ជាតិ
​​​ន​យោ​បាយ​ជាតិ​
សន្និសីទ​ទ្រង់ទ្រាយ​ធំ​របស់​អតីត CNRP ធ្វើឡើង​ដោយ​គ្មាន​ការឯកភាព​ពី​លោក កឹម សុខា​
30, Nov 2018 , 3:57 pm        
រូបភាព
លោក សម រង្ស៊ី ទៅដល់រដ្ឋចចា សហរដ្ឋអាមេរិក ដើម្បីចូលរួមសន្និសីទរបស់អតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
លោក សម រង្ស៊ី ទៅដល់រដ្ឋចចា សហរដ្ឋអាមេរិក ដើម្បីចូលរួមសន្និសីទរបស់អតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
ដោយ: ថ្មីៗ
​ទោះជា​ទទួលដំណឹង​ថា លោក កឹម សុខា មិន​ពេញចិត្ត​ក៏ដោយ ក៏​អ្នកគាំទ្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស នៅតែ​បន្ត​រៀបចំ​សន្និសីទ នៅ​សហ​អាមេរិក​ដដែល ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ដោយមាន​លោក សម រង្ស៊ី នៅ​ពីក្រោយ​។


 
​លោក សម រង្ស៊ី បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ផ្តល់ដំណឹង​ដល់​អ្នកគាំទ្រ​ថា លោក បាន​ទៅដល់​ទីក្រុង​អា​ត្ល​ង់​តា រដ្ឋ​ច​ចា សហរដ្ឋអាមេរិក​ហើយ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​តាមដាន​សន្និសីទ​របស់​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ពិភពលោក​។ 
 
​តាមរយៈ​សំណេរ​លើ​បណ្តាញ​សង្គម សម រង្ស៊ី បានសរសេរថា សន្និសីទ​នេះ គឺ​ប្រមូលផ្តុំ​ទៅដោយ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ដល់​ទៅ​ជាង​៤០០​នាក់ ដែល​មកពី​សហរដ្ឋអាមេរិក កាណាដា និង​ទ្វីបអឺរ៉ុប គឺ​បារាំង បែ​ល​ហ្សិ​ក ស្វី​ស អាល្លឺម៉ង់ អ៊ីតាលី អូទ្រីស ហូ​ឡង់ ន័​រវេ​ស ស៊ុយអែត និង​ហ្វាំ​ង​ឡង់ រួមទាំង​ទ្វីបអាស៊ី​ផងដែរ គឺ​កម្ពុជា ថៃ ម៉ាឡេស៊ី ជប៉ុន កូរ៉េ ព្រមទាំង​ទ្វីបអូសេអានី ប៉ា​ស៊ី​ហ្វិ​ច គឺ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។​
 
​លោក សម រង្ស៊ី អះអាងថា ក្នុង​កាលៈទេសៈ​នេះ លោក កឹម សុខា ត្រូវបាន​គេ​ចាប់​ធ្វើជា​ចំណាប់ខ្មាំង ហើយ​មិនអាច​បញ្ចេញយោបល់​បានឡើយ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មានតែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ ដែល​អាច​ជួបជុំគ្នា និង​ពិភាក្សាគ្នា ដើម្បី​កំណត់​យុទ្ធសាស្ត្រ និង​ធ្វើ​សេចក្តីសម្រេច​សមស្រប​ទាន់ពេលវេលា ក្នុង​គោលបំណង​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​សព្វថ្ងៃ​នៅ​កម្ពុជា​»​។ 
 
​លោក កឹម សុខា ដែល​តុលា​ការមិន​អនុញ្ញាត​ឲ្យ​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ បាន​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ចំពោះ​គ្រប់​សកម្មភាព​របស់លោក សម រង្ស៊ី រួមទាំង​ការរៀបចំ​សន្និសីទ​ដ៏​ធំ​នាពេលនេះ​ផងដែរ​។ ប៉ុន្តែ ពីរ​-​បី​ថ្ងៃនេះ គេ​បានឃើញ​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ពី​ប្រសាសន៍​របស់​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ថា​លោក កឹម សុខា ពុំបាន​គាំទ្រ​សន្និសីទ​នេះឡើយ​។ 
 
​លោក ចាន់ ចេ​ន មេធាវី​ម្នាក់​របស់លោក កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនអាច​និយាយ​អ្វី​ច្រើន​ទេ គ្រាន់តែ​ខ្ញុំ​ដឹង​ពីរ​ចំណុច​ពី​កូនក្តី​របស់ខ្ញុំ គឺ​ទីមួយ​គាត់ ថា​គាត់​អត់​បានដឹង​ពី​ការរៀបចំ​សន្និសីទ​ហ្នឹង​ទេ ហើយ​ទី​ពីរ គឺ​គាត់ អត់​គាំទ្រ​។ លោក​មេធាវី អះអាងថា លោក បាន​ទៅសួរសុខទុក្ខ​លោក កឹម សុខា នៅ​គេហដ្ឋាន កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា​កន្លងទៅ​។ 
 
​បន្ទាប់ពី​សន្និសីទ​នៅ​អាមេរិក លោក សម រង្ស៊ី និង​អ្នកគាំទ្រ នឹង​បន្ត​រៀបចំ​ស​និ្ន​សីទ​មួយទៀត ក្នុងប្រទេស​បារាំង នៅ​ថ្ងៃទី​១៥ ខែធ្នូ​៕ 

Tag:
 CNRP
  សន្និសីទ​
  សម រង្ស៊ី​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com