កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
​ថៃ​មាន Alexander Albon ដែល​នឹង​បង្ហាញខ្លួន​នៅ F1 បន្ទាប់ពី​ព្រះអង្គម្ចាស់ Bira
03, Dec 2018 , 7:39 pm        
រូបភាព
Alexander Albon អាយុ​២២​ឆ្នាំ នឹងចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula 1 ចាប់ពី​ឆ្នាំ​២០១៩ ជាមួយ​ក្រុម Toro Rosso ដែលជា​កម្មសិទ្ធិ​របស់​ក្រុម Red Bull​។ កីឡាករ​កូនកាត់​អង់គ្លេស​-​ថៃ រូបនេះ គឺ​ក្លាយជា​កីឡាករ​ថៃ​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក បន្ទាប់ពី​ព្រះ​វត្តមាន​របស់​ព្រះអង្គម្ចាស់ Birabongse (​គេ​ស្គាល់​ជាទូទៅ​ថា ព្រះអង្គម្ចាស់ Bira) កាលពី​អំឡុង​ឆ្នាំ​១៩៥០ ។​

 
Alexander ជា​កូន​របស់លោក Nigel Albon ដែលជា​អតីត​កីឡាករ​ប្រណាំង​រថយន្ត​ម្នាក់​ផងដែរ ហើយ​គេ​ជា​ពុទ្ធសាសនិក​ដ៏​ខ្ជាប់ខ្ជួន ដូច​ម្តាយ​ដែលជា​ជនជាតិ​ថៃ​។ កីឡាករ​រូបនេះ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៣ នៅក្នុង​ការប្រណាំង​រថ​យន្ត Formula Two រដូវ​កាល​នេះ និង​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន Nissan ក្នុង​ក្របខណ្ឌ Formula E series​។ រូបគេ​នឹង​ធ្វើជា​ដៃគូ​ជាមួយ​អ្នក​ប្រណាំង​ស​ញ្ញាតិ​រុស្ស៊ី Daniil Kvyat ជំនួស​កីឡាករ​នូ​វែ​ល​សេ​ឡង់ Brendon Hartley សម្រាប់​ក្រុម Toro Rosso នៅ​ឆ្នាំ​២០១៩​។​


 
Albon នឹង​ប្រជែង​ជាមួយ​កីឡាករ​ដើមកំណើត​អង់គ្លេស​ដូចគ្នា​ដូចជា Lando Norris របស់ McLaren កីឡាករ George Russell របស់​ក្រុម Williams និង​ម្ចាស់​ជើងឯក ៥ សម័យ Lewis Hamilton របស់ Mercedes​។​
 
​បើទោះបីជា​កើត និង​ធំធាត់​នៅ​អង់គ្លេស ប៉ុន្តែ Alexander នឹង​បង្ហាញ​វត្តមាន​ក្រោម​ទង់​ថៃ ដែល​ធ្វើ​ឲ្យ​គេ​ក្លាយជា​កីឡាករ​ថៃ​ដំបូង​ក្នុង​ព្រឹត្តិការណ៍ F1 បើ​គាត់​ចាប់តាំងពី​វត្តមាន​ព្រះអង្គម្ចាស់ Birabongse Bhanudej (Prince Bira of Siam) នា​អំឡុង​ទសវត្ស​ឆ្នាំ​១៩៥០ ។​


 
«​វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​នៅពេល​ដឹងថា​ខ្ញុំ​បាន​ចូលរួម​ប្រកួត Formula 1 ឆ្នាំក្រោយ​។ ពេញ​មួយ​អាជីព​របស់ខ្ញុំ ខ្ញុំ​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​។ ខ្ញុំ​ធ្លាប់​ត្រូវបាន​ក្រុម Red Bull ជម្រុះ​ចេញ​កាលពី​ឆ្នាំ ២០១២ ដូច្នេះ​តាំងពី​ពេល​នោះមក​ខ្ញុំ​បានដឹងថា​ផ្លូវ​របស់ខ្ញុំ​ទៅកាន់ Formula 1 គឺ​កាន់​នឹង​កាន់តែ​លំបាក​»​។ Albon រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន​ដូច្នេះ​។ 
​រូបគេ​បន្ថែមថា​៖«​ប​ន្តែ​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ហើយ​ព្យាយាម​នៅ​រាល់​ពេលដែល​ខ្ញុំ​ចូល​ឡាន ហើយ​ខ្ញុំ​ត្រូវ​អរគុណ​ដល់ Red Bull និង​លោក Helmut Marko ជា​ប្រធាន​ក្រុម​ប្រណាំង ដែលមាន​ការជឿជាក់​លើ​ខ្ញុំ និង​ផ្តល់​ឲ្យ​ខ្ញុំ​សម្រាប់​ឱកាស​ទី​ពីរ​នេះ​»៕


 
 

Tag:
 ​ប្រណាំង​រថយន្ត​
  Formula One
  Alexander Albon
© រក្សាសិទ្ធិដោយ thmeythmey.com