ដោយ៖ អ្នកស្រី ជា សីលា/ USAID Wonders of the Mekong
តំបន់ដីសើម គឺជាប្រព័ន្ធអេកូឡូស៊ី ដែលគ្របដណ្តប់ដោយដែនទឹកពេញមួយឆ្នាំ ឬ រយៈពេលជាក់លាក់ណាមួយ។ តំបន់ដីសើម អាចស្ថិតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដាច់ដោយឡែកពីគ្នា ដូចជានៅក្នុងតំបន់ទឹកសាប តំបន់ទឹកប្រៃ ឬទឹកភ្លាវ និងតំបន់ដែលបង្កើតឡើងដោយមនុស្ស ដូចជាអាងស្តុកទឹក និងតំបន់វាលស្រែ។ល។
ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញារ៉ាមសារ កម្ពុជា បានកំណត់តំបន់ដីសើមចំនួន៥កន្លែង ដែលគ្របដណ្តប់ លើផ្ទៃដីសរុបចំនួន ៨៥២៣៥ ហិកតា ស្ថិតនៅក្នុងតំបន់ផ្សេងៗគ្នា នៃប្រទេសកម្ពុជា មានដូចជា៖ តំបន់រ៉ាមសារ បឹងទន្លេសាប មានបីតំបន់គឺ តំបន់រ៉ាមសារបឹងទន្លេឆ្មារ តំបន់រ៉ាមសារស្ទឹងសែន ក្នុងខេត្តកំពង់ធំ និងតំបន់រ៉ាមសារ ព្រែកទាល់ ឬ តំបន់ឋបនីយជីវមណ្ឌលជម្រកបក្សី ព្រែកទាល់ ក្នុងខេត្តបាត់ដំបង។ តំបន់រ៉ាមសារទន្លេមេគង្គ មាន មួយតំបន់គឺតំបន់រ៉ាមសារស្ទឹងត្រែង។ តំបន់រ៉ាមសារតំបន់ឆ្នេរមានមួយតំបន់គឺ តំបន់រ៉ាមសារកោះកាពិ ក្នុងខេត្តកោះកុង។
តំបន់រ៉ាមសារស្ទឹងត្រែង ដែលស្ថិតនៅតាមដងទន្លេមេគង្គ មានទំហំ១៤៦០០ហិកតា លាតសន្ធឹងប្រវែង៣៧ គីឡូម៉ែត្រ។ ក្នុងនោះ មានទីតាំងប្រមាណ៥គីឡូម៉ែត្រ ខាងលើទីរួមខេត្តស្ទឹងត្រែង និងប្រវែង ២ ទៅ៣គីឡូម៉ែត្រ ជាប់នឹងព្រំប្រទល់នៃសាធារណៈរដ្ឋប្រជាមានិតឡាវ និងបានចុះក្នុងបញ្ជីតំបន់ដីសើមអន្តរជាតិ (អនុសញ្ញារ៉ាមសារ) ក្នុងឆ្នាំ១៩៩៩។ តំបន់រ៉ាមសារស្ទឹងត្រែង មានសារៈសំខាន់ណាស់សម្រាប់បរិស្ថាន។ តំបន់នេះ មាន ទីជម្រាល និងផ្ទៃរងទឹកភ្លៀង បឹងបួរ អូរ ដែលអាចជួយកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយនៃទឹកជំនន់ និងជាប្រភពទឹក សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ភាពសម្បូរបែបនៃជីវៈចម្រុះ ព្រមទាំងបានផ្តល់ជាជម្រក កន្លែងបង្កកំណើត និង រកចំណីសម្រាប់ធនធានជលផល សត្វស្លាប ថនិកសត្វ ល្មូន សត្វល្អិត និង ព្រៃលិចទឹក ជាពិសេស ពពួករុក្ខជាតិ និងប្រភេទសត្វកម្រ ឬ ងាយរងគ្រោះនានា។
តំបន់ដីសើមទាំងនេះ បានផ្សារភ្ជាប់ទៅនឹងរបរចិញ្ចឹមជីវិត និងប្រពៃណីវប្បធម៌របស់ប្រជាជនមូលដ្ឋាន។ វា បានផ្តល់ជាចំណីអាហារ ត្រី សាច់ បន្លែ និងរុក្ខជាតិសម្រាប់ផ្សំជាឳសថបុរាណ ។ បន្ថែមពីលើនេះ តំបន់រ៉ាមសារក៏ មានតម្លៃលើការអប់រំ និងការសិក្សាស្រាវជ្រាវ សម្រាប់ក្រុមនិស្សិត ឬអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ព្រមទាំងវាបានផ្តល់ នូវសោភ័ណ្ឌភាព និងទេសភាព សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តផងដែរ។
ប្រព័ន្ធអេកូឡូស៊ីតំបន់រ៉ាមសារស្ទឹងត្រែង មានលក្ខណៈពិសេស ដោយសារវាមានអន្លង់ទឹកជ្រៅៗ មានថ្មប៉ប្រះទឹក ទឹកវិល ទឹកជួរ ដែលជាអំណោយផល់ដល់ត្រីមេពូជបង្កកំណើត និងរស់នៅ។ ក្រៅពីនេះ មានកោះតូច-ធំ វាលខ្សាច់ មាន ព្រៃលិចទឹកតូច-ធំ យ៉ាងល្អប្លែកភ្នែក ជាងតំបន់ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។
តាមការសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញពីប្រភេទត្រីប្រមាណ ១៣០ប្រភេទត្រូវបានកត់ត្រាទុកក្នុងឆ្នាំ២០០៧ និងក្រោយបានរកឃើញលើសពី២០៧ប្រភេទត្រី។ ប្រភេទសត្វស្លាបប្រហែល២៣១ប្រភេទត្រូវបានកំណត់មាន ដូចជា ក្អែកទឹកធំ ក្អែកទឹកមធ្យម អកត្រីក្បាលប្រផេះ ស្មោញ កេងកងធំ រំពេទន្លេ ក្ងោក ត្មាតផេះ ត្មាតភ្លើង។ល។ បន្ថែមពីនេះទៀតនៅមានសត្វល្មូន៤២ប្រភេទ និងថនឹកសត្វរស់នៅក្នុង និងក្បែរតំបន់រ៉ាមសារស្ទឹងត្រែងផងដែរ។
យោងតាមប្រសាសន៍របស់លោក និន ពិសី នាយកតំបន់រ៉ាមសារស្ទឹងត្រែង និងលោក ភោគ និមល មន្ត្រីឧទ្យានុរក្ស តំបន់រ៉ាមសារស្ទឹងត្រែង នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទេសចរណ៍អាចអញ្ជើញមកកំសាន្ត និង ស្វែងយល់ពីតំបន់រ៉ាមសារស្ទឹងត្រែង តាមប្រតិទិន រដូវកាលដូចខាងក្រោម៖
ក្នុងចន្លោះពីខែកុម្ភៈ ដល់ខែឧសភា អ្នកទេសចរណ៍អាចឃើញសត្វស្លាបចុះ មានដូចជា ៖ ហ្វូងក្អែកទឹក ស្មោញ និង ត្រយ៉ងចំកំកស។ មើលព្រៃលិចទឹកដុះក្នុងទន្លេ ឬ តាមកោះតូចធំៗ តាមថ្មបប្រ៉ះទឹក។ ព្រៃលិចទឹក មានដូចជា៖ ដើមអញ្ជែង ដើមធ្មា ដើមរាំង ដើមរៃ ដើមអណ្តែង ដើមជ្រៃ ដើមព្រីងទឹក ដើមក្រុស និងប្រភេទស្មៅ ដែល ខ្លះលិចបាត់ក្នុងទឹក ខ្លះងើបចេញពីទឹកត្រឹមពាក់កណ្តាលដើមនៅរដូវវស្សា ហើយងើបចេញពីទឹក និងចេញឬស ទៅដីរយីងរយោង។ ចំពោះដើមអញ្ជែងដែលដុះនៅកណ្តាលទន្លេ ឬ ច្រកទឹកហូរ ភាគច្រើន បានទន់ទេរតាម កម្លាំងខ្សែទឹកហូរ គយគន់យូរៗទៅ ប្រៀបបាននឹងសក់មនុស្សស្រីផាត់តាមកម្លាំងខ្យល់បក់។ ព្រៃលិចទឹកទាំងនោះ បានផ្តល់ជាផ្កា ស្លឹក ផ្លែសម្រាប់ជាចំណីមនុស្ស និង ត្រីផងដែរ ដូចជាផ្កាអណ្តែង និងដើមទន្លាជាដើម។
ទេសភាពតំបន់ព្រៃលិចទឹក និងកោះខ្សាច់ក្បែរកន្ទុយភូមិកោះហិប ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ក្នុងតំបន់រ៉ាមសារស្ទឹងត្រែង។ អ្នកស្រី ជា សីលា។
អ្នកទេសចរណ៍ ដែលចង់ស្វែងយល់ពីជីវភាព ប្រពៃណីវប្បធម៌របស់អ្នកភូមិ អាចទៅចូលរួមនេសាទជាមួយ ពួកគាត់បាន ឬក៏បរិភោគត្រីស្រស់ៗ ដែលនេសាទបានពីទន្លេភ្លាមៗ មានដូចជាត្រីប៉ាសេអីុចាប់ពីខែវិច្ឆិកា ដល់ខែមករា ត្រីកែ្អក ក្នុងខែកញ្ញា ត្រីក្របី ចាប់ពីខែកក្កដា ដល់ខែកញ្ញា ត្រីត្រសក់ ក្នុងខែវិច្ឆិកា ត្រីប៉ាវ៉ា ត្រីកេសជម្រៅ ត្រីក្លាំងហាយ ត្រីប្រម៉ា។ល។ អ្នកទេសចរណ៍ក៏អាចចូលរួមទៅបាចចង្រិតជាមួយអ្នកភូមិ នៅតាមកោះខ្សាច់ ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូព្រមទាំងអាចទៅភ្លក់បន្លែ និងផ្លែឈើ មានដូចជា៖ ក្រូច ពោត ឪឡឺក បិុគក់ ដែលដាំដុះដោយអ្នកភូមិនៅតាមកោះ។
ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ និងជាមន្ត្រីជំនាញធ្វើការនៅក្នុងតំបន់រ៉ាមសារស្ទឹងត្រែង សូមអំពាវនាវដល់ ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់ ចូលរួមថែរក្សា ការពារ អភិរក្ស និងប្រើប្រាស់ធនធាន ដែលមាននៅក្នុងតំបន់ ដីសើមប្រកបដោយចីរភាព និងភាពឈ្លាសវៃ។ ចូរចាំថា ធនធានធម្មជាតិទាំងអស់នេះជារបស់យើងទាំងអស់គ្នា។