ជាតិ
សង្គមជាតិ
សមត្ថកិច្ច​៖ ថៅកែ​កំពង់ចម្លង​អរិយ​ក្សត្រ ទំនង​ជាមាន​វិបត្តិ ទើប​បាញ់​ខ្លួនឯង​
05, Dec 2018 , 12:59 pm        
រូបភាព
​លោក វ៉ាន់ រ៉ា​ម៉ុ​ន ម្ចាស់​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ បាន​បាញ់សម្លាប់​ខ្លួនឯង នៅក្នុង​បន្ទប់​ស្នាក់ការ​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ កាលពី​ថ្ងៃទី​៤​ខែធ្នូ​។ ករណី​បាញ់សម្លាប់​ខ្លួនឯង នេះ ត្រូវបាន​សមត្ថកិច្ច សង្ស័យថា​មាន​វិបត្ដិ​ផ្ទាល់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។​

 
​ការចុះផ្សាយ​របស់​ស្នងការ​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើ មាន​អាយុ​៥៧​ឆ្នាំ ជា​នាយករង នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​ម្ចាស់​ភាគហ៊ុន​កំពង់ចម្លង​ទូក​អរិយ​ក្សត្រ​-​ភ្នំពេញ ដែល​រស់នៅ​ក្នុងភូមិ​៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ 
 
​នគរបាលជាតិ បាន​ស្រង់​សម្តី​របស់លោក វ៉េង ដា​រិ​ទ្ធ អ្នកតំណាង​ដែល​មើល​ការខុសត្រូវ​ចំពោះ​កំពង់ចម្លង ទៅ​ចុះផ្សាយ​ថា​៖«​នៅ​មុនពេល​កើតហេតុ ខ្ញុំ​បាន​ចូលក្នុង​ផ្ទះ​កន្លែង​ស្នាក់ការ​កំពង់ចម្លងរ​បស់​គាត់ (​ជនរងគ្រោះ​) ដើម្បី​បូម​ប្រេង​។ ពេល​ចូលទៅ ទ្វាររបង​បិទ​ខ្ទាស់​គន្លឹះ​ក្នុង​ជាប់ ខ្ញុំ​ក៏​ផ្លោះ​របង​ចូល​រួច​រៀប​ទុយោ​ប្រេង​បូម រួចហើយ​ក៏​ទៅ​គោះទ្វារ​បន្ទប់​ជនរងគ្រោះ​ជា​ថៅកែ  ដើម្បី​រាយការណ៍​ពី​ចំណូល​ចំណាយ តែ​មិនឮ​ការឆ្លើយតប​។ ពេលនោះ​ខ្ញុំ ក៏​ច្រាន​ទ្វារ​ចូល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​លើ​គ្រែ​ដែក​ក្រាល​ពូក និង​ហូរឈាម​ពេញ​លើ​ឥដ្ឋការ៉ូ បន្ទាប់មក​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​»​។​
 
​ក្រោយ​សមត្ថកិច្ច​មូលដ្ឋាន​ទទួលបាន​ព័ត៌មាន​ពី​ការធ្វើ​អត្ដ​ឃាត​ខាងលើ កម្លាំង​ជំនាញ​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​បច្ចេកទេស​ខេត្ត មណ្ឌល​សុខភាព​អរិយ​ក្សត្រ និង​ក្រុមប្រឹក្សាឃុំ ហើយ​បាន​ពិនិត្យ​សាកសព​និង​សន្និដ្ឋានថា​៖«​ជនរងគ្រោះ​ធ្វើអត្តឃាត​បាញ់សម្លាប់​ខ្លួន​ឯង ដោយ​ប្រើបាស់​អាវុធខ្លី​ម៉ាក K59 របស់ខ្លួន​បាញ់​១​គ្រាប់ លើ​សៀតផ្កា​ខាងស្ដាំ ធ្លា​យមក​សៀតផ្កា​ខាងឆ្វេង​ស្លាប់​នៅលើ​គ្រែ​។​
 
​ជុំវិញ​រឿងនេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី លោក អ៊ា​វ ចំរើន ស្នងការ​ខេត្តកណ្តាល​បានឡើយ ដោយ​លោក ប្រាប់ថា មិនទាន់​ទទួលបាន​ព័ត៌មាន​ផ្លូវការ​៕ 
 

Tag:
 កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ​
  អត្តឃាត
© រក្សាសិទ្ធិដោយ thmeythmey.com