ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ​បែក​គ្នា​ដូច​គេ​ថា​មែន​ទេ​? លោក សម រង្ស៊ី លោក កឹម សុខា !
03, Dec 2018 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ក្រសែភ្នែក​មហាជន​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​បែង​ចែង​ទៅជា​ក្រុម​លោក​សម រង្ស៊ី​និយម និង ក្រុម​លោក​កឹម សុខា​និយម​។ ការមើលឃើញ​ពីរ​បំណែក​នេះ កើតឡើង​ក្រោយពី​លោក សម រង្ស៊ី ត្រូវបាន​ស្នើ​ឲ្យ​ឡើងកាន់តំណែង​ជា​ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

 
​សម រង្ស៊ី​-​កឹម សុខា ជា​មនុស្ស​តែមួយ មិនមាន​អ្នកណា​បំបែក​បានឡើយ​! សម្រាប់​ស្ថានការណ៍​នេះ មនុស្ស​មួយចំនួន​គិតថា សម្ព័ន្ធមិត្ត​រវាង​លោក សម រង្ស៊ី និង លោក កឹម សុខា ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១២​មក ហើយ​បាន​ឆ្លងកាត់​ឧបសគ្គ​យ៉ាង​ត្រដាបត្រដួស​ជាមួយគ្នា​នោះ កំពុងតែ​ប្រេះឆា​។ គេ​មើលឃើញ​សញ្ញា​នៃ​ការបែកបាក់​នេះ នៅពេល​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូល​ផ្តុំគ្នា ធ្វើ​សន្និសីទ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១-២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​បានសម្រេច​ជ្រើសរើស​លោក សម រង្ស៊ី ឲ្យ​ឡើងកាន់តំណែង​ជា​ប្រធានស្តីទី​នៃ​គណបក្ស​នេះ ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​និង​ប្រមូល​កម្លាំង​គ្នា​ឡើងវិញ​។ 
 
​លោក សម រង្ស៊ី និង​អ្នកគាំទ្រ យល់ថា មានតែ​ធ្វើ​ដូច្នេះ​ទេ ទើប​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន ហើយ​អាចធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ហើយ​លោក កឹម សុខា ក៏​នឹង​ទទួលបាន​សេរីភាព​ពេញលេញ​ដែរ​។ លោក សម រង្ស៊ី ប្រកាស​ក្នុង​សន្និសីទ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ព្រម​ទទួលយក​តំណែង​ជា​ប្រធានស្តីទី​នេះ​។ ប៉ុន្តែ ខ្ញុំ​នឹង​លាលែង​វិញ នៅពេលណា​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ ក្នុងការ​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​»​។ 
 
​លោក សម រង្ស៊ី បកស្រាយ​បន្ថែមថា​៖«​ខ្ញុំ​មិនមែន​ស្រឡាញ់​តំណែង​ឬ​តួនាទី​ទេ​។ ខ្ញុំ មក​ធ្វើជា​ជា​ប្រធានស្តីទី ដោយសារតែ​តម្រូវ​ការបង្ខំ​។ កាលពី​ខ្ញុំ លាលែង​ពី​តំណែង​ជា​ប្រធានស្តីទី ក៏​ដោយសារតែ​តម្រូវការ​បង្ខំ​ដែរ​។ បើ​ខ្ញុំ​ស្រឡាញ់​តំណែង​មែន ខ្ញុំ​ចាំបាច់​លាលែង​ធ្វើ​អី​...»​។ 
 
​ទោះជា​លោក សម រង្ស៊ី និង​អ្នក​ដែល​ស្រឡាញ់​លោក ខំ​លើក​ហេតុផល និង​ប្រឹង​ពន្យល់​អ្នក​ដែលមាន​ទំនោរ​ទៅរក​លោក កឹម សុខា រួមទាំង​ប្រជាពលរដ្ឋ​ទូទៅ​យ៉ាណា​ក្តី ក៏​នៅតែ​រង​ការរិះគន់​ដដែល​។ ក្រោយ​លោក សម រង្ស៊ី ប្រកាស​ទទួលយក​តំណែង​ជា​ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ភ្លាម ដើម្បី​ប្រតិកម្ម ហើយ​អ្នក​ដែល​សេចក្តីថ្លែងការណ៍​នោះ គ្មាន​អ្នកណា​ផ្សេង ក្រៅពី​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គាំទ្រ​លោក កឹម សុខា នោះទេ​។ 
 
​សេចក្តីថ្លែងការណ៍ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សន្និសីទ ដែល​រុញ​លោក សម រង្ស៊ី ឲ្យ​ធ្វើជា​ប្រធានស្តីទី គឺ​ផ្ទុយ​ទាំងស្រុង​ពី​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង មិនអាច​យកជាការបាន​ជាដាច់ខាត​»​។ 
 
