ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ បញ្ជា​ឲ្យ​ប្រធានព័ត៌មានខេត្ត ចុះ​ស្រង់តម្លៃ​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ ក្រោយ​រង​ការរិះគន់​
28, Nov 2018 , 10:20 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្ត
រូបពីហ្វេសប៊ុករដ្ឋបាលខេត្ត
​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យ​មន្ត្រី​៣​រូប ចុះ​ស្រង់តម្លៃ​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ ក្រោយពី​មានការ​រិះគន់​រឿង​តម្លៃ​នៃ​ការជួល​បន្ទប់​ស្នាក់នៅ​។ នេះ​បើតាម​លិខិត​បង្កា​ប់​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ថ្ងៃទី​២៨​វិច្ឆិកា​។​

 
​លោក ឱ សារឿន ប្រធាន​ក្រុម​គេហទំព័រ​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត គឺជា​ប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ស្រង់តម្លៃ​ទីតាំង​ទាំងនោះ ដោយ​អម​ជាមួយ​លោក ឆោម វិទូ​អនុប្រធាន​ការិយាល័យ​ឧស្សាហកម្ម​ទេសចរណ៍ និង​លោក គឹម ស​ម្បិ​ត្តិ ម​ន្រី្ត​ក្រុម​គេហទំព័រ​ខេត្ត​ព្រះសីហនុ ជា​សមាជិក​។ ក្រុមការងារ​នេះ ត្រូវ​ចុះ​ត្រូវ​ស្ថិតិ និង​តម្លៃ​បន្ទប់​របស់​ផ្ទះសំណាក់ សណ្ឋាគារ និង​បឹង​ហ្គា​ឡូ នៅ​ខេត្ត​របស់ខ្លួន​ជា​ចាំបាច់ ដោយ​អនុវត្តន៍​រហូតដល់​ថ្ងៃទី​៣១ ធ្នូ​ ២០១៨ ។  
 
 
​លិខិត​ដដែល ក៏បាន​ប្រាប់​ឲ្យ​រដ្ឋបាល​ក្រុង និង​ស្រុក​ទាំងបី ក្នុង​ខេត្ត គាំទ្រ និង​សហការ​រាល់​ការបំពេញ​ការងារ​ទាំង​ឡាយ ដើម្បី​ឲ្យ​ដំណើរ​ការងារ​របស់​ម​ន្រី្ត​ខាងលើ​ប្រកបដោយ​ប្រសិទ្ធភាព​។​
 
​ជាមួយគ្នានេះ​សមាជិក​នៃ​ក្រុមការងារ​ចម្រុះ ត្រូវ​ចូលរួម​បំពេញការងារ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ តាម​ការកោះហៅ របស់​ប្រធាន​ក្រុម​។ ហើយ​ក្រុមការងារ​ត្រូ រាយការណ៍ ពី​លទ្ធផល​ការងារ ទៅ​ឲ្យ​អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ និង​ប្រកាស​។ នេះ​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​
 
​មូលហេតុ​ដែល​អាជ្ញាធរខេត្ត បញ្ជា​ឲ្យ​មាន​ការចុះ​ត្រួតពិនិត្យ និង​ស្រង់តម្លៃ​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​រអ៊ូរទាំ និង​រិះគន់​ពី​សំណាក់​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​កម្សាន្ត​នៅ​ទីនោះ ហើយ​មិនអាច​រក​កន្លែង​ស្នាក់​នៅបាន ពោលគឺ​តម្លៃ​បន្ទប់​ខ្ពស់​លើសពី​សព្វដង​។ សូម្បីតែ​តារា​សម្ដែង និង​តារា​កំប្លែង ក៏​មានការ​រអ៊ូរទាំ​លើ​ករណី​តម្លៃ​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​នេះ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com