កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង៣០គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន៣ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ផ្ទុះការតវ៉ារឿងដីធ្លី ដែលអាជ្ញាធរកាត់យកទៅឲ្យជនជាតិវៀតណាម ជម្លៀសពីលើទឹកបឹងទន្លេសាប ឡើងមកលើគោក តាមគោលការណ៍រដ្ឋាភិបាល។ ប៉ុន្តែអាជ្ញាធរ ច្រានចោលការលើកឡើងរបស់ពលរដ្ឋទាំងនោះ។
លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៍ បដិសេធថា ទំហំដី១៦ហិកតា ដែលអាជ្ញាធរកាត់ចេញពីពលរដ្ឋ៣៣គ្រួសារ ក្នុងភូមិស្នោ ភូមិសេរី និងភូមិល្បើក ក្នុងឃុំខុនរ៉ង គឺមិនមែនដីកម្មសិទ្ធិរបស់ពួកគេទេ ពោលគឺពលរដ្ឋទាំងនោះ បានចូលរុករាន និងលួចឈូសឆាយយក រយៈពេលពីរឆ្នាំមកហើយ ទើបតែអាជ្ញាធរសម្រេចយកវិញនេះ ទើបមានការតវ៉ាតែម្ដង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលស្រុករូបនេះ បានបញ្ជាក់ថា៖«ដីតំបន់ទាំងបីហ្នឹង ពួកគាត់លួចគាស់កាយរានដី។ ពេលពួកគាត់ឈូសឆាយ យើងបានហាម និងអប់រំគាត់ច្រើនលើកច្រើនសារហើយ ។ ដល់ពេលយើងរៀបចំបម្លាស់ទីប្រជាជនលើដងផ្លូវ មកជាន់លើដីស្រែពួកគាត់លើស្រែគាត់ជីកនៅផ្លូវទេ ស្រែគាត់ជីករានក្បែរផ្លូវហ្នឹង សរុបទៅប្រហែល១៦ហិកតា ហើយដីស្រែក្រៅពីហ្នឹង យើងឲ្យពួកគាត់អាស្រ័យផលធម្មតា។ ដីពួកគាត់ឈូសឆាយរានហ្នឹង ជាដីរបស់រដ្ឋទេ ពួកគាត់គាស់កាយរុករាននេះ ពីរឆ្នាំមកហើយ តាំងពីឆ្នាំ២០១៦ និង២០១៧មក»។
បើតាមលោក ឃួន សៅរុំ អាជ្ញាធរក៏បានពន្យល់ពលរដ្ឋទាំង៣៣គ្រួសារនោះ ពីហេតុផលខាងលើនេះដែរ ប៉ុន្តែពួកគេមិនព្រមទទួលយកឡើយ។ ហើយពលរដ្ឋទាំងនោះ បានបន្តមកដាក់ពាក្យប្ដឹងតវ៉ាដល់សាលាខេត្តករណីនេះ ក្រោមហេតុផលថា ការកាត់ដីឲ្យទៅពលរដ្ឋជម្លៀសពីទឹកនេះ គឺប៉ះពាល់ដល់ការធ្វើស្រែចំការរបស់ពួកគេ ។ ពលរដ្ឋទាំងនេះ បានផ្ទុះការតវ៉ាដីធ្លី តាំងពីខែតុលាមក។
ពាក់ព័ន្ធបញ្ហានេះលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋបាលខេត្តបានបញ្ជូនមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យលើករណីពលរដ្ឋតវ៉ានេះហើយ។
ពលរដ្ឋរស់នៅក្នុងផ្ទះបណ្តែតទឹកទូទាំងខេត្តកំពង់ឆ្នាំងមានសរុប ៤,៣៨៥គ្រួសារ។ ក្នុងនោះ ពលរដ្ឋវៀតណាម មាន២១៩៧គ្រួសារ និង២១៨៨គ្រួសារទៀត ជាពលរដ្ឋខ្មែរ-ឥស្លាម។ នេះបើតាមលោក ស៊ុន សុវណ្ណរិទ្ធ។
