ជាតិ
សង្គមជាតិ
ក្រោយបាត់មុខ១០ឆ្នាំ អ្នកនិពន្ធ ម៉ៅ សំណាង បង្ហាញមុខជាថ្មីជាមួយប្រលោមលោក«ប្រលោមចិត្ត»
× ភ្នំពេញ៖ ក្រោយពីបាត់មុខអស់រយៈពេល១០ឆ្នាំ អ្នកនិពន្ធ ម៉ៅ សំណាង បានបង្ហាញមុខជាថ្មីជាមួយសៀវភៅប្រលោមលោកដែលមានចំណងជើងថា” ប្រលោមចិត្ត”។ “ប្រលោមចិត្ត” បានរំលេចឱ្យឃើញពីការផ្ដល់កម្លាំងចិត្តដល់មនុស្ស ពេលជួបឧបសគ្គ ឬ បាក់ទឹកចិត្ត ដោយលាយឡំនឹងស្នេហា។
ព្រោះតែការលួចចម្លងស្នាដៃ និងការមិនឱ្យតម្លៃពីបណ្ណាគារទៅលើស្នាដៃរបស់ខ្លួនអ្នកស្រី ម៉ៅ សំណាង ត្រូវបង្ខំចិត្តលះបង់ការសរសេរប្រលោមលោករហូតទៅដល់១០ឆ្នាំ។ ក្នុងរយៈពេល១០ឆ្នាំនេះដែរ អ្នកនិពន្ធដែលតែងតែទទួលបានជោគជ័យលើស្នាដៃប្រលោមលោកគ្រប់ចំណងជើងនោះ បានជួបបញ្ហាបាក់ទឹកចិត្តដូចមនុស្សទូទៅដែរ។
សង្គមដែលតែងតែមានការលួចចម្លងគ្នាទៅវិញទៅមក ធ្វើឱ្យស្ត្រីរាងស្គមសម្បុរសរូបនេះស្ទើរអស់ទឹកចិត្តនិពន្ធប្រលោមលោក តែទោះជាយ៉ាងណាក៏ដោយ អ្នកស្រី ម៉ៅ សំណាង នៅបន្តនិពន្ធអត្ថបទភាពយន្ត និងរង់ចាំឱកាសល្អបន្តស្នាដៃប្រលោមលោករបស់ខ្លួនជាថ្មី។
ក្រោយពីមានការគាំទ្រពីក្រុមអ្នកនិពន្ធវ័យក្មេង ក្នុងការជួយជ្រោមជ្រែងបោះពុម្ពសៀវភៅ អ្នកនិពន្ធជោគជ័យក្នុងវិថីទឹកខ្មៅរូបនេះ ចាប់ផ្ដើមបោះពុម្ភសៀវភៅដោយខ្លួនឯង ដោយចាប់ផ្ដើមពីសៀវភៅ”ប្រលោមចិត្ត”។
ក្នុងកម្មវិធីសម្ពោធសៀវភៅ”ប្រលោមចិត្ត” អ្នកនិពន្ធ ម៉ៅ សំណាង ដែលមានស្នាដៃប្រលោមលោកជាង១០០ចំណងជើង សុទ្ធតែទទួលបានការគាំទ្រនោះ បានចែករំលែកពីគន្លឺះដើម្បីឱ្យស្នាដៃរបស់ខ្លួនទទួលបានការគាំទ្រពីអ្នកមើល គឺត្រូវតែប្រើប្រាស់ពាក្យពេចន៍ដែលមានប្រយោជន៍ទៅដល់អ្នកមើល។
អ្នកនិពន្ធរូបនេះ បានឱ្យតម្លៃប្រលោមលោកថា ជាឃ្លាំងចំណេះ មានទាំងការអប់រំ ការកម្សាន្ត និងការអភិវឌ្ឍ។ «ប្រលោមលោកអាចជួយមនុស្សច្រើន តាមអ្វីដែលយើងចង់ជួយ។ វាមានទាំងចំណេះ ការអប់រំ និងការអភិវឌ្ឍផ្សេងៗ»។នេះជាការបញ្ជាក់របស់អ្នកស្រី ម៉ៅ សំណាង។
អ្នកនិពន្ធដែលបានលះបង់ពេលវេលាស្ទើរពេញមួយជីវិត តែទៅលើទឹកខ្មៅរូបនេះ បានណែនាំដល់យុវវ័យថា សូមព្យាយាមពុះពារដើរទៅរកក្ដីសុបិនរបស់ខ្លួន ទោះបីជាជួបឧបសគ្គ យ៉ាងណាក៏ដោយ សូមកុំបោះបង់ចោលជាដាច់ខាត។ អ្នកនិពន្ធ ម៉ៅ សំណាង បញ្ជាក់៖ «គ្មានអ្នកណាដែលមិនធ្លាប់ដួលទេ តែត្រូវតែក្រោកដើរជាថ្មី គង់មានថ្ងៃមួយយើងនឹងបានជោគជ័យ»។
ចាប់ពីពេលនេះទៅអ្នកស្រី ម៉ៅ សំណាង នឹងប្រឡូកក្នុងវិស័យតែងនិពន្ធ ទាំងភាពយន្ត និងប្រលោមលោក តែចំណាយពេលកាន់តែច្រើន ទៅលើការនិពន្ធប្រលោមលោក។
ប្រលោមលោកដែលចេញបន្ទាប់ពីរឿង “ប្រលោមចិត្ត” គឺរឿង” សែងសុរិយា” ដែលជាប្រភេទប្រលោមលោកជួយផ្ដល់កម្លាំងចិត្ត។ និងរឿង “ទន្សាយជានរណា” និយាយពីប្រវត្តិពិតរបស់អ្នកនិពន្ធ ការជួបឧបសគ្គ បទពិសោធន៍ផ្ទាល់ខ្លួន និងបង្ហាញពីវិធីតែងនិពន្ធផងដែរ៕
Tag:
ម៉ៅ សំណាង
ប្រលោមលោក
អប់រំ
សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com