ជាតិ
សង្គមជាតិ
ធាតុរបស់វេជ្ជបណ្ឌិត Beat Richner នឹងយកមកតម្កល់នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប នៅថ្ងៃទី០៥ ធ្នូ
×
សៀមរាប៖ ធាតុរបស់វេជ្ជបណ្ឌិត Beat Richner ដែលពលរដ្ឋខ្មែរចាត់ទុកថាជាវីរបុរសជួយសង្គ្រោះកុមារកម្ពុជា នឹងយកមកតម្កល់នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប នៅថ្ងៃទី០៥ ខែឆ្នូ ដើម្បីឲ្យពលរដ្ឋខ្មែរអាចគោរពវិញ្ញាណក្ខន្ធរបស់លោក ។ នេះបើតាមលោក គី សាន់ទី នាយកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានប្រាប់អ្នកសារព័ត៌មានថ្មីៗ តាមរយៈទូរសព្ទ។
លោក គី សាន់ទី នាយកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានប្រាប់មូលហេតុដែលនាំយកធាតុរបស់លោកវេជ្ជបណ្ឌិត Beat Richner មកកម្កល់នៅកម្ពុជា គឺចង់ឲ្យពលរដ្ឋខ្មែរទាំងមូល បានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក Beat Richner និងរំលឹកពីការលះបង់ និងការតស៊ូជួយសង្គ្រោះកុមារកម្ពុជា។ លោក គី សាន់ទី បញ្ជាក់ថា៖« ខាងមន្ទីរពេទ្យគន្ធបុប្ផាយើង នឹងនិមន្តព្រះសង្ឃ៧០០អង្គ ដើម្បីមកបង្សុកូល និងសូត្រមន្ត ដើម្បីឧទ្ទិសវិញ្ញាណក្ខន្ធដល់លោក ហើយយើងនឹងអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបដែលគោរពស្រឡាញ់គាត់ អាចមកអុជធូបគាត់បាន ដើម្បីកុំឲ្យភ្លេចគាត់ ដែលគាត់បានលះបង់គ្រប់យ៉ាងដល់ពលរដ្ឋខ្មែរ»។
រម្លឹកពីលោក Beat Richner លោក សាន់ ទី បានបង្ហាញពីអារម្មណ៍ស្រណោះនឹកនាដល់លោក Beat Richner ផងដែរ។ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ នឹងយាងព្រះរាជទាន ធូបទាន និងកម្រងផ្កា ក្នុងពិធីបង្សុកុល នាចេតិយតម្កល់អដ្ឋិលោកវេជ្ជបណ្ឌិត Beat Richner នៅថ្ងៃទី៦ ធ្នូផងដែរ ។
សូមរម្លឹកថា លោក Beat Richner បានទទួលមរណភាពនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយសារជំងឺក្នុងវ័យ៧១ឆ្នាំ នៅទីក្រុង Zurich ប្រទេសស្វីស៕
Tag:
Beat Richner
គន្ធបុប្ផា
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com