ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​៖ លោក កឹម សុខា មាន​សិទ្ធិ​បង្ហាញ​ឆន្ទៈ​ខ្លួន តាមរយៈ​មេធាវី ប៉ុន្តែ​មិន​ស្ថិតក្នុង​សកម្មភាព​នយោបាយ​
02, Dec 2018 , 6:59 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា
រូបពីហ្វេសប៊ុកលោក កឹម សុខា
​ភ្នំពេញ​៖ មេធាវី​លោក កឹម សុខា គឺជា​អ្នកនាំពាក្យ និង​ចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ពី​ឆន្ទៈ​របស់លោក កឹម សុខា ទៅលើ​ចំណុច​អ្វីមួយ​អ្វីដែល​កើតឡើង​។ នេះ​បើតាម​លោក កឹម សុខា ដែល​បាន​ផ្ទេរសិទ្ធិ​បង្ហាញ​ឆន្ទៈ​ខ្លួន ទៅ​ឲ្យ​មេធាវី​។​


​ក្នុង​រូបថត​មួយ​សន្លឹក ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន លោក កឹម សុខា និង​ក្រុម​មេធាវី បាន​ជួប​ពិភាក្សាគ្នា​ពី​រឿង​កិច្ចការ​មួយចំនួន នៅក្នុង​គេហដ្ឋាន​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​។ តាមរយៈ​រូបភាព ដែល​បង្ហោះ​នៅ​ថ្ងៃទី​២ ធ្នូ​នេះ លោក កឹម សុខា បាន​សរសេរ​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​សិទ្ធិ​ឲ្យ​មេធាវី​របស់ខ្ញុំ​នាំពាក្យ​និង​បង្ហាញ​ពី​ឆន្ទៈ​ខ្ញុំ​ដែលជា​កូនក្តី​ជា​ផ្លូវការ​ស្របតាម​បញ្ញត្តិ​ច្បាប់​»​។​
 
​ត្រង់ចំណុច​នេះ​លោក ចាន់ ចេ​ន មេធាវី​ម្នាក់ ក្នុងចំណោម​មេធាវី​ផ្សេងទៀត​របស់លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្វីដែល​លោក កឹម សុខា សរសេរ​នេះ គឺ​ចង់​បញ្ជាក់​ពី​ឆន្ទៈ​ខ្លួន ក្នុងការ​បញ្ចេញមតិ​តាមរយៈ​មេធាវី ដែល​វា​មិនមែន​ស្ថិតនៅក្នុង​សកម្មភាព​នយោបាយ​នោះទេ​។​
  
 
«​ខ្ញុំ​សូមបញ្ជាក់ថា ទោះបី​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តុលាការ​ក៏ដោយ ប៉ុន្តែ​លោក កឹម សុខា គាត់​នៅមាន​បុព្វសិទ្ធិ​ការពារ​ដោយ​ច្បាប់ ។​ហើយ​សិទ្ធិ​របស់លោក កឹម សុខា ពេលនេះ អាច​បង្ហាញ​ឆន្ទៈ​ខ្លួន​បាន តាមរយៈ​មេធាវី ដែល​វា​ស្របតាម​ច្បាប់ ក្នុងការ​ឲ្យ​មេធាវី​ធ្វើជា​អ្នកនាំពាក្យ​ខ្លួន​។ ដូច្នេះ​អ្វីដែល​លោក កឹម សុខា កូនក្តី​ខ្ញុំ ប្រាប់​ឲ្យ​មេធាវី​នាំពាក្យ​បង្ហាញ​ឆន្ទៈ​ខ្លួន ទៅ​មជ្ឈដ្ឋាន​ខាងក្រៅ​គឺ​គ្មានអ្វី​ខុសច្បាប់​ទេ ហើយ​វា​ក៏​មិនមែនជា​សកម្មភាព​នយោបាយ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ចាន់ ចេ​ន​។​
 
​កាលពីពេល​ថ្មីៗ​នេះ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ក៏​ធ្លាប់​បានបង្ហាញ​ពី​ឆន្ទៈ​របស់​កូនក្តី​ខ្លួន តាមរយៈ​សេចក្តីថ្លែងការណ៍ និង​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ផងដែរ​។ ជាក់ស្ដែង​ដូចជា​ឆន្ទៈ​របស់លោក កឹម សុខា ដែល​មិន​គាំទ្រ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សន្និសីទ​នៅក្រៅ​ប្រទេស​ជាដើម​។​
​សូម​រម្លឹកថា លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាល​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការសង្ស័យថា បាន​សហការ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ រហូតដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ដោះលែង​ឲ្យ​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ឲ្យ​ទៅ​រស់នៅ​ក្នុងផ្ទះ ដោយ​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​យ៉ាង​តឹងរឹង​៕
 
  

Tag:
 កឹម សុខា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com