ជាតិ
× ភ្នំពេញ៖ តោះ! ទៅលេងខេត្តព្រះសីហនុ! អត់ទេ ចិនច្រើន ហើយរបស់របរនៅទីនោះថ្លៃខ្លាំងណាស់។ នេះជាការលើកឡើងរបស់មនុស្សមួយចំនួននៅពេលគិតដល់ដំណើរកម្សាន្តទៅកាន់តំបន់សមុទ្រដ៏ល្បីល្បាញរបស់កម្ពុជាមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរតែងតែយកចិត្តទុកដាក់ចំពោះកង្វល់របស់អ្នកត្អូញត្អែរដែរ ហើយអាជ្ញាធរតែងតែសន្យារកមធ្យោបាយដើម្បីដោះស្រាយបញ្ហា។
រឿងរ៉ាវនៅក្នុងខេត្តព្រះសីហនុ និងក្រុងព្រះសីហនុទាក់ទងនឹងវត្តមាននៃវិនិយោគិនជនជាតិចិន ដែលនាំឲ្យតម្លៃនៃផលិតផល ឬសេវាកម្មមួយចំនួននៅទីនោះឡើងថ្លៃ បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកក្នុងរយៈពេលចុងក្រោយនេះ។ រាល់ការវិនិយោគក្នុងទម្រង់គំហុក ឬសន្សឹមៗក៏ដោយ វាតែងតែទាញតម្លៃសេវាកម្ម ឬទំនិញឲ្យឡើងថ្លៃជានិច្ច ទោះបីជានៅកន្លែងណា ឬក្នុងប្រទេសណាក៏ដោយ។ ការដំឡើងតម្លៃសេវាកម្ម ឬទំនិញ ពេលខ្លះ កើតឡើងដោយសារតម្រូវការខ្ពស់។ ប៉ុន្តែ ពេលខ្លះ វាកើតឡើង ដោយសារ ចិត្តសាស្ត្រសេដ្ឋកិច្ច(គេនាំគ្នាដំឡើង)។
នៅក្នុងក្រុងព្រះសីហនុ តើនរណាជាអ្នកដំឡើងថ្លៃសេវាកម្ម និងទំនិញ? អ្នកជំនួញជនជាតិចិន ឬអ្នកជំនួញជនជាតិខ្មែរ? ហើយថា តើវាជាកំហុសរបស់ពួកគេឬទេ?
វាមិនមែនជាកំហុសរបស់នរណាឡើយ។ នេះ គឺជាសកម្មភាពសេដ្ឋកិច្ចរស់រវើកដែលទាញដោយកម្លាំងវិនិយោគរបស់ជនជាតិចិន។ ជនជាតិខ្មែរដែលរស់នៅ ឬមានទ្រព្យនៅក្នុងខេត្តព្រះសីហនុ ទទួលបានផលដ៏មហិមាពីការវិនិយោគរបស់ជនជាតិចិននៅទីនោះ។ តម្លៃផ្ទះសំណាក់ ឬសណ្ឋាគារ ដែលធ្លាប់តែរកចំណូលបានក្រោម១ម៉ឺនដុល្លារក្នុង១ខែ, បច្ចុប្បន្ន ពួកគេជួលឲ្យជនជាតិចិនជាអ្នកកាន់កាប់បន្ត ក្នុងតម្លៃកើនឡើងដល់៣ម៉ឺនដុល្លារក្នុងមួយខែ។ ត្រង់ចំណុចនេះ តើនរណាជាអ្នកទទួលបានផល? ផ្ទះល្វែងធ្លាប់ជួលបានក្រោម១ពាន់ដុល្លារក្នុង១ខែ តែបច្ចុប្បន្ននេះ គេជួលឲ្យជនជាតិចិនដើម្បីធ្វើជំនួញបន្តក្នុងតម្លៃ៣ ៤ ឬ៥ពាន់ដុល្លារក្នុងមួយខែ។ តើនរណាជាអ្នកទទួលផលពីការកើនឡើងនេះ?
ឧទាហរណ៍មួយទៀតថា ពេលស្រូវធ្លាក់ថ្លៃ អ្នកទិញអង្ករសប្បាយចិត្ត តែកសិករពិបាកចិត្ត និងផ្ទុយមកវិញ។ ករណីនៅខេត្តព្រះសីហនុក៏ស្រដៀងគ្នាដែរ អ្នកមានទ្រព្យជួល ឬធ្វើអាជីវកម្មសប្បាយចិត្ត តែអ្នកប្រើប្រាស់ខឹង។ ការ«រិះគន់»របស់អ្នកមិនសប្បាយចិត្ត ក៏មិនខុសដែរ ព្រោះ វាជាសេរីភាពក្នុងការបញ្ចេញមតិ ពោល គឺចៀសវាង រាល់ពាក្យពេចន៍ជេរប្រមាថ ឬការបរិហាកេរ្តិ៍។
តួលេខមួយចំនួនបានបង្ហាញថា នាពេលកន្លងមក ក្នុងអំឡុងបុណ្យអំទូក ចំនួនទេសចរខ្មែរទៅកម្សាន្តក្រុងព្រះសីហនុធ្លាក់ចុះ តែទៅកើននៅឯខេត្តផ្សេងៗ ដូចជា ខេត្តរតនគិរី មណ្ឌលគិរី សៀមរាប និងខេត្តដទៃ។ល។ តើសកម្មភាពនេះ ជាការពង្រាយសកម្មភាពសេដ្ឋកិច្ចឬទេ? សូមបញ្ជាក់ថា កាហ្វេមួយកែវនៅខេត្តកំពង់ឆ្នាំង ពិតជាថោកជាងកាហ្វេមួយកែវដែលគេលក់នៅក្នុងតំបន់បឹងកេងកងរាជធានីភ្នំពេញ។ សេវាកម្ម និងតំបន់ខុសគ្នា នាំឲ្យតម្លៃខុសគ្នា។
ករណីនៅខេត្តព្រះសីហនុ អ្វីដែលត្រូវធ្វើចាំបាច់ និងជាបន្ទាន់ គឺគ្រប់គ្រងជនជាតិចិន និងខ្មែរឲ្យគោរពច្បាប់របស់ខ្មែរ ហើយអ្វីដែលត្រូវធ្វើឲ្យបានលឿនបំផុត គឺជាការយកពន្ធឲ្យបានត្រឹមត្រូវ និងពិតប្រាកដពីជំនួញទាំងនោះ ពោល គឺចៀសវាង អ្នកជំនួញកាន់តែមាន តែរដ្ឋកាន់តែក្រ ដោយសារការធ្វេសប្រហែសចំពោះកាតព្វកិច្ចបង់ពន្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com