ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ទិញ​អគ្គិសនី​ពី​ឡាវ មក​ផ្ត​ត់​ផ្ត​ង់​តាម​ព្រំដែន និង​ត​ភ្ជាប់​ស្ពាន​រវាង​ប្រទេស​ទាំងពីរ​
05, Dec 2018 , 9:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ធ្វើសន្និសីទកាសែតជាមួយគ្នា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ធ្វើសន្និសីទកាសែតជាមួយគ្នា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ឡាវ បាន​យល់ព្រម​ត​ភ្ជាប់​អគ្គិសនី មកកាន់​តំបន់​នានា នៅតាម​ព្រំដែន​កម្ពុជា​-​ឡាវ​។ ការយល់ព្រម​នេះ គឺធ្វើឡើង​ក្នុងជំនួប​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​។

 
​ក្រោយ​បញ្ចប់​កិច្ចពិភាក្សា នាយករដ្ឋមន្ត្រី​ទាំងពីរ បានធ្វើ​សន្និសីទកាសែត​រួមគ្នា​។ សម្តេច ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ ដែល​រស់​តាម​ព្រំដែន គួរតែមាន​ក្តីសប្បាយ​រីករាយ  ដោយមាន​ការចុះហត្ថលេខា លើ​ការតភ្ជាប់​អគ្គិសនី​ពី​ឡាវ​ទៅ​ផ្ត​ត់​ផ្គង់​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​»​។​
 
​ក្រៅពីនេះ ក៏មាន​ការឯកភាព​គ្នា​លើ​ការតភ្ជាប់​ស្ពាន​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​លើកឡើងថា ប្រទេស​ទាំងពីរ នឹង​ត​ភ្ជាប់​ស្ពាន ពី​ភាគ​ខាងជើង​នៃ​ខេត្តស្ទឹងត្រែង​និង​ខេត្តព្រះវិហារ រហូតដល់​ខេត្ត​ចំប៉ា​សាក់ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ប្រជាជន​ប្រទេស​ទាំងសងខាង ងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​បង្កើត​ទំនាក់ទំនង​ជាមួយគ្នា​។ 
 
​លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងថា ឯកសារ​ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​ជាមួយគ្នា នឹងត្រូវ​យកទៅអនុវត្ត​ឲ្យ​បានល្អ​ប្រសើរ​។ លោក សង្កត់​បែបនេះ​ថា​៖«​បើ​បញ្ហា​ណា​ដែល​យើង​អនុវត្ត​មិនបាន​ល្អ​ទេ យើង​នឹង​សហការគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ជាមួយគ្នា​»​។ 
 
​គណៈប្រតិភូ​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៥-៦ ខែធ្នូ ឆ្នាំ​២០១៨​។ បន្ទាប់មក គណៈប្រតិភូ​កម្ពុជា នឹង​បន្តទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​៕ 
 

Tag:
 កម្ពុជា​-​ឡាវ​
  ព្រំដែន​
  អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com