អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សប្រឆាំង​មី​យ៉ាន់​ម៉ា អស់ជំនឿ​ចិត្ត​លើ​អង្គភាព​បោះឆ្នោត​ដោយ​ចោទថា​លម្អៀង​ទៅ​បក្ស​កាន់អំណាច​
02, Dec 2018 , 10:39 pm        
រូបភាព
ដោយ:
គណបក្សប្រឆាំង​ធំជាងគេ​របស់​មី​យ៉ាន់​ម៉ា សហភាព​រួបរួម និង​ការអភិវឌ្ឍ ( USDP) បាន​សម្តែង​ការ​អស់ជំនឿ​ទុកចិត្ត​ទៅលើ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​របស់​ប្រទេស ដោយ​ចោទ​អង្គភាព​នេះ​ថា មិន​អព្យាក្រឹតភាព និង​គ្មាន​គណនេយ្យភាព​។​


​គណបក្ស​សហភាព​រួបរួម និង​ការអភិវឌ្ឍ​របស់​មី​យ៉ាន់​ម៉ា (USDP) នៅ​ថ្ងៃ​២៧ ខែវិច្ឆិកា ចោទប្រកាន់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោតរ​បស់​ខ្លួន ថា មាន​ចេតនា មិន​ដោះស្រាយ និង​ឆ្លើយតប​តាម​បណ្តឹង​របស់​បក្សប្រឆាំង​ដែល​បានដាក់​ស្នើ​ពាក់ព័ន្ធ​នឹង​ការរំលោភ​អំណាច​របស់​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times បក្សប្រឆាំង USDP បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ពី​ជំហរ​មិន​ចិត្ត​ទៅកាន់​អង្គភាព​រៀបចំ​ការបោះឆ្នោត ដោយបាន​ចោទ​ជា​សំណួរ​ថា​តើ​ហេតុអ្វី​អង្គភាព​មួយ​នេះ បាន​ពន្យារ​ការស៊ើបអង្កេត​លើ​បណ្តឹង​ប្រឆាំងនឹង​បក្ស​កាន់អំណាច​ដែល​បានដាក់​តាំងពី​យូរ​។ ឥរិយាបថ​បែបនេះ ត្រូវបាន​បក្សប្រឆាំង ចាត់ទុកថា​គឺជា​រឿង​លម្អៀង​មួយ​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​។ 
 
​បក្សប្រឆាំង USDP បាន​អះអាងថា មិនមែន​មានតែ​បក្ស​របស់ខ្លួន​ប៉ុណ្ណោះ​នោះទេ ដែល​មិន​ពេញចិត្ត ពោលគឺ សម្ព័ន្ធ​របស់ខ្លួន​២៧​បក្ស​ផ្សេងទៀត ក៏​សម្តែង​ការខកចិត្ត និង​អស់​ទំនុក​លើ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ដូចគ្នា​ផងដែរ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។ 
 
​ការណ៍​ដែល​ធ្វើ​ឲ្យ​សម្ព័ន្ធ​បក្សប្រឆាំង​ដឹកនាំ​ដោយ បក្ស USDP ដែល​អាណត្តិ​មុន​គឺជា​បក្ស​កាន់អំណាច ប្រតិកម្ម​ខ្លាំង​បែបនេះ ពីព្រោះ​ពួកគេ បានដាក់​បណ្តឹង​តាំងពី​ខែកញ្ញា ក្នុង​គោលបំណង​ឲ្យ​ដើម្បី​ឲ្យ​បក្ស​កាន់អំណាច​មាន​វិធានការ​ជាបន្ទាន់​ដើម្បី​បញ្ឈប់​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​សន្តិសុខ​សាធារណៈ​មាន​ភាពល្អប្រសើរ​ឡើងវិញ​។​
 
​ក៏ប៉ុន្តែ​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​បក្សប្រឆាំង គណៈកម្មាធិការ បាន​ទុក​បណ្តឹង​របស់​ពួកគេ​រយៈពេល​យូរ ពោលគឺ​ក្រោយ​មួយខែ​នៃ​ការដាក់​បណ្តឹង​នេះ ទើប​មានការ​ឆ្លើយតប ហើយ​ការឆ្លើយតប​នឹង​នោះ បែប​ជា​ទទូច​ឲ្យ​សម្ព័ន្ធ​បក្សប្រឆាំង បញ្ជាក់​ពី​ប្រភេទ​លិខិត និង​មាន​តំណាង​បក្ស​ឲ្យ​បាន​ត្រឹមត្រូវ​ទៅវិញ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  USDP
© រក្សាសិទ្ធិដោយ thmeythmey.com