រថយន្ត
អន្តរជាតិ
ក្រុមហ៊ុន Dyson ជ្រើសរើស​សិង្ហ​បុរី​ជាទី​តាំង​ផលិត​រថយន្ត​អគ្គិសនី​
26, Nov 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន Dyson ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានជ្រើសរើស​សិង្ហ​បុរី​ជាទី​តាំង​ផលិត​រថយន្ត​អគ្គិសនី​របស់ខ្លួន ដោយ​រំពឹងថា រថយន្ត​ដំបូង​នឹងត្រូវ​បង្ហាញ​វត្តមាន​នា​ឆ្នាំ​២០២១ ខាងមុខ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​

 
Dyson បាន​អះអាង​សិង្ហ​បុរី​ជា​ដែនដី​ដ៏​ថ្លៃ​បំផុត​ក្នុង​ការធ្វើ​អាជីវកម្ម ប៉ុន្តែ​ក្រុមហ៊ុន​មើលឃើញ​ពី​និរន្ត​ភាព​នៃ​សង្វាក់​ផលិតកម្ម ជាពិសេស​ទេពកោសល្យ​នៃ​ជំនាញ​វិស្វកម្ម និង​ទីផ្សារ​ដ៏​ធំ​ប្រចាំ​តំបន់​។ ដោយ​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ ក្រុមហ៊ុន​មួយ​នេះ គ្រាន់តែ​បង្ហើប​ថា ដំណើរការ​សាងសង់​រោង​ចក្រ​នឹង​ធ្វើឡើង​ក្នុង​រយៈពេល​ដ៏​ខ្លី​។​
 
Dyson ដែលមាន​ភាពល្បីល្បាញ​លើ​ផលិតផល​ម៉ាស៊ីន​បូម​ធូលី ធ្លាប់បាន​អះអាង​កន្លងមក​ថា ក្រុមហ៊ុន​ប្រើប្រាស់​ថវិកា​២​ពាន់​លាន​ផោន (២,៧​ពាន់​លាន​ដុល្លារ​អាមេរិក​) លើ​គម្រោង​ផលិត​រថយន្ត​អគ្គិសនី ដែល​ក្នុងនោះ​២០០​លាន​ផោន​សម្រាប់​ចំណាយ​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ រួមទាំង​ការសាកល្បង​គន្លង​ផ្លូវ​នៅ​ចក្រភព​អង់គ្លេស​។​
 
​ទាក់ទង​នឹង​ការដាក់​ទីតាំង​ផលិត​នៅ​អាស៊ី ជាជាង​រក្សាទុក​នៅ​ចក្រភព​អង់គ្លេស ត្រូវបាន Dyson អះអាងថា មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស (Brexit) នោះឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ដំណើរការ​ហាក់ដូចជា​យឺតយ៉ាវ​សម្រាប់ Dyson ពីព្រោះ​ក្រុមហ៊ុន​មិនទាន់មាន​ដៃ​គួរ​យានយន្ត​ច្បាស់លាស់​នោះឡើយ​។​
 
​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ Dyson កើន​បុគ្គលិក​ដល់​ប្រមាណ​៤៨០០​នាក់​នៅ​ចក្រភព​អង់គ្លេស​។ នៅ​អាស៊ី ក្រុមហ៊ុន​មាន​បុគ្គលិក ១១០០​នាក់​នៅ​សិង្ហ​បុរី ១៣០០​នាក់​នៅ​ម៉ាឡេស៊ី ១០០០​នាក់​នៅ​ចិន និង​៨០០​នាក់​នៅ​ហ្វីលីពីន​។​
 
​ក្រុមហ៊ុន​ដែលមាន Sir James Dyson ជា​ស្ថាបនិក​នេះ មិនបាន​លើកឡើង​ពី​ម៉ូត​រថយន្ត​ដែល​ត្រូវ​ផលិត​នោះឡើយ​។ កន្លងមក ក្រុមហ៊ុន​បានជ្រើសរើស​កម្លាំង​វិស្វកម្ម​៣០០​នាក់​បន្ថែមទៀត ដើម្បី​បោះជំហាន​ទៅមុខ​លើ​គម្រោង​យានយន្ត​អគ្គិសនី​របស់ខ្លួន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com