អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បន្ទាយ​យោធា Camp Humphreys៖ បេះដូង​យោធា​អាមេរិក​ប្រចាំ​ឧបទ្វីប​កូរ៉េ​
01, Dec 2018 , 10:39 pm        
រូបភាព
 សេ​អ៊ូ​ល​៖ បន្ទាយ Camp Humphreys គឺជា​មូលដ្ឋាន​យោធា​អាមេរិក​ធំជាងគេ​នៅ​ទឹកដី​កូរ៉េខាងត្បូង​។ ការដ្ឋាន​ចាប់ផ្ដើម​បន្ទាយ​មួយ​នេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០៦ ដោយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ជា​អ្នកចេញ​ថ្លៃ​ចំណាយ​៩២​ភាគរយ​នៃ​ការចំណាយ​សរុប​ចំនួន​១០.៧​ពាន់​លាន​ដុល្លារ ហើយ​ក្រុង​វ៉ាស៊ីនតោន​ចំណាយ​លើ​ការសាងសង់​អគារ​ធ្វើការ អាគារ​ស្នាក់នៅ និង​អាគារ​ចាំបាច់​ជាច្រើន​ទៀត​។ Camp Humphreys ជាទី​ស្នាក់​ទីបញ្ជាការដ្ឋាន​យោធា​ដ៏​ធំ​ចំនួន​បី​។​

 
​ស្ថិត​ចម្ងាយ​ជាង​៨០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល បន្ទាយ Camp Humphreys ប្រៀបបាន​ទៅនឹង​កូន​ក្រុង​តូច​មួយ​ទៅហើយ​។ ចន្លោះ​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១២ ដី​ជាច្រើន​លាន​ម៉ែត្រគូប​ត្រូវបាន​ចាក់​បំពេញ​ទីតាំង​មួយកន្លែង​ក្បែរ​ទីក្រុង Pyeongtaek ដើម្បី​បង្កើតជា​មូលដ្ឋាន​ទំហំ​ប្រមាណ​១៤០០​ហិច​តា និង​ដើម្បី​ទទួល​ការ​ស្នាក់​របស់​មន្ត្រី​យោធា និង​ស៊ីវិល​ចន្លោះ​ពី​១២០០០​នាក់​ទៅដល់​៣៦០០០​នាក់​។ នេះ​បើតាម​សៀវភៅ The Strategict Digest របស់​ទីបញ្ជាការ​យោធា​ក្នុង​បន្ទាយ​នេះ​។​
 
 
​មូលដ្ឋាន​មួយ​នេះ ស្ថិតក្រោម​គម្រោង​ផ្លាស់ប្ដូរ​ពី​មូលដ្ឋាន Yongsan ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដែល​ត្រូវ​ផ្ទេរ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​វិញ​។ អាគារ​ជាច្រើន​ត្រូវបាន​សាងសង់​ជា​បន្តបន្ទាប់​ដូចជា អាគារ​រដ្ឋបាល កន្លែង​ស្នាក់នៅ​របស់​កងទ័ព​និង​គ្រួសារ ផ្លូវ​ចុះ​យន្តហោះ​ដែល​អនុញ្ញាត​ឲ្យ​យន្តហោះ​សឹង​គ្រប់​ធុន​ចុះចត​បាន​។ ទីនេះ ជា​គោលដៅ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០១៧ ។​
 
 
​ទី​បញ្ជាក់​ការ​យោធា​ចំនួន​បី មាន​ទីស្នាក់ការ​នៅ​បន្ទាយ Humphreys គឺ​បញ្ជាការ​អង្គការសហប្រជាជាតិ (UNC) បញ្ជាការ​កម្លាំង​រួម (CFC) និង​បញ្ជាការ​កងទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង (USFK) ។ មេបញ្ជាការ​របស់​បញ្ជា​ការ​ទាំងបី​នេះ គឺ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន​អាមេរិក Robert B. Abrams ហើយ UNC មាន​មេបញ្ជាការរង​ឧ​ត្ត​ម​សេនីយ៍​កាណាដា​, CFC មាន​មេបញ្ជាការរង​ជា​ឧ​ត្ត​ម​សេនីយ៍​កូរ៉េខាងត្បូង និង USFK មាន​មេបញ្ជាការរង​ជា​ឧ​ត្ត​ម​សេនីយ៍​អាមេរិក​ផ្ទាល់​។ 
 
 
​ថ្វី​ដ្បិត UNC បង្កើត​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ឯ CFC ជា​យន្តការ​ទ្វេភាគី​អាមេរិក​-​កូរ៉េខាងត្បូង និង USFK ជា​របស់​អាមេរិក​ក្ដី ទីបញ្ជាការ​ទាំងបី​នេះ​មាន​គោលដៅ​ជារួម គឺ​ការពារ​កូរ៉េខាងត្បូង​ដូចគ្នា​។ CFC ដែលជា​កម្លាំង​រួម​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​មាន​ទំហំ​ជាង​៦៥​ម៉ឺន​នាក់ ហើយ​កងទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង​ផ្ទាល់​មាន​ចំនួន​២៨៥០០​នាក់​ដែរ​។ 
  
                 ឯកសណ្ឋានកងទ័ពប្រចាំមូលដ្ឋានយោធា Humphreys

​វត្តមាន​សន្ធឹកសន្ធាប់​យោធា​នៅ​បរទេស​នេះ ធ្វើ​ឲ្យ​លោក ត្រាំ មិន​រីករាយ​ឡើយ និង​ទាមទារ​ឲ្យ​ប្រទេស​ដែលមាន​មូលដ្ឋានទ័ព​អាមេរិក​ជួយ​ចេញថ្លៃ​ចំណាយ​ផង​រាប់ទាំង​កូរ៉េខាងត្បូង​ផង​។ ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន​កំពុង​ចរចា​គ្នា​លើ​បញ្ហា​នេះ ខណៈ​មានការ​រំពឹងថា ក្រុង​សេ​អ៊ូ​លអាច​នឹង​បង្កើន​ថវិកាបដិភាគ​របស់ខ្លួន​សម្រាប់​យោធា​អាមេរិក​៕
 
 
  

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com