ជាតិ
សាសនា / ធម៌
សាមគ្គី ជាហេតុ​នាំមក​នូវ​សេចក្តីសុខ​និង​ការរីកចម្រើន​ទាំងពួង​
15, Dec 2018 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរួបរួម​គ្នា គឺជា​ហេតុ​នាំមក​នូវ​សេចក្តីសម្រេច​ទាំងឡាយ និង​ជា​កម្លាំង​ដ៏​ខ្លាំងក្លា ដែល​អាច​កសាង​សេចក្តីចម្រើន​លូតលាស់​គ្រប់​វិស័យ​។ សាមគ្គីភាព គឺជា​គោលការណ៍ ដែល​ជន​គ្រប់រូប គ្រប់​វណ្ណៈ​ក្នុងសង្គម​គប្បី​ឈ្វេងយល់ និង​យកចិត្តទុកដាក់ ហើយ​សហការគ្នា ដើម្បី​កសាង​នូវ​ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​



​បើ​សង្គម​ណា​ជួប​នូវ​ការបែកបាក់ ហើយ​ចង់​បង្រួបបង្រួម​ផ្សះផ្សា​គ្នា​ឡើងវិញ នោះ​ប្រជាពលរដ្ឋ​ក្នុងសង្គម​នោះ គប្បី​ដើរ​តាម​មាគ៌ា​ដែល​នាំមក​នូវ​សាមគ្គីភាព​។ មាគ៌ា​ឬ​គោល​ធម៌ ដែល​ត្រួស​ត្រាយផ្លូវ​នាំ​ឲ្យ​កើត​សាមគ្គីភាព មាន ៦​យ៉ាង​គឺ​៖
 
១. ចិត្ត​ប្រកបដោយ​មេត្តា​៖ បាន​ដល់​ការគិត​ល្អ សម្លឹង​មើលគ្នា​ក្នុង​ផ្លូវ​ល្អ មាន​ចេតនា​ល្អ និង​បំណងល្អ​ចំពោះ​គ្នា ស្រឡាញ់​រាប់អាន​គ្នា គិត​ជួយ​ស្ថាបនា​គ្នា ដោយ​មិន​ច្រណែន​ឫស្យា​ដាក់គ្នា មិន​គិត​ដោយ​អគតិ​ចំពោះ​គ្នា មិន​គិត​ព្យាបាទ​គ្នា មិន​ខឹង​គ្នា ចេះ​អភ័យទោស​ចំពោះ​គ្នា​។​
 
២. ការ​ពោល​ពាក្យ​ប្រកបដោយ​មេត្តា​៖ បាន​ដល់​ការនិយាយ​ល្អ​ចំពោះ​គ្នា និយាយ​គ្នា​ដោយ​សេចក្តីស្រឡាញ់​រាប់អាន ចេះ​ប្រើ​សម្តី​ឲ្យ​កម្លាំងចិត្ត​គ្នា​ក្នុង​គ្រា​ដែល​អ្នកដទៃ ជួប​សេចក្តី​ទុក្ខលំបាក និយាយ​ណែនាំ​ក្នុង​ផ្លូវ​ល្អ និង​មាន​ប្រយោជន៍ តែ​មិនត្រូវ​និយាយ​ជាន់ពន្លិច​បន្ថែម និង​មិន​និយាយដើម​ពីក្រោយ​ខ្នង ឬ​មិន​កុហក​បោកប្រាស់​។​
 
៣. ការប្រព្រឹត្ត​ប្រកបដោយ​មេត្តា​៖ បាន​ដល់​ការធ្វើ​ល្អ​ចំពោះ​គ្នា ជ្រោមជ្រែង​គ្នា​ខាង​កម្លាំង​ទ្រព្យ ឬ​កម្លាំងកាយ មាន​សេចក្តី​ឱនលំទោន​ចំពោះ​គ្នា ចេះ​គោរព​គ្នា ធ្វើ​ល្អ​ចំពោះ​គ្នា​រហូត ដោយ​មិនត្រូវ​បៀតបៀន​គ្នា និង​មិន​ធ្វើបាប​គ្នា​។​
 
៤. ការចែករំលែក​៖ បាន​ដល់​ការចែករំលែក​ភោគផល​ដល់​គ្នា​ដោយ​យុត្តិធម៌ មាន​សេចក្តី​ស្មើភាព​គ្នា អើពើ​គ្នា​ជានិច្ច ជួយ​អនុគ្រោះ​គ្នា ដោយ​មិនត្រូវ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន និង​មិន​យក​ប្រៀប​គ្នា​។​
 
៥. ការគោរព​ច្បាប់​និង​សិទ្ធិសេរីភាព​អ្នកដទៃ​៖ បាន​ដល់​ការ​បដិបត្តិ​តាមច្បាប់​របស់​រដ្ឋ បទបញ្ជា  ឬ បទ​វិន័យ​ផ្សេងៗ​របស់​ស្ថាប័ន និង​គោរព​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​គ្រប់រូប​។  
 
៦. ការបង្រួបបង្រួម​ទស្សនៈ​៖ បាន​ដល់ ការយល់ឃើញ​ស្របគ្នា គិត​ក្នុង​គោលដៅ​ដូចគ្នា សម្រួល​គំនិត​ឲ្យ​ត្រូវ​គ្នា ស្វែងរក​ចំណុចរួម និង​រក្សាទុក​ចំណុច​ផ្សេង​របស់​គ្នា​និង​គ្នា ដោយ​មិនគួរ​ប្រកាន់ខ្ជាប់​តែ​ការយល់ឃើញ​របស់ខ្លួន​ជាធំ តែ​ត្រូវ​ចេះ​ស្តាប់​មតិយោបល់​របស់​អ្នកដទៃ​។​
 
​គោល​ធម៌​ទាំង ៦​យ៉ាងនេះ អាចបង្កើត​ឲ្យ​មាន​សាមគ្គីភាព ស្ថិរភាព សុខសន្តិភាព  និង​វឌ្ឍនភាព​ទាំងពួង ក្នុងសង្គម​។ 
 
​ព្រះ​ជិនស្រី ទ្រង់​ត្រាស់​សម្តែង​ថា «​សាមគ្គី សាម​គ្គា​នំ ត​បោ សុខា​។ ការ​សាមគ្គី ជាហេតុ​នាំមក​នូវ​សេចក្តី​សុខ​»​។ ឯ​បុ​រា​ណា​ចា​រ្យ​ខ្មែរ បាន​ពោល​ទុក​ថា «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​»៕
 

Tag:
 សាមគ្គី​
  ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com