ជាតិ
សង្គមជាតិ
អភិបាលក្រុង​សៀមរាប​ថ្មី បេ្ដ​ជ្ញា​ខ្ពស់​ក្នុង​ការរំដោះ​ចិញ្ចើមផ្លូវ​មកឱ្យ​អ្នកដំណើរ​វិញ​
02, Dec 2018 , 9:56 am        
រូបភាព
​សៀមរាប​៖ អភិបាលក្រុង​សៀមរាប​ថ្មី ដែល​ទើប​ឡើងកាន់តំណែង​នៅ​ពាក់​កណ្ដាលខែ វិច្ឆិកា លោក នួន ពុទ្ធា​រ៉ា បានបង្ហាញ​គោលជំហរ និង​ការតាំង​ចិត្ត​ខ្ពស់ ចំពោះ​ការងារ​រំដោះ​ចិញ្ចើមផ្លូវ​មកឱ្យ​អ្នកដំណើរ​។ សម្រាប់​លោក​អភិបាលក្រុង បញ្ហា​នេះ​ក្លាយជា​ចំណុច​អាទិភាព​សម្រាប់​រដ្ឋបាល​របស់លោក ហើយ​លោក​បេ្ដ​ជ្ញា​ចិត្ត​ថា នឹងធ្វើ​ការងារ​នេះ​មិន​ដក​ដៃ​ឡើយ​។​

 
​ភ្លាមៗ បន្ទាប់ពី​ចូលកាន់​តំណែង​ជា​អភិបាលក្រុង​សៀមរាប​ថ្មី លោក នួន ពុទ្ធា​រ៉ា បានបង្ហាញ​ជំហរ​មាំទាំ​ចំពោះ​បញ្ហា​រំដោះ​ចិញ្ចើមផ្លូវ​។ ការលើកឡើង​នេះ នៅពេលដែល​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មានបំណង​រៀបចំ​យុទ្ធនាការ​មួយ រួមគ្នា​រំដោះ​ចិញ្ចើមផ្លូវ​សាធារណៈ សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ដែលមាន​ចំនួន​ច្រើន​នៅ​ខេត្តសៀមរាប​។​
 
​លោក ផាវ ព្រឿ​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ខេត្តសៀមរាប បានបង្ហាញ​ពី​ផែនការ​មួយ​ដោយ​ក្នុងនោះ រៀន​ចំ​ឱ្យមាន​យុទ្ធនា​ការរំដោះ​ចិញ្ចើមផ្លូវ ដែល​បច្ចុប្បន្ន​លោក​មើលឃើញថា វា​ត្រូវបាន​រំលោភ​ដោយ​ឯកជន​។ «​បញ្ហា​ត្រង់​ថា ការប្រើប្រាស់​ចំណី​ថ្នល់ របស់​សាធារណៈ​ជា​របស់​ឯកជន ម្នាក់ៗ​គិតថា មុខផ្ទះ​របស់គេ​ជា​កម្មសិទ្ធិឯកជន ចង់​ធ្វើ​អ្វី​ក៏បាន​»​។ នេះ​ជាការ​បន្ថែម​របស់លោក ព្រឿ​ន ទាក់ទង​នឹង​បញ្ហា​ចិញ្ចើមផ្លូវ​នេះ​។​
 
​បើតាម​ការបញ្ជា​ក់រប​ស់​ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ខេត្តសៀមរាប បើ​ការងារ​នេះ​ជោគជ័យ លោក ជឿជាក់ថា វា​ជា​ផ្នែក​មួយ​ពន្យា​ដល់​ការ​ស្នាក់នៅ និង​ការកម្សាន្ត​ទេសចរ ក្នុង​ក្រុង​សៀមរាប​បាន​មួយកម្រិត​ទៀតផង​ដែរ​។ ក្រៅពី​បង្ហាញ​ពី​បំណង​ក្នុងការ​រៀបចំ​យុ​ទ្ធា​ការ​នេះ លោក ព្រឿ​ន ចង់ឱ្យមាន​ការចូលរួម​ពី​អាជ្ញាធរ ជាពិសេស​វិស័យ​ទេសចរណ៍ ដើម្បី​ប្រាកដថា ទទួលបាន​ជោគជ័យ​។​
 
​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ អភិបាលក្រុង​សៀមរាប លោក នួន ពុទ្ធា​រ៉ា លើកឡើងថា មិន​ត្រឹមតែ​ចូលរួម​ប៉ុណ្ណោះ​ទេ តែ​វា​ជា​បំណង​ប្ដូរផ្ដាច់​របស់​ក្រុង​ផងដែរ​។ យ៉ាងណា​លោក​ថា បញ្ហា​នេះ​កន្លងមក​មាន​ភាពស្មុគស្មាញ និង​ប្រឈម ដូច្នេះ​ត្រូវការ​ពិចារណា​ឱ្យបាន​ច្បាស់លាស ថា​តើ​កម្រិតណា​ដែល​អនុញ្ញាតឱ្យ​ពលរដ្ឋ​ប្រើប្រាស់ កម្រិតណា​ទុក​សម្រាប់​អ្នកដំណើរ សម្រាប់​ប្រកប​អាជីវកម្ម សម្រាប់​ចំណត គឺ​ត្រូវមាន​ការពិចារណា​ឱ្យ​ច្បាស់លាស់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com