ក្លិបយក្សអេស្ប៉ាញ Real Madrid និង FC Barcelona ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមដែលប្រជុំទៅដោយកីឡាករល្បីៗក្នុងរយៈពេលមួយ ទសវត្សរ៍ចុងក្រោយ មានកីឡាករឈ្នះពាន Ballon d'Or ច្រើនជាងគេ ក្នុងចំណោមក្លិបកីឡាបាល់ទាត់នៅជុំវិញពិភពលោក ក្នុងចំនួន១១ដងដូចគ្នា។
Ballon d’Or ជាពានប្រចាំឆ្នាំដែលផ្តួចផ្តើមឡើងដោយទស្សនាវដ្តី France Football តាំងពីឆ្នាំ១៩៥៦មក សម្រាប់ផ្តល់ជូចដល់កីឡាករបាល់ទាត់ឆ្នើមជាងគេប្រចាំក្លិបនៅតំបន់អឺរ៉ុបជារៀងរាល់មួយឆ្នាំម្តង។ ប៉ុន្តែចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៥ ពាននេះត្រូវប្តូរឈ្មោះទៅជា FIFA Ballon d'Or ក្រោមកិច្ចសហប្រតិបត្តិរវាងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជាមួយ France Football និងរួមបញ្ចូលគ្នាជាមួយ FIFA Player of the Year ផងដែរ។
ចាប់ពីឆ្នាំ២០១៦ ទស្សនាវដ្តី France Football បានប្រកាសបញ្ចប់ការសហការជាមួយ FIFA ដោយរៀបចំពាន Ballon d’Or តែឯងវិញ ខណៈ FIFA បន្តរៀបចំ FIFA Player of the Year ដូចគ្នា។ អ្វីដែលពិសេសជាងនេះទៅទៀត Ballon d’Or ក៏បានរៀបចំផ្តល់ជូនដល់កីឡាករិនីឆ្មើមជាលើកដំបូងផងដែរសម្រាប់ឆ្នាំ២០១៨នេះ។
ក្រោយបង្កើតពាននេះឡើងនៅឆ្នាំ១៩៥៦ រហូតបច្ចុប្បន្ន ពោលគឺ៦៣លើករួចមហើយឃើញថា ក្លិបពីអេស្ប៉ាញពីររួមមាន Real និង Barca មានកីឡាករឈ្នះពាន Ballon d'Or ច្រើនជាងគេ ចំនួន១១ដងដូចគ្នា។ ក្រុមពីអ៊ីតាលី Juvenutus និង AC Milan ធ្លាប់ឈ្នះ៨លើកដូចគ្នា ចំណែក Bayern Munich និង Manchester United នៅបន្តបន្ទាប់។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo និង Lionel Messi របស់អាហ្សង់ទីន ជាអ្នកគ្រងពាន Ballon d'Or ច្រើនជាងគេ ចំនួន៥លើកម្នាក់។ Michel Platini អតីតសមាជិកក្រុមជម្រើសជាតិបារាំង និង Juventus រួមជាមួយវីរបុរសរបស់ហូឡង់ Johan Cruyff និង Marco van Basten ឈ្នះពាននេះ៣លើកដូចគ្នាក្នុងអាជីព។
រីឯកីឡាករឆ្នើមដែលទទួលបានពាន Ballon d'Or នេះដំបូងគេបង្អស់ក្នុងឆ្នាំ១៩៥៦ គឺ Stanley Matthews របស់ជម្រើសជាតិអង់គ្លេស និងក្រុម Blackpool ដែលមានមូលដ្ឋានក្នុងលីគកីឡាបាល់ទាត់កំពូលអង់គ្លេស។ ចុងក្រោយនៅឆ្នាំ២០១៨នេះគឺបានទៅ Luka Modric ខ្សែបម្រើរបស់ជម្រើសជាតិក្រូអាស៊ី និង Real Madrid ៕
ខាងក្រោមជាកីឡាករទាំងអស់របស់ Real Madrid និង Barcelona ដែលធ្លាប់ឈ្នះពាន Ballon d'Or កន្លងមក៖
- Real Madrid៖ Alfredo Di Stéfano (២លើក), Raymond Kopa (១លើក), Luís Figo (១លើក), Ronaldo (១លើក), Fabio Cannavaro (១លើក), Cristiano Ronaldo (៤លើក) និង Luka Modric (១លើក)។
- Barcelona៖ Luis Suárez (១លើក), Johan Cruyff (២លើក), Hristo Stoichkov (១លើក), Rivaldo (១លើក), Ronaldinho (១លើក), និង Lionel Messi (៥លើក)។