បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អន្លង់វែង​៖​ពី​ទី​ដ៏​ស្ងប់ស្ងាត់ និង​សង្គ្រាម ក្លាយជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ដ្រ​
01, Dec 2018 , 10:59 pm        
រូបភាព
​ឧ​ត្ត​រ​មានជ័យ​៖ អន្លង់វែង ធ្លាប់ជា​កន្លែង​ដាច់ស្រយាល​មួយ​នៅមុន​ឆ្នាំ ១៩៧០​។ តំបន់​នេះ កម្រ​មាន​អ្នក​ទៅដល់​ណាស់ សូម្បី​រាជការ​នៅ​សម័យ​នោះ ក៏​កម្រ​ទៅកាន់​តំបន់​ជាប់​ព្រំដែន​ថៃ​នេះដែរ​។ អន្លង់វែង ជា​ស្រុក​មួយ​របស់​ខេត្តឧត្ដរមានជ័យ និង​មាន​ភូមិសាស្ដ្រ​ជាប់​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ គឺ​ច្រក​ជាំ​-​សា​ង៉ាំ។ តំបន់​នេះ ត្រូវបាន​ផ្លាស់ប្ដូរ​នៅពេល​របប​ខ្មែរក្រហម​ចូលមក​ដល់ ហើយ​ប្រជាជន​ត្រូវបាន​បង្ខំ​ឱ្យ​ទទួលយក​មនោគមន៍​វិជ្ជា​បដិវត្តន៍​បែប​ថ្មី​។ អន្លង់វែង បាន​ក្លាយជា​តំបន់​ដែល​ខ្មែរក្រហម​កាន់កាប់​ដំបូង​គេ និង​ជា​តំបន់​ដែល​ទ័ព​ខ្មែរក្រហម​ឈរជើង​ចុងក្រោយ រហូតដល់​ឆ្នាំ ១៩៩៨ គឺ​ពេលដែល​ពួកគេ​ព្រម​ចូល​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​។ បច្ចុប្បន្ន​តំបន់​នេះ បាន​ដូរ​ពី​តំបន់​ស្ងប់ស្ងាត់ មាន​សង្គ្រាម ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ដ្រ​សម័យ​ខ្មែរក្រហម​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ទេសចរ​ជាតិ និង​អន្ដរជាតិ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖
 


 
​អន្លង់វែង ជា​ស្រុក​មួយ​នៅក្នុង​ខេត្តឧត្ដរមានជ័យ និង​ស្ថិតនៅ​ប៉ែក​ឧត្ដរ​នៃ​ប្រទេស​កម្ពុជា​។ អន្លង់វែង ត្រូវបាន​គេ​ស្គាល់​ច្រើន​ថា ជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ទាហាន​ខ្មែរក្រហម​។ តំបន់​នេះ បាន​ចូល សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​១៩៩៨​។ បើទោះបី​មាន​សមាហរណកម្ម​ក៏ដោយ​តែ​វា​បាន​បង្កើតជា​ការរើសអើង​មួយ​សម្រាប់​ប្រជាជន និង​អតីត​ទាហាន​ខ្មែរក្រហម ដែលមាន​ចំនួន​ច្រើន​នៅ​តំបន់​នេះ​។ គេ​តែង​និយាយថា អន្លង់វែង ជា​តំបន់​ខ្មែរក្រហម​។​
 
