សង្គមអន្តរជាតិ
អន្តរជាតិ
ព្រៃអាម៉ាហ្សូនរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ
× ព្រៃនៅតំបន់អាម៉ាហ្សូននៅប្រទេសប្រេស៊ីលដែលជាព្រៃត្រូពិចមានទំហំធំជាងគេនៅក្នុងពិភពលោកបានជួបប្រទះការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងទសវត្សរ៍ចុងក្រោយនេះ។
ព្រៃស្ថិតនៅលើផ្ទៃដីប្រមាណ ៧៩០០គីឡូម៉ែត្រការ៉េត្រូវបានឈ្មួញខុសច្បាប់លួចកាប់បំផ្លាញក្នុងរយៈពេលចន្លោះពីខែសីហាឆ្នាំ២០១៧ដល់ខែមិថុនា២០១៨។ នេះបើតាមរបាយការណ៍ផ្លូវការរបស់ប្រទេសប្រេស៊ីល ចុះផ្សាយដោយសារព័ត៌មានអង់គ្លេស BBC ចុងខែវិច្ឆិកាកន្លងទៅ។
ទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាលប្រេស៊ីលដែលមានក្នុងរបាយការណ៍ខាងលើនោះបានឲ្យដឹងថា ការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ទាំងអស់នេះភាគច្រើនកើតឡើងនៅតាមតំបន់នានាដូចជាតំបន់ Mato Grosso និង Para ដែលសុទ្ធតែមានភាពល្បីល្បាញទាក់ទិននឹងការដាំដំណាំធញ្ញជាតិផង។ ការទន្ទ្រានដីព្រៃអាម៉ាហ្សូននេះក៏ធ្វើឡើងក្នុងគោលដៅបង្កើនដីកសិកម្មដែរ។
លោក Edson Duarte រដ្ឋមន្ត្រីបរិស្ថាប្រេស៊ីលមានប្រសាស៍ថា៖ «ឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើដែលត្រូវបានធ្វើឡើងជាប្រព័ន្ធនេះ ត្រូវតែមានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដើម្បីការពារសម្បត្តិធម្មជាតិដ៏ធំធេងមួយនេះផង»។
ព្រៃអាម៉ាហ្សូនគឺជាតំបន់មួយដែលមានភាពចម្រូងចម្រាសខ្លាំងទាក់ទិននឹងការកាប់បំផ្លាញព្រៃឈើអស់រយៈជាច្រើនឆ្នាំមកហើយ។ គេឃើញមានការអន្តរាគមន៍ និងជួយជ្រោមជ្រែងជួយដោះស្រាយបញ្ហានេះពីទីភ្នាក់ងារពាក់ព័ន្ធនានានៅទូទាំពិភពលោកដែរ។
តំបន់អាម៉ាហ្សូនដ៏ធំធេងដែលមានទីតាំងគ្របដណ្តប់លើប្រទេសមួយចំនួន នៅទ្វីបអាមេរិកខាងត្បូងនេះ គឺជាជម្រកសត្វព្រៃរាប់លានក្បាលនិងរុក្ខជាតិប្លែកៗជាច្រើនសរុបរាប់ម៉ឺនប្រភេទដែលអ្នកវិទ្យាសាស្ត្រជាច្រើនអ្នកកំពុងសិក្សាជាប្រចាំដែរ។
Tag:
អាម៉ាហ្សូន
បរិស្ថាន)
© រក្សាសិទ្ធិដោយ thmeythmey.com