កីឡាជាតិ
ជាតិ
កាយសម្ព័ន្ធ​សំឡឹង​រក​ប្រទេស​សក្តានុពល​ជា​មិត្ត ដើម្បី​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ពង្រឹងសមត្ថភាព​
05, Dec 2018 , 7:59 am        
រូបភាព
ដោយ:
​នៅសល់តែ​ជាង​៤​ឆ្នាំ​ប៉ុណ្ណោះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នឹង​មកដល់​។ គ្រប់​សហព័ន្ធ​កីឡា​ជាតិ​កំពុង​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅក្នុង​ប្រទេស ហើយ​ក៏មាន​សហព័ន្ធ​ខ្លះ​កំពុង​សំឡឹងមើល​ប្រទេស​សក្តានុពល​ជិតខាង ដើម្បី​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ផងដែរ​។ ជាក់ស្តែង​កីឡា​កាយសម្ព័ន្ធ កំពុង​ស្វែងរក​ប្រទេស​ជា​មិត្ត​ដើម្បី​បញ្ជូន​អត្ត​ព​លិ​ក​ខ្លួន​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ខណៈ​ចិន កូរ៉េ និង​ជប៉ុន​ជា​គោលដៅ​ធំ​សម្រាប់​ការហ្វឹកហាត់​នេះ​។​

 
​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​កំពុង​ស្វះ​ស្វែងរក​ជំនួយ​ពី​ប្រទេស​សក្តានុពល​ក្នុង​តំបន់​អាស៊ាន​និង​អាស៊ី ដើម្បី​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព សម្រាប់​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វ​លី​ពី​ន​និង​វៀតណាម ពិសេស​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​។ សហព័ន្ធ​យល់ថា ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​អាចជួយ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​មានការ​រីកចម្រើន​ខ្លាំង​ជាង​ការហ្វឹកហាត់​នៅក្នុង​ស្រុក ព្រោះ​នៅ​ទីនោះ​មាន​ឧបករណ៍​ទំនើបៗ និង​មាន​គ្រូ​ពោរពេញ​ដោយ​សមត្ថភាព​។​


 លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងក្នុងពិធីបិទពានរង្វាន់របស់ខ្លួន និងជើងឯកថ្នាក់ជាតិកាលពីពេលកន្លងទៅ
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ពេល​កន្លងទៅ​លោក ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​នៅសល់តែ​ជាង​៤​ឆ្នាំ​ប៉ុណ្ណោះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នឹង​ឈាន​មកដល់​។ ប៉ុន្តែ​យើង​មាន​ពេល​ហ្វឹកហាត់​មិន​ដល់​៤​ឆ្នាំ​នោះទេ​។ យើង​កំពុង​ខិតខំ​ស្វែងរក​ជំនួយ​ពី​ប្រទេស​ជា​មិត្ត ពិសេស​ពី​ចិន កូរ៉េ ជប៉ុន និង​មិត្ត​ដទៃទៀត ដើម្បី​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ ឬ​ហៅ​គ្រូបង្វឹក​មក​បង្វឹក​នៅ​កម្ពុជា​»​។​
 
​ដោយ​មិន​ចង់ទៅ​ឆ្ងាយ​ខ្លាច​ពិបាក​ធ្វើដំណើរ និង​មើល​ការខុសត្រូវ ចិន ជប៉ុន កូរ៉េខាងត្បូង និង​ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ាន​បាន​ក្លាយជា​គោលដៅ​របស់​សហព័ន្ធ ក្នុងការ​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​។ ម្យ៉ាង​ថ្នាក់ដឹកនាំ​សហព័ន្ធ​មិន​ចង់​ឲ្យ​កីឡាករ​ទៅ​ឆ្ងាយ ខ្លាច​គ្រួសារ សាច់ញាតិ​មាន​ក្តីបារម្ភ​។​


 
​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ខាងលើ​បាន​បន្ថែមថា​៖«​កីឡា​កាយសម្ព័ន្ធ​មានការ​លំបាក​បន្តិច ទី​១.​បើ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​យូរពេក​ប៉ះពាល់​ដល់​ការសិក្សា ទី​២.​ឪពុកម្តាយ​មិន​ឲ្យ​ទៅ​។ យើង​មាន​ជម្រើស​ពីរ គឺ​បញ្ជូនទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស និង​ហៅ​គ្រូ​មក​បង្ហាត់បង្រៀន​នៅ​កម្ពុជា​។ បើ​យើង​ហាត់​នៅ​កម្ពុជា​បាន​គ្នាច្រើន តែ​ឧបករណ៍​មិនសូវមាន​ស្តង់ដារ​។ ប៉ុន្តែ​បើ​ហាត់​នៅក្រៅ​ប្រទេស បាន​គ្នា​តិច តែ​ឧបករណ៍​មាន​ស្តង់ដារ​»​។ 
 
​ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរន៍ ស្នើ​ឲ្យ​ឪពុកម្តាយ សាច់ញាតិ បងប្អូន​របស់​កីឡាករ​កីឡាការិនី មាន​យោគយល់​ចំពោះ​បញ្ហា​ខាងលើ​។ ព្រោះ​សហព័ន្ធ​មាន​យុទ្ធសាស្ត្រ​វែងឆ្ងាយ ពោលគឺ​មិនមែន ដើម្បី​តែ​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ប៉ុណ្ណោះ​ទេ គឺ​ទៅ​អនាគត​ដ៏​វែងឆ្ងាយ​ទៅខាង​មុខ​ទៀត​៕   
 

Tag:
 កាយសម្ព័ន្ធ​
  លោក ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com