ជាតិ
សេដ្ឋកិច្ច
ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងចំណាយ១៣២លានដុល្លារ កែលម្អផ្លូវជនបទក្នុងខេត្តចំនួន១០ រូបភាពបានពីក្រសួងអភិវឌ្ឍន៍ជនបទ
× ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រៀមចំណាយប្រមាណ១៣២លានដុល្លារ ដើម្បីអនុវត្តន៍គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ឆ្នាំ២០១៩-២០២៥ ក្នុងខេត្តគោលដៅចំនួន១០។ ខេត្តទាំងនោះ មាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ត្បូងឃ្មុំ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ក្រចេះ និងខេត្តកំពត។
យោងតាមសេចក្តីដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៣ធ្នូ ឆ្នាំ២០១៨ ថវិកា១៣២លានដុល្លារ ខាងលើ បានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ១២លានដុល្លារ បានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៦០លានដុល្លារ និងបានពីធនាគារអាហរ័ណនីហរ័ណ នៃសាធារណរដ្ឋកូរ៉េ (Kexim Bank of Korea) ៦០លានដុល្លារ។
គម្រោងនេះ អនុវត្តន៍លើការកែលម្អផ្លូវជនបទ ប្រវែងសរុប៨០៩គីឡូម៉ែត្រ ពីក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង។
សូមបញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ នេះ ជាគម្រោងបន្ត ពីការអនុវត្តដោយជោគជ័យនូវ គម្រោងកែលម្អផ្លូវជនបទ និងគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ដែលសុទ្ធសឹងជាគម្រោងផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងក្រាលបេតុង ក្នុងខេត្តគោលដៅក្នុងនោះ។ គម្រោងកែលម្អផ្លូវជនបទ ក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តចាប់ពីឆ្នាំ២០១១-២០១៥ លើផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៥៤៣ គីឡូម៉ែត្រ និងគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រសួងបាន និងកំពុងអនុវត្តចាប់ពីឆ្នាំ២០១៥ ដល់ ២០២០ លើផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង ប្រវែង ១.២០០ គីឡូម៉ែត្រ៕
Tag:
សេដ្ឋកិច្ច
ផ្លូវ
ជនបទ
ADB
© រក្សាសិទ្ធិដោយ thmeythmey.com