ជាតិ
សង្គមជាតិ
បើក​ទស្សនា​ដោយ​សេរី​រយៈពេល​៣​ថ្ងៃ អបអរ​ខួប​១០​ឆ្នាំ នៃ​ការបង្កើត​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​
02, Dec 2018 , 10:59 pm        
រូបភាព
 សៀមរាប​៖ នៅ​ថ្ងៃទី​២ ធ្នូ អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ខួប ១០​ឆ្នាំ នៃ​ការបង្កើត​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ដែលមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ភឿង ស​កុ​ណា​។ ដើម្បី​អបអរ​នូវ​ពិធី​នេះ គឺមាន​ការបើក​ឱ្យចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ៤-៦ ធ្នូ​។​

 
​ពិធី​ប្រារព្ធ​ខួប​១០ ឆ្នាំ នៃ​ការដាក់​សម្ពោធ​ជា​ផ្លូវការ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ មន្ត្រីរាជការ អ្នកជំនាញការ​ជាតិ អន្ដរជាតិ និង​ភ្ញៀវ​អន្ដរជាតិ​ប្រមាណ ១០០​នាក់​។ ជាមួយគ្នានេះដែរ ពិធី​ពុទ្ធា​ភិ​សេក​ព្រះពុទ្ធ​អង្គ​ធំ ក៏​រៀបចំ​ដំណាលគ្នា​នេះដែរ​។ បន្ទាប់ពី​រៀបចំ​ពិធី​សាសនា​ចប់ លោកស្រី ភឿង ស​កុ​ណា ក៏បាន​ចូល​ទស្សនា​នៅក្នុង​សារមន្ទីរ​ផងដែរ​។ 
 
​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន អ៊ី​អុង របស់​ជប៉ុន តាមរយៈ​មូលនិធិ ១% និង​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ ២០០៧ ក្រោម​អធិបតីភាព​របស់​ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដើមហេតុ​នៃ​ការបង្កើត​សារមន្ទីរ​នេះ គឺ​ដោយសារ​នៅ​ឆ្នាំ ២០០១ តាមរយៈ​ការស្រាវជ្រាវ​នៅ​ប្រាសាទបន្ទាយក្ដី​រវាង​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា និង​បុរាណ​វិទូ​ខ្មែរ បាន​ប្រទះឃើញ​បំណែក​បដិមា​ចំនួន ២៧៤​។ ជា​បណ្ដុះ​អាសន្ន រូបចម្លាក់​ទាំងអស់ ត្រូវបាន​នាំទៅ​រក្សាទុក​នៅ​មជ្ឈមណ្ឌល សូ​ហ្វី​យ៉ា ហើយ​នៅ​ឆ្នាំ ២០០៣ ប្រធាន​កិ​តិ្ដ​យស​របស់​ក្រុមហ៊ុន អ៊ី​អុង បានមក​ទស្សនា​កន្លែង​តម្កល់​រូបចម្លាក់​នោះ ហើយក៏​មានបំណង​បង្កើត​សារមន្ទីរ​មួយ​សម្រាប់​តម្កល់​រូប​ទាំងនោះ​។​
 
 
​ដើម្បី​អបអរ​នូវ​ខួប ១០​ឆ្នាំនេះ សាធារណជន​ទាំងអស់ អាច​ចូល​ទស្សនា​ដោយ​សេរី​នៅ​សារមន្ទីរ ចាប់ពី​ថ្ងៃទី​៤-៦ ធ្នូ និង​អមដោយ​ពិព័រណ៍​ខ្នាតតូច​មួយ​បន្ថែម​ស្ដីពី ព្រះពុទ្ធ​ជា​គ្រូថ្នាំ​។​
 
​ទាក់ទង​នឹង​ព្រះពុទ្ធ​អង្គ​ធំ​ដែលមាន​កម្ពស់​៦​ម៉ែត្រ វិញ ត្រូវបាន​សាងសង់​តាមរយៈ​ជំនួយ​ឧបត្ថម្ភ​ដោយ​លោកស្រី Sulata Mitra Sarkar ជនជាតិ​ឥណ្ឌា នៅ​ឆ្នាំ ២០១១ ក្នុង​បំណង​ដើម្បី​សុំ​សេចក្តីសុខ​សន្ដិភាព និង​ភាពសុខដុមរមនា ក៏ដូចជា​ទុកជា​ទីសក្ការៈ​ដល់​ប្រជាជន​ខ្មែរ​ទូទៅ​៕
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com