 
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​ស្ថាប័ន​ស្រាវជ្រាវ និង​ចងក្រង​ប្រវត្តិសាស្ដ្រ​ខ្មែរក្រហម បានធ្វើ​ការងារ​ជាច្រើន​នៅ​អន្លង់វែង​។ គោលដៅ​របស់​ស្ថាប័ន​នេះ គឺ​ចង់ឱ្យមាន​ការថែរក្សា​សន្ដិភាព និង​ការផ្សះផ្សារ​សង្គម ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជាមួយគ្នា​ដោយ​ស្មើភាព​គ្នា គ្មាន​ការរើសអើង​។ ក្រៅពីនេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏​ចង់​ប្រែក្លាយ​តំបន់​នេះ ក្លាយជា​ទីក្រុង​ដ៏​ស្រស់ស្អាត និង​ជា​តំបន់​ប្រវត្តិសាស្ដ្រ​ខ្មែរ​ដ៏​សំខាន់​មួយ ដើម្បីឱ្យ​ពលរដ្ឋ​ចងចាំ ជាមួយ​អតីត​កាលដែល​បង្កើតឱ្យមាន​សង្គ្រាម​រុំ​ា​រ៉ៃ​នៅ​កម្ពុជា​អស់​ជាច្រើន​ឆ្នាំ​។​
 
​លោក លី សុខ​ឃាង មន្ត្រី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា​នាយក​មជ្ឈមណ្ឌល​សន្ដិ​ភាព​អន្លង់វែង បាន​រម្លឹកថា ក្នុងអំឡុង​ឆ្នាំ ២០០១ ពេល​លោក​បាន​ចូលមក​ធ្វើការ​ក្នុង​តំបន់​នេះ ដែល​មនុស្ស​ជាច្រើន​ហៅថា ជា​តំបន់​ខ្មែរក្រហម និង​មិនសូវមាន​សុវត្ថិភាព​។ មានការ​ភ័យខ្លាច​នឹង​ទ័ព​ខ្មែរក្រហម​នៅឡើយ​ពេលនោះ ហើយ​ការសិក្សា​ស្រាវជ្រាវ​ក៏​រឹតតែ​ពិបាក​ទៅទៀត​។​
 
​ក្រោយ​សមាហរណកម្ម​ឆ្នាំ ១៩៩៨ តំបន់​នេះ​បានចាប់ផ្តើម​កែប្រែ​មុខមាត់​ថ្មី បន្ទាប់ពី​រាជរដ្ឋាភិបាល​ចេញ​សារា​ចរណ៍​ណែនាំ​ឆ្នាំ ២០០១ និង​បន្ទាប់ពី​ការបង្កើត​គណៈកម្មាធិកា​រ​អន្តរក្រសួង ដើម្បីអភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ដ្រ​អន្លង់វែង​នៅ​ឆ្នាំ ២០១០​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​សមាជិក​ក្នុង​គណៈកម្មាធិការ​អន្ដរក្រសួង​ដែរនោះ បានធ្វើ​ការងារ​ជាច្រើន ដើម្បី​រួមចំណែក​លើ​កិច្ចការ​នានា បំណង​ដើម្បី​រក្សា​សន្ដិភាព​នៅ​ប្រទេស​កម្ពុជា ក្នុងនោះ​មានដូចជា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​ក្នុង​តំបន់​នេះ​។ 
 
 
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចងក្រង​ឯកសារ​ចំនួន​២​ទាក់ទង​តំបន់​អន្លង់វែង រួមមាន សៀវភៅ «​ប្រវត្តិសាស្ដ្រ​សហគមន៍​អន្លង់វែង តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​» និង «​សៀវភៅ​ណែនាំ​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​»​។ មុន​ដល់​ដំណាក់កាល​នេះ ស្ថាប័ន​នេះ​បាន​ចុះ​បង្រៀន​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ប្រវត្តិសាស្ដ្រ​នានា​ទាក់ទង​នឹង​តំបន់​អន្លង់វែង ការគ្រប់គ្រង​នៅ​សម័យ​ខ្មែរក្រហម បំណង​ដើម្បីឱ្យ​មានការ​ផ្សះផ្សា​សង្គម​ឡើងវិញ​។​
 
