ជាតិ
សាស្ត្រាចារ្យជប៉ុនទទួលលិខិតសរសើរពីរដ្ឋមន្ត្រីខ្លួនលើការថែរក្សាបេតិកភណ្ឌខ្មែរ សាស្ត្រាចារ្យជនជាតិជប៉ុន លោក Takeshi Nakagawa ។ រូបថត ស្ថានទូតជប៉ុន
× ភ្នំពេញ៖ សាស្ត្រាចារ្យជនជាតិជប៉ុន លោក Takeshi Nakagawa ទទួលបានលិខិតសរសើរពីរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លើការថែរក្សាបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន លោក Takeshi Nakagawa ដែលជាសហប្រធានគម្រោងជប៉ុន-អប្សរាការពារប្រាសាទអង្គរ (JASA) ទទួលបានលិខិតសរសើរ ពីរដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី៣ធ្នូ ឆ្នាំ២០១៨។ លោកជាស្ថាបត្យករលេចធ្លោ និងជាសាស្ត្រាចារ្យកិត្តិយស នៃសាលាវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន។
លោក Takeshi Nakagawa បានដឹកនាំក្រុមរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ តាំងបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៤ និងបានអនុវត្តគម្រោងអភិរក្សតំបន់ប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបានចូលរួមក្នុងកិច្ចការជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន។ លោក ក៏បានធ្វើការស្រាវជ្រាវបឋមលើប្រាសាទព្រះវិហារ និងការអភិរក្សតំបន់សំបូរព្រៃគុកផងដែរ។
ចាប់ពីឆ្នាំ២០០៥ គម្រោងជួសជុលប្រាសាទបាយ័នត្រូវបានអនុវត្តរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាJASA ។ គម្រោងនេះ បានចូលរួមបង្កើនសមត្ថភាពអ្នកបច្ចេកទេសជាច្រើនរូប៕
Tag:
ជប៉ុន
សាស្ត្រាចារ្យ
បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com