ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​៖ ឲ្យ​តែ​ដំណោះស្រាយ​ដើម្បី​ប្រយោជន៍​ជាតិ លោក កឹម សុខា តែង​គាំទ្រ​
05, Dec 2018 , 11:46 am        
រូបភាព
សម្តេច ហ៊ុន សែន និង លោក កឹម សុខា ចាប់ដៃគ្នាក្នុងរដ្ឋសភា កាលពីចុងឆ្នាំ២០១៦
សម្តេច ហ៊ុន សែន និង លោក កឹម សុខា ចាប់ដៃគ្នាក្នុងរដ្ឋសភា កាលពីចុងឆ្នាំ២០១៦
ដោយ: ថ្មីៗ
​ក្រោយពី​រដ្ឋាភិបាល ប្រកាស​ពី​ការកែប្រែ​ច្បាប់ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នក​ដែល​ត្រូវបាន​ដកសិទ្ធិ​នយោបាយ អាច​ចូលធ្វើ​នយោបាយ​វិញ និង​បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ពង្រឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា មេធាវី​របស់លោក កឹម សុខា ក៏បាន​រំលេច​នូវ​ការ​សាទរ​របស់លោក កឹម សុខា លើ​រឿងនេះ​។


 
​លោក ផែង ហេង មេធាវី​ម្នាក់​របស់លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា គោលជំហរ​របស់លោក កឹម សុខា គឺ​តែងតែ​គាំទ្រ​ទង្វើ​ឬ​ដំណោះស្រាយ​ទាំងឡាយ ដែលជា​ប្រយោជន៍​ជាតិ ហើយ​លើកកម្ពស់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​តែ​ឲ្យ​ដំណោះស្រាយ​ណា​សមស្រប គឺ​គាត់​មិនដែល​ជំទាស់​ទេ​។ តែ​គាត់​មិនមែន​គាំទ្រ​រដ្ឋាភិបាល​ទេ កុំ​ច្រឡំ​»​។    
 
​រដ្ឋាភិបាល ប្រកាសថា ការកែប្រែ​ច្បាប់​នេះ គឺ​ដើម្បី​លើក​ស្ទួ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​។ នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២0១៨ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​ពី​សំណើសុំ​កែប្រែ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​
 
​មាត្រា​នេះ បាន​ចែងថា​៖«​ក្នុងករណី ដែល​គណបក្សនយោបាយ ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។​
 
​យ៉ាងណាក៏ដោយ អ្នក ដែល​ត្រូវ​តុលាការ​កំពូល ដកសិទ្ធិ​នយោបាយ អាច​នឹងមាន​ឱកាស​បាន​ចូលធ្វើ​នយោបាយ​វិញ មុន​កាលកំណត់ នៅពេល​មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវបានធ្វើ​វិសោធនកម្ម​រួច​។ ខ្លឹមសារ​ថ្មី ដែល​នឹងត្រូវ​បញ្ចូល​ក្នុង​មាត្រា​នេះ គឺ នាយករដ្ឋមន្ត្រី អាចមាន​សិទ្ធិ ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ទូល​សុំ​ព្រះអង្គ ឲ្យ​ផ្តល់​នីតិសម្បទា​ដល់​អ្នក​ដែល​ត្រូវ​ដកសិទ្ធិ​នយោបាយ ហើយ​ឲ្យ​ពួកគេ អាចធ្វើ​នយោបាយ​វិញ​។ 
 
​សូមបញ្ជាក់ថា តុលាការ​កំពូល បាន​ហាម​ថ្នាក់ដឹកនាំ​១១៨​នាក់ (​ស្លាប់​ម្នាក់​) នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​៕ 
 

Tag:
 កឹម សុខា​
  ច្បាប់​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com