ជាតិ
សង្គមជាតិ
មន្ត្រីថា ទីបដិសណ្ឋារកិច្ចនៅមុខអង្គរវត្តអាចនឹងចេញជារូបរាងនាពេលឆាប់ខាងមុខ
× សៀមរាប៖ គម្រោងស្ថាបនាទីបដិសណ្ឋារកិច្ច ឬហៅតាមភាសាបារាំងថា Parvis នៅមុខប្រាសាទអង្គរវត្ត អាចនឹងលេចចេញជារូបរាងនាពេលដ៏ឆាប់ខាងមុខនេះ ប្រសិនបើគម្រោងនេះត្រូវបានយល់ព្រម និងឯកភាពពីគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។ អាយស៊ីស៊ី-អង្គរ ដើរតួជាអ្នកផ្តល់បច្ចេកទេស និងជំនាញផ្សេងៗក្នុងការជួសជុល អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។
អ្នកជំនាញការអាដហុករបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ បានចុះពិនិត្យមើលការដ្ឋានមួយចំនួននៅរមណីយដ្ឋានអង្គរ ដែលការងារនេះតែងធ្វើជាទៀងទាត់ នៅរៀងរាល់មុនកិច្ចប្រជុំរបស់គណៈកម្មាធិការមួយនេះ។ ក្នុងការចុះពិនិត្យនោះ គណៈប្រតិភូអាដហុក ក៏បានចុះពិនិត្យ Parvis នៅអង្គរវត្តផងដែរ ដើម្បីស្ដាប់អ្នកជំនាញការខ្មែរលើគម្រោងស្ថាបនានាពេលអនាគត។
លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ក្នុងពេលអមដំណើរជាមួយប្រតិភូអាដហុក នៅព្រឹកថ្ងៃទី១ ធ្នូ បានឱ្យដឹងថា ក្រោយមានការជជែកជាច្រើនលើកច្រើនសារ លោកសង្ឃឹមថា គម្រោងស្ថាបនា Parvis អាចនឹងរៀបចំឆាប់ៗ។ លោកបន្ថែមថា ដោយសារអង្គរវត្តជាកន្លែងសំខាន់ ដូច្នេះការរៀបចំអ្វីមួយមិនមែនជារឿងងាយស្រួលឡើយ គឺត្រូវការជជែកគ្នាច្រើន។ «ខ្ញុំសង្ឃឹមថា នេះជាលើកចុងក្រោយក្នុងការពិភាក្សាគ្នា ហើយនឹងឈានដល់ការអនុញ្ញាតឱ្យមានការដ្ឋាន តែនេះមិនអាស្រ័យលើយើង (អាជ្ញាធរជាតិអប្សរា) ទេ គឺថាតើអ្នកជំនាញសម្រេច»។ លោក ហង់ ពៅ ពន្យល់។
គួរបញ្ជាក់ថា Parvis ជាគម្រោងរៀបចំទីបដិសណ្ឋារកិច្ចសម្រាប់ទេសចរ ដែលរៀបចំកន្លែងរូបភាពប្រវត្តិប្រាសាទ កន្លែងលក់ដូរ និងទីចំណតសម្រាប់រថយន្ត។ល។ កម្រោងនេះ បានអនុវត្តន៍រួចមកហើយនៅប្រាសាទបន្ទាយស្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com