ជាតិ
សង្គមជាតិ
អាល្លឺម៉ង់ ផ្តល់​ថវិកា​ជាង​៩០​ម៉ឺន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​គម្រោង​៣ នៅ​កម្ពុជា​
01, Dec 2018 , 8:19 pm        
រូបភាព
រូបភាព​ពី​ក្រសួងឧស្សាហកម្ម​ និង​សិប្ប​កម្ម​
រូបភាព​ពី​ក្រសួងឧស្សាហកម្ម​ និង​សិប្ប​កម្ម​
ដោយ:
ភ្នំពេញ​៖ អាល្លឺម៉ង់ ផ្ដល់​ថវិកា​ជាង​៩០​ម៉ឺន​ដុល្លារ​អាមេរិក ដល់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សម្រាប់​អភិវឌ្ឍន៍​គម្រោង​៣​នៅ​កម្ពុជា​។​ទឹកប្រាក់​ជាង ៩០​ម៉ឺន​ដុល្លារ​អាមេរិក ត្រូវបាន​ប្រកាស​ក្នុងការ​ចុះហត្ថលេខា រវាង​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​អ្នកស្រី Nitja Rehani អ្នកសម្របសម្រួល​គម្រោង​នៃ​អង្គការ PTB អាល្លឺម៉ង់ នឹង​យកទៅ​អភិវឌ្ឍន៍​គម្រោង​៣​ខាងលើ​រយៈពេល​៣​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០​។

 
​ទឹកប្រាក់​ចំនួន ៨០០,០០០ អឺរ៉ូ (​ជាង​៩០​ម៉ឺន​ដុល្លារ​អាមេរិក​) ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​អាល្លឺម៉ង់ បានផ្តល់​ឲ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សម្រាប់​អភិវឌ្ឍន៍​គម្រោង​៣ នៅ​កម្ពុជា ដូចជា ពង្រឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​, ពង្រីក​វិសាលភាព​ទាក់ទង​ទៅលើ​អង្គភាព​ពាក់ព័ន្ធ ដែល​រួមមាន មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ​, វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ,​នាយកដ្ឋាន​វាយតម្លៃ​ទទួលស្គាល់ និង​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​កម្ពុជា និង​ពង្រឹង​ការផលិត​ដំឡូង​មី​។  
 
​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ បាន​និយាយថា ៖«​កម្ពុ​ជាមាន​សេដ្ឋកិច្ច ពឹង​ផ្អែកលើ​ការនាំចេញ​ផលិតផល តាមរយៈ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម ដែល​កម្ពុជា​ទទួល​ទីផ្សារ​ក្រៅប្រទេស​។ ដូច្នេះ​ទឹកប្រាក់​ដែល​ផ្តល់​ឲ្យ​សម្រាប់​អភិវឌ្ឍន៍​គម្រោង​ទាំង​៣​នេះ យើង​មិនអាច​ខ្វះ​មួយណា​បានឡើយ ជាពិសេស​ការងារ​អភិរក្ស​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ ដើម្បី​ប្រើប្រាស់​សមត្ថភាព​មន្ទីរ​ពិសោធន៍​របស់​យើង បូករួម​និង​សក្តានុពល​ធនធានមនុស្ស ឲ្យ​មាន​សមត្ថភាព​និង​លទ្ធភាព​ស​ម្រ​ប់​ការត្រួតពិនិត្យ​វាយ​តម្លៃភាព​អនុលោម និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ទៅលើ​ទំនិញ ឬ​ផលិតផល ដែល​ត្រូវ​នាំចេញ​ឲ្យ​ស្របតាម​កំរិតស្តង់ដារ​»​។ 
 
​បន្ថែម​ពីនេះ​អ្នកស្រី Nitja Rehani អ្នកសម្របសម្រួល​គម្រោង​នៃ​អង្គការ PTB អាល្លឺម៉ង់ ចង់​ឲ្យ​កម្ពុជា មាន​ល្បឿន​និង​ភាពស៊ីសង្វាក់​គ្នា​លើ​ការងារ ការកំណត់​ទិសដៅ​ជា​អាទិភាព និង​ស្វែងយល់​ពី​ភាពខ្វះ​ចន្លោះ និង​ការងារ​ជាន់​ភារកិច្ច​គ្នា​ជាដើម​។ «​ការផ្ទេរ​បច្ចេកវិទ្យា និង​អភិវឌ្ឍ​ន៌​ធុន​ធាន​មនុស្ស គឺ​កត្តា​ដែល​ត្រូវ​យកចិត្តទុកដាក់​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Nitja Rehani៕ 
 
 
 
 
 

Tag:
 អាល្លឺម៉ង់​
 ​ ទឹកប្រាក់​
 ​ កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com