​សេចក្តីថ្លែងការណ៍​ដដែល ពន្យល់​ទៀតថា តាម​លក្ខន្តិកៈ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ អ្នក​ដែល​អាច​ឡើងជា​ប្រធានស្តីទី​បាន នៅពេល​អវត្តមាន​ប្រធាន គឺ​អនុប្រធាន​។ សេចក្តីថ្លែងការណ៍ សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​មិនមាន​អ្នកណា​ក្រៅពី​ថ្នាក់ដឹកនាំ​ក្នុង​ឋា​នុ​ក្រម​នេះ អាចមក​ធ្វើជា​ប្រធានស្តីទី​បានទេ​»​។ 
 
​សេចក្តីថ្លែងការណ៍​ខាងលើ សរសេរ​ទៀតថា ចំពោះ​សេចក្តីសម្រេច​របស់​សន្និសីទ​នៅ​អាមេរិក មិនអាច​ចាប់បង្ខំ​ឬ​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ធ្វើតាម​ឡើយ ព្រោះ​អ្នកចូលរួម​ធ្វើ​សេចក្តីសម្រេច​នេះ មិនមាន​នីតិសម្បទា ដែលមាន​សិទ្ធិ​ជា​អ្នកស្នើ​ឲ្យ​តែងតាំង​ប្រធានស្តីទី​គណបក្ស​ឡើយ​។ សេចក្តីថ្លែងការណ៍ បន្តថា សេចក្តីសម្រេច​ក្នុង​សន្និសីទ គ្រាន់តែ​ជា​មតិយោបល់​របស់​មនុស្ស​មួយក្រុម​ប៉ុណ្ណោះ​។ 
 
​តាមរយៈ​សេចក្តី​សេចក្តីថ្លែងការណ៍ មន្ត្រី​ដែល​ឈរ​ខាង​លោក កឹម សុខា បានសរសេរថា គណបក្ស​សង្គ្រោះ​ជាតិ ចង់ឃើញ​ថ្នាក់ដឹកនាំ សមាជិក និង អ្នកគាំទ្រ​គណបក្ស​ទាំងអស់ គោរព​លក្ខន្តិកៈ​និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស ដើម្បី​ពង្រឹង​គណបក្ស​។ 
 
​ចំណែក លោក កឹម សុខា​ខ្លួនឯង​ផ្ទាល់ បានប្រកាស​មិន​ទទួលស្គាល់​សន្និសីទ​នេះ តាំង​ពីមុន​ការរៀបចំ​ម្ល៉េះ​។ រហូតដល់​ថ្ងៃ​សន្និសីទ ចាប់ផ្តើម លោក ក៏​ហៅ​ក្រុម​មេធាវី​ទៅ​ជួប​។ 
​ក្រោយ​ជួបគ្នា ក្រុម​មេធាវី បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ប្រកាស​ជា​ផ្លូវការ​ថា លោក កឹម សុខា មិនដឹងមិនឮ ហើយ​មិន​ទទួលស្គាល់​ការរៀបចំ​សន្និសីទ​នេះ​ទេ​។ ក្រុម​មេធាវី បញ្ជាក់ថា ការបញ្ចេញមតិ​របស់​លោក កឹម សុខា គឺជា​ឆន្ទៈ​របស់លោក ដោយ​មិនមាន​ការកៀបសង្កត់​អ្វី​ឡើយ​។ 
 
​លើសពីនេះ មនុស្ស​មួយចំនួន ដែល​ពេញចិត្ត​លោក កឹម សុខា ហៅ​ការរៀបចំ​សន្និសីទ និង​ការជំរុញ​លោក សម រង្ស៊ី ឲ្យ​ឡើងកាន់តំណែង​ជា​ប្រធានស្តីទី ថា​ជា​ទង្វើ​ដែល​បង្ក​ឲ្យ​បែកបាក់​ផ្ទៃក្នុង​។ ក្នុងនោះ គេ​ក៏​ឃើញ​កូនស្រី​ទាំងពីរ​របស់លោក កឹម សុខា ចេញមក​ផ្លែផ្កា​ឲ្យ​លោក សម រង្ស៊ី និង ក្រុម​របស់លោក​ផងដែរ​។ 
 
​យ៉ាងណាក៏ដោយ គេ អាច​នឹង​គិត​ក្នុង​ផ្លូវ​មួយ​ទៀតថា ការធ្វើ​ដូច្នេះ អាចជា​យុ​ទ្ធិ​សាស្ត្រ​របស់លោក សម រង្ស៊ី និង លោក កឹម សុខា ក៏​ថា​បាន ពីព្រោះថា​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​បាត់ទៅហើយ ហើយ​ម្យ៉ាងទៀត លោក កឹម សុខា ក៏​មិន​អាចធ្វើ​អ្វី​បាន​។ បើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​ជាប់គាំង​បែ​បប​នេះ ដោយ​មិន​ព្រមធ្វើ​អ្វី​នោះ ក៏​មិនអាច​នឹង​រក​ផ្លូវ​ឲ្យ​ខ្លួន​រស់​ឡើងវិញ​បានដែរ​៕ 
 

Tag:
 កឹម សុខា​
  សម រង្ស៊ី​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com