ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​មហាផ្ទៃ​៖ អ្នក​គោរព​សាលក្រម មិនគួរ​ដកសិទ្ធិ​នយោបាយ​ដល់​ទៅ​៥​ឆ្នាំ​ទេ
04, Dec 2018 , 9:39 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង
រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង
ដោយ: ថ្មីៗ
​វាជា​សញ្ញា​វិជ្ជមាន​មួយ​បន្ថែមទៀត សម្រាប់​ថ្នាក់ដឹកនាំ​ទាំង​១១៧​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅពេល​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ភាគច្រើន​ក្នុងចំណោម​ពួកគេ បាន​គោរព​តាម​សាលក្រម​របស់​តុលាការ​កំពូល​។ បើតាម​ការលើកឡើងរ​បស់​រដ្ឋមន្ត្រី​មហាផ្ទៃ អ្នក​ដែល​គោរព​តាម​សាលក្រម អាច​នឹងមាន​ឱកាស​បាន​វិល​មកកាន់​ឆាកនយោបាយ​វិញ មុន​កាលកំណត់​។


 
​សម្តេច ស ខេង មើលឃើញថា អ្នក​ដែល​មិន​គោរព​សាលក្រម មានតែ​មួយចំនួន​តូច​ប៉ុណ្ណោះ​។ រដ្ឋមន្ត្រី ដែលមាន​ដែន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង​គណបក្ស​នយោបាយ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មិនមែន​ថា អ្នក​ទាំង​អស់ហ្នឹង ទាល់តែ​៥​ឆ្នាំ បាន​ផុត​ទេ ទោះ​គោរព​សាលក្រម​ឬ​មិន​គោរព​ក្តី​។ យើង ត្រូវ​បត់បែន​។ ការពិត មួយចំនួនធំ គឺ​គោរព ហើយ​យើង​ត្រូវ​ទទួលស្គាល់​។ ប៉ុន្តែ​សាលក្រម​របស់​តុលាការ​កំពូល ដែល​ដាក់​បម្រាម​ហ្នឹង គឺ​បិទផ្លូវ​តវ៉ា អត់​មាន​ទុក​ច្រកចេញ​បានទេ​។ ទាល់តែ​៥​ឆ្នាំ បាន​ផុត​។ អ៊ីចឹង ដើម្បី​បើក​ច្រក​និង​ដោះស្រាយ​បញ្ហា​ហ្នឹង វា​មានតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​។ ឥឡូវ រដ្ឋសភា​កំពុង​ធ្វើ​សេចក្តីស្នើច្បាប់ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​អ្នក​ដែល​បាន​គោរព​សាលក្រម ដោយ​ដក​បម្រាម ចេញពី​ពួកគេ​»​។ 
 
​ការ​ថ្លែង​របស់​សម្តេច ស ខេង គឺធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម​និង​ការអនុវត្ត​បទដ្ឋាន​សិទ្ធិ​មន​ស្ស​អន្តរជាតិ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 
 
​នៅ​ថ្ងៃទី​៣ ខែធ្នូ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស បាន​សេចក្តីថ្លែងការណ៍​មួយ ដោយ​ប្រកាសថា រដ្ឋសភា កំពុង​សិក្សា​ពី​សេចក្តីស្នើច្បាប់ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នក​ដែល​ត្រូវ​ហាមឃាត់​ក្នុង​ការធ្វើ​នយោបាយ អាច​ត្រឡប់មក​ធ្វើ​នយោបាយ​ឡើងវិញ​។ ក្នុង​សេចក្តីថ្លែងការណ៍ រដ្ឋាភិបាល បញ្ជាក់ថា ការធ្វើ​ដូច្នេះ គឺ​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ រួមទាំង​ឈរលើ​ស្មារតី​ផ្សះផ្សារ​ជាតិ​។ 
 
​ក្រោយមក លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ក៏បាន​ធ្វើ​សន្និសីទកាសែត​មួយ​ភ្លាម អំពី​រឿងនេះ​។ អ្នកនាំពាក្យ​រូបនេះ ថ្លែង​ក្នុង​សន្និសីទកាសែត​ថា ការដែល​តំណាងរាស្ត្រ បានស្នើ​ច្បាប់​នេះ​ឡើង គឺ​ដោយសារតែ​ខ្លឹមសារ​នៃ​ច្បាប់​មុន មាន​ភាពខ្វះ​ចន្លោះ​។
 
​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា​៖«​ក្នុងករណី ដែល​គណបក្សនយោបាយ ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។​
 
​ប៉ុន្តែ មាត្រា​នេះ នឹង​ត្រូវធ្វើ​សោធនកម្ម​នាពេល​ខាង​មុន​។ ខ្លឹមសារ​ថ្មី ដែល​នឹងត្រូវ​បញ្ចូល​ក្នុង​មាត្រា​នេះ គឺ​នាយករដ្ឋមន្ត្រី អាចមាន​សិទ្ធិ ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ទូល​សុំ​ព្រះអង្គ ឲ្យ​ផ្តល់​នីតិសម្បទា​ដល់​អ្នក​ដែល​ត្រូវ​ដកសិទ្ធិ​នយោបាយ ហើយ​ឲ្យ​ពួកគេ អាចធ្វើ​នយោបាយ​វិញ មុន​កាលកំណត់​របស់​តុលាការ​កំពូល​។ 
 
​សូមបញ្ជាក់ថា តុលាការ​កំពូល បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង និង​បាន​ហាម​ថ្នាក់ដឹកនាំ​១១៨​នាក់ (​ស្លាប់​ម្នាក់​) នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផង​៕ 
 

Tag:
 ស ខេង​
  ច្បាប់​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com