ទាក់ទងនឹងការជម្លៀសពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា គោលការណ៍ដែលរដ្ឋាភិបាល ជំរុញឲ្យពលរដ្ឋទាំងនោះមករស់នៅលើដីគោកវិញ ដើម្បីកាត់បន្ថយបញ្ហាកង្វះអនាម័យក្នុងការរស់នៅរបស់ពួកគេ។ ជាពិសេសការពារបរិស្ថានបឹងទន្លេសាបឡើងវិញ។
ពលរដ្ឋដែលជម្លៀសពីទឹកមកលើគោកនេះ រដ្ឋាភិបាល ស្វែងរកទីតាំងឲ្យបានត្រឹមត្រូវ ដោយមិនឲ្យប៉ះពាល់ដល់ដីរបស់ពលរដ្ឋឡើយ។ ដោយឡែកជនជាតិវៀតណាម ដែលត្រូវមករស់នៅលើគោកវិញនេះ ត្រូវជួលដីរបស់ក្រុមហ៊ុនរស់នៅ តាមការរៀបចំរបស់អាជ្ញាធរ។ នេះបើតាមលោក ខៀវ សុភ័គ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖«គ្មានអាជ្ញាធរណាគេកាត់ដីពលរដ្ឋទៅឲ្យគេ(វៀតណាមរស់នៅលើទឹក)ទេ។ គេមានដីមួយ ដែលអះអាងថា ជារបស់ក្រុមហ៊ុន ហើយអ្នកដែលត្រូវរស់នៅលើដីថ្មីហ្នឹង គាត់ត្រូវជួលក្នុងតម្លៃណាមួយពីម្ចាស់ដីហ្នឹង។ អ៊ីចឹងដីហ្នឹងជាដីឯកជន(ក្រុមហ៊ុន)ទេ អត់មានឲ្យប៉ះពាល់ដល់ដីពលរដ្ឋទេ ជាគោលការណ៍។ ហើយក្នុងន័យកាត់ដីពលរដ្ឋឲ្យទៅជនជាតិវៀតណាម ដែលឡើងពីក្នុងទឹកមករស់នៅលើគោកវិញនេះ គឺក្រសួងមហាផ្ទៃមិនធ្វើរឿងហ្នឹងទេ គឺជំទាស់ហើយ។ ដូច្នេះដីដែលប្ដូរឲ្យពួកគាត់រស់នៅលើដី លើដីគោកនេះ គឺជាដីឯកជនទេ សម្រាប់ជួលឲ្យអ្នកឡើងមករស់លើដីថ្មី»។
កន្លងមកអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិលោកស្រី រ៉ូណាល់ ស្មីត ដែលបានមកទស្សនកិច្ចនៅកម្ពុជា កាលពីដើមខែវិច្ឆិកា ក៏ធ្លាប់បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោះស្រាយបញ្ហាជម្លៀសពលរដ្ឋរស់នៅលើទឹកមកលើគោកវិញនេះ ដោយគោរពតាមគោលការណ៍សិទ្ធិមនុស្សផងដែរ។
កាលពីខែតុលាកន្លងមក អាជ្ញាធរខេត្តកំពង់ឆ្នាំង បានជម្លៀសពលរដ្ឋខ្មែរ និងជនអន្ដោប្រវេសន៍វៀតណាម រស់នៅលើផ្ទះបណ្ដែតទឹក លើបឹងទន្លេសាប ឡើងគោកទាំងអស់។ កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗទៀត។
បើតាមលោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៍ ពលរដ្ឋដែលត្រូវមករស់នៅលើដីថ្មី ក្នុងស្រុករបស់លោក មានជាង១៨០០គ្រួសារ ដោយអាចស្នាក់នៅលើដីទំហំទទឹង ១០ ឬ១២ម៉ែត្រ ហើយបណ្ដោយប្រវែង២៥ម៉ែត្រ៕