​នៅក្នុង​ការបង្រៀន​ឱ្យ​ពលរដ្ឋ​មាន​សន្ដិភាព និង​ការផ្សះផ្សារ អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា ដើម្បី​បាន​សន្ដិភាព​ពេញលេញ​ទៅបាន គេ​មិនអាច​គ្មាន​វិស័យសេដ្ឋកិច្ច​ចូលរួម​បានឡើយ​។ ការណ៍​នេះ ធ្វើឱ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បង្កើតជា​ប្លង់​ទិដ្ឋភាព​រួមមួយ សម្រាប់​ការអភិវឌ្ឍ​តំបន់​នេះ​នាពេល​អនាគត​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មានបំណង​ចង់​ប្រែ​តំបន់​អន្លង់វែង ក្លាយជា​ក្រុង​ដ៏​ស្រស់ស្អាត​នៅ​ព្រំដែន​ខ្មែរ​-​ថៃ (​ច្រក​ជាំ​-​សា​ងុំ​ា​) ចង់ឱ្យ​តំបន់​ប្រវត្តិសាស្ដ្រ​ទាំង​១៤ ក្នុងស្រុក​អន្លង់វែង មាន​ផ្លូវ​ត​ភ្ជាប់​គ្នា និង​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ សម្រាប់​ទេសចរ​ជាតិ​-​អន្ដរជាតិ​។ លោក លី សុខ​ឃាង បន្ថែមថា គោលដៅ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​ចង់ឱ្យ​ទេសចរ​ស្នាក់នៅ​អន្លង់វែង​យ៉ាងហោចណាស់​៣​ថ្ងៃ ដើម្បីឱ្យ​ពួកគេ​សិក្សា និង​ស្វែងយល់​តំបន់​ប្រវត្តិសាស្ដ្រ​ទាំង​១៤ ដែល​បាន​អ​ភ​រិ​ក្ស​ទុក និង​ជាការ​ចងចាំ​សម្រាប់​អ្នកជំនាន់ក្រោយ​។ ប្រវត្តិសាស្ដ្រ មិន​ត្រឹម​មាន​សារសំខាន់​តែ​ពេលបច្ចុប្បន្ន​នោះទេ តែ​សម្រាប់​ទៅ​ថ្ងៃ​អនាគត​ផងដែរ​។​
 
 
​ក្នុងនាម​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អន្ដរក្រសួង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានធ្វើ​ការងារ​ជាច្រើន​រួមមាន ការស្ដារ​ឡើងវិញ​នូវ​អតីត​ផ្ទះ​ប្រជុំ​តា​ម៉ុក​នៅលើ​ខ្នងភ្នំ​ដងរែក​។ បច្ចុប្បន្ន​ទីតាំង​នេះ​ក្លាយជា​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ជាទី​សម្រាប់​សិក្សា​ស្រាវជ្រាវ ការស្ដារ​ឡើងវិញ​នូវ​ផ្នែក​កសិកម្ម ព្រៃឈើ ការរៀបចំ​តំបន់​អភិរក្ស​ទាំង​១៤​ទីតាំង និង​ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​ទៅកាន់​តំបន់​ទាំងនោះ​ផងដែរ​។​
 
​បច្ចុប្បន្ន​កំណើន​ទេសចរ​ទៅកាន់​តំបន់​អន្លង់វែង កាន់តែ​ច្រើនឡើង ហើយ​ភាគច្រើន​ជា​ទេសចរ​ក្នុងស្រុក​។ ចំណែក​ទេសចរ​បរទេស​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ ការណ៍​នេះហើយ ដែល​ធ្វើឱ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ប្រឹងប្រែង​ផ្សព្វផ្សាយ ធ្វើយ៉ាងណា​ឱ្យ​ទេសចរ​បរទេស ធ្វើដំណើរ​ទៅកាន់​តំបន់​សន្ដិភាព​ចុងក្រោយ​នេះ ដ្បិត​តំបន់​នេះ មាន​រឿងរ៉ាវ​ជាច្រើន ដែល​ទាក់ទង​នឹង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​របប​ខ្មែរក្រហម ដែល​អ្នកទេសចរ​ទាំង​នោះ គួរ​បានដឹង​៕
  

Tag:
 អន្លង់វែង​
  លី សុខ​ឃាង​
  មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com