ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ថ្ងៃ​ពិសេស​! លោក រុន រិ​ទ្ធិ លក់​«​កណ្ដុរ​អាំង​» អស់​៥០​គីឡូក្រាម​បាន​ប្រាក់​៤០​ម៉ឺន​រៀល​
26, Nov 2018 , 2:21 pm        
រូបភាព
ដោយ:
​បាត់ដំបង​៖ រៀងរាល់​រដូវ​បុណ្យទាន លោក រុន រិ​ទ្ធិ អាច​លក់​«​កណ្ដុរ​អាំង​»​ដែល​លោក​អះ​អាង​ថា មាន​រសជាតិ​ឆ្ងាញ់​ដាច់​គេ​នោះ ក្នុង​មួយថ្ងៃ​អស់​៤០​ទៅ​៥០​គីឡូក្រាម ហើយ​អាច​រកចំណូលបាន​ពី​៣០​ម៉ឺន​រៀល​ទៅ​៤០​ម៉ឺន​រៀល​។ អតិថិជន​របស់​អាជីវ​ករ​វ័យ​៣៨​ឆ្នាំ​រូបនេះ ភាគច្រើន​ជា​អ្នករស់នៅ​ម្តុំ​ភូមិ​អូរ​តា​គី និង​អ្នកធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ កាត់​តាម​ស្ពាន​អូរ​តា​គី ដែល​ស្ថិ​ន​នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​



​សត្វ​កណ្ដុរ​អាំង ដែល​លោក រុន រិ​ទ្ធិ អះ​អាង​ថា មាន​រសជាតិ​ឆ្ងាញ​ដាច់​គេ​នោះ ដោយ​លោក​មាន​បច្ចេកទេស​ប្រឡាក់​គ្រឿង និង​អាំង​វា​ឲ្យ​ឆ្អិន​ក្រៀម​ល្អ ទើប​សាច់​របស់​វា​ស្រួយ និង​មាន​រសជាតិ​ឆ្ងាញ់​។ សត្វ​កណ្តុរ​ដែល​លោក រិ​ទ្ធិ ទិញ​ពី​អ្នករក​តាម​វាលស្រែ​នា​រដូវ​ច្រូតកាត់​នោះ ដាច់​កាន់តែច្រើន​នៅ​ថ្ងៃ​ពិសេស ពោលគឺ​នៅ​ថ្ងៃ​បុណ្យទាន ដែល​គេ​ធ្វើដំណើរ​ទៅលេង​ស្រុក និង​ទៅ​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗ ដែល​ត្រូវ​ឆ្លងតាម​បណ្ដោយផ្លូវជាតិ​លេខ​៥ នៅក្បែរ​ស្ពាន​អូរ​តា​គី តែងតែ​ឈប់​ចូល​ទិញ​កណ្តុរ​អាំង​នៅ​តូប​របស់លោក​។​



​លោក រុន រិ​ទ្ធិ បាន​ឲ្យ​ដឹងថា កណ្ដុរ​អាំង​នេះ​មាន​លក់​គ្រប់​រដូវ ប៉ុន្តែ មិនសូវ​លក់បាន​ថ្លៃ​ដូច​ខែ​បុណ្យទាន​ឡើយ​។ បុរស​វ័យ​៣៨​ឆ្នាំ​រូបនេះ អះ​អាង​យ៉ាង​ដូច្នេះ​ថា​៖ «​ពេល​មាន​បុណ្យទាន ខ្ញុំ​លក់បាន​ក្នុង​មួយថ្ងៃ​ពី​៤០​ទៅ​៥០​គីឡូក្រាម ឬ​អាច​ច្រើនជាង​នេះ ហើយ​បាន​ប្រាក់​ពី​៣០​ទៅ​៤០​ម៉ឺន​រៀល​។ ហើយ​ថ្ងៃ​ធម្មតា​ជាទូទៅ​ខ្ញុំ​លក់​អស់ពី​២០​ទៅ​៣០​គីឡូក្រាម​»​។ 



​កណ្តុរស្រែ​ដែល​អាជីវករ​រូបនេះ ទិញ​ពី​អ្នកភូមិ តម្លៃ​មួយ​គីឡូក្រាម​ពី​៤​ពាន់​រៀល​ទៅ​៥​ពាន់​រៀល ហើយ​ថ្ងៃបុណ្យ​អាច​ឡើងថ្លៃ​ដល់​៨ពាន់​រៀល​។ ក្រោយ​ចម្អិន​រួច កណ្តុរ​ធំ​មួយ​ក្បាល​មានតម្លៃ​៨ពាន់​រៀល និង​តូច​តម្លៃ​៣​ពាន់​រៀល​សម្រាប់​ថ្ងៃ​ធម្មតា រីឯ​នៅ​ថ្ងៃបុណ្យ​ទាន​វិញ កណ្តុរ​ធំ​មួយ​ក្បាល​តម្លៃ​១​ម៉ឺន​រៀល​ទៅ​១​ម៉ឺន​៥​ពាន់​រៀល ចំណែក​កណ្តុរ​តូច​មួយ​ក្បាល​មានតម្លៃ​៧​ពាន់​រៀល​ទៅ​៨​ពាន់​រៀល​។ លោក រុន រិ​ទ្ធិ បញ្ជាក់​ពី​តម្លៃ​សត្វ​កណ្តុរ​អាំង​យ៉ាង​ដូច្នេះ​។​



​មុខរបរ​លក់​កណ្ដុរ​អាំង​អស់​រយៈពេល​៣​ឆ្នាំ​របស់លោក រុន រិ​ទ្ធិ នៅតាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​៥ ក្បែរ​ស្ពាន​អូរ​តា​គី ដែល​ស្ថិតនៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​មកនេះ ផ្គង់ផ្គងជីវភាពនៅក្នុង​គ្រួសារដែលមានភរិយា និងកូនប្រុសម្នាក់អាយុ៧ឆ្នាំ បានកាន់តែប្រសើរ។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv



Tag:
 កណ្តុរ
  បាត់ដំបង
  ថ្មគោល
 
© រក្សាសិទ្ធិដោយ thmeythmey.com