប្រជែង​ឥទ្ធិពល​ឥត​ឈប់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ អាមេរិក និង​លោកខាងលិច​នាំគ្នា​ចោទប្រកាន់ថា ចិន​ប្រើប្រាស់​នយោបាយ​ការទូត​អន្ទាក់​បំណុល​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​កន្ល​ង​មកនេះ​។  
 
​អ្នក​រិះគន់​ខ្លះ​បាន​បន្ត​ព្រមាន​រដ្ឋាភិបាល​ហ្វីលីពីន​ដែរ ដោយ​អះអាងថា ហ្វីលីពីន​អាច​នឹង​ធ្លាក់​ផុង​ជ្រៅ​ក្នុង​បញ្ហា​បំណុល​នេះ ដោយសារ​រដ្ឋបាល​លោក ឌូ​ទើ​តេ ទទួល​កម្ចី និង​ជំនួយ​ច្រើនសន្ធឹក​សន្ធាប់​ពី​ក្រុង​ប៉េកាំង​ក្រោយ​ប្តូរ​ជំហរ​ការទូត​ដែរ​។ ពេល​លោក ឌូ​ទើ​តេ ទៅ​ទស្សនកិច្ច​នៅ​ចិន​កាលពី​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្តល់​កម្ចី និង​ជំនួយ​ប្រហែល ២៤​ពាន់​លាន​ដុល្លារ​ដល់​ហ្វីលីពីន​ឯណោះ​។  
 
​យ៉ាងណាក៏ដោយ មកដល់​បច្ចុប្បន្ន​កម្ចី​និង​ជំនួយ​ទាំងនោះ​ភាគតិច​ប៉ុណ្ណោះ​ដែល​បាន​ធ្លាក់​ដល់ដៃ​ហ្វីលីពីន​។  យោងតាម​ទូរទស្សន៍​ហ្វីលីពីន ABS-CBN ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ទំហំ​វិនិយោគ​របស់​ចិន​នៅ​ហ្វីលីពីន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​កម្ចី​ពី​ចិន​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មិនសូវមាន​ច្រើន​ឡើយ​។ 
 
​បើតាម​លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរ​ទេស​ចិន​ដែល​បានមក​ទស្សនកិច្ច​ហ្វីលីពីន​កាលពី​ខែ​មុន ទុនវិនិយោគ​ចិន​នៅ​ហ្វីលីពីន​កើន​ឡើងលើ​ប្រាំ​ដង​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ក្នុង​ឆ្នាំនេះ ហើយ​ឆ្នាំមុន​កើនឡើង ៦៧ ​ភាគរយ​ឯណោះ​។ ចំណែក​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង ១០​ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ​។ 
 
​ជុំវិញ​ការចោទប្រកាន់​ចិន​រឿង​ការទូត​អន្ទាក់​បំណុល​នេះ ស្ថិតនៅ​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​កាលពី​សប្តាហ៍​មុន លោក ស៊ី ជិន​ភីង ក៏បាន​ព្យាយាម​ការពារ​គំនិត​ផ្តួចផ្តើម​ចិន និង​គោលនយោបាយ​របស់​ចិន​ផងដែរ​។ លោក​បាន​អះអាងថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​មិនមែនជា​អន្ទាក់​ដូច​ការចោទប្រកាន់​នោះឡើយ​៕ 
 

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  ហ្វីលីពីន​
  ការទូត​បំណុល​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com