ជាតិ
សេដ្ឋកិច្ច
World Bank៖ កម្ពុជា​ត្រូវ​កាត់បន្ថយ​សកម្មភាព​ប្រថុយប្រថាន ក្នុង​វិស័យ​អចលនទ្រព្យ
06, Dec 2018 , 10:54 am        
រូបភាព
លោក លី សូដេត សេដ្ឋវិទូពីធនាគារពិភពលោក
លោក លី សូដេត សេដ្ឋវិទូពីធនាគារពិភពលោក
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​គួរ​បង្កើន​ការប្រុងប្រយ័ត្ន និង​ដាក់ចេញ​វិធានការណ៍ ចំពោះ​ការបញ្ចេញ​លុយ​ពី​ធនាគារ  ដែល​ពូន​ផ្ដុំ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​។ ប្រយ័ត្ន​ទី​១ គឺ​វិស័យ​អចលនទ្រព្យ​នេះ នៅពេល​ដល់​ចំណុច​ខ្ពស់​ពេក នោះ​នឹងត្រូវ​ធ្លាក់ចុះ​មកវិញ និង​ប្រយ័ត្ន​ទី​២ គឺមាន​សកម្មភាព​ប្រថុយប្រថាន​កាន់តែច្រើន​ក្នុង​វិស័យ​មួយ​នេះ​។​


 
​ធនាគារពិភពលោក (World Bank) ព្រមាន​ហានិភ័យ​អំពី​សុខភាព​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ដែល​បាន​ភ្ជាប់​វាសនា​នឹង​សន្ទុះ​វិស័យ​អចលនទ្រព្យ​។ «​នាពេល​ចុង​ក្រោយនេះ ក្នុង​វិស័យ​អចលនទ្រព្យ កាន់​តែមាន​សកម្មភាព​ប្រថុយប្រថាន​ច្រើនឡើង ដែល​កើនឡើង​និន្នាការ​ទិញ​លក់​ដីធ្លី ជាមួយ​កង្វះ​ព័ត៌មាន​ច្បាស់លាស់ ឬ​អត្ថប្រយោជន៍​ពី​ការវិនិយោគ កាន់តែ​មិន​សមប្រកប​»​។ នេះ​ជាការ​គូសបញ្ជាក់​ក្នុង​របាយការណ៍​ចុងក្រោយ​អំពី​សេដ្ឋកិច្ចកម្ពុជា ដែល​ចេញផ្សាយ​ដោយ World Bank ក្នុងពេល​ថ្មីៗ​នេះ​។​
 
(​សកម្មភាព​ប្រថុយប្រថាន ឬ​ការទិញ​កាក់​ទុក គឺជា​ការទិញ​លក់ ការបោះ​ទុនវិនិយោគ ដោយ​រំពឹង​ទទួលបាន​ផលចំណេញ​មកវិញ​នៅពេល​អនាគត​។ អ្នក​ទាំងនោះ​មិនមែន​ទិញ​ដីធ្លី លំនៅឋាន សម្រាប់​រស់នៅ​នោះទេ គឺ​ទិញ​សម្រាប់​ទុក​លក់​យកចំណេញ​។ ការវិនិយោគ​ទាំងនោះ មិន​ផ្អែកលើ​តម្រូវការ​ពិតប្រាកដ​នោះទេ ដែល​អាច​ជាប់គាំង លក់​មិន​ចេញ​។ បើ​ការលក់​មិន​ស្រួល ហើយ​លុយ​វិនិយោគ​នោះ​ខ្ចី​ធនាគារ នោះ​វិស័យ​ហិរញ្ញវត្ថុ​ក៏​ប្រឈម​ហានិភ័យ​ដូចគ្នា​ដែរ​) ។​
 
​របាយការណ៍​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដាក់ចេញ​គោលការណ៍​ណែនាំ ពាក់ព័ន្ធ​នឹង ការ​រឹតបណ្តឹង​ទំហំ​កម្ចី​របស់​ធនាគារ​សម្រាប់​ទិញ​អចលនទ្រព្យ ការបង្កើន​ពន្ធ​លើ​ការទិញ​ទុក​លក់ និង​ការតម្រូវ​ឲ្យ​បង្កើន​ទំហំ​ប្រាក់​កក់ (down payment) ជាដើម​។​
 
​រដ្ឋាភិបាល ត្រូវ​កាត់បន្ថយ​សកម្ម​ភាព​ប្រថុយប្រថាន​ក្នុង​វិស័យ​អចលនទ្រព្យ​។ របាយការណ៍​លើកឡើង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​គួរ​ចាំបាច់​អភិវឌ្ឍន៍​គោលនយោបាយ​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច តាមរយៈ​វិធានការ​ហិរញ្ញវត្ថុ ដើម្បី​កាត់បន្ថយ​វិសាលភាព​នៃ​សកម្មភាព​ប្រថុយប្រថាន​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​ផ្ដល់​កម្ចី​ដោយ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​»​។​
 
 ត្រឹម​ដំណាច់ឆ្នាំ​២០១៧ កម្ចី​ផ្ដល់​ដោយ​ធនាគារ​សម្រាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ មាន​កំណើន ៣៦,៣ ភាគរយ​កើន​ពី ២៨,៤​ភាគរយ​នៅក្នុង​ខែឧសភា​ឆ្នាំ​ដដែល​នេះ​។ ហើយ​ឥណទាន​ក្នុង​វិស័យនេះ បាន​កាន់កាប់​ចំណែក​ដល់ ២៦​ភាគរយ​នៃ​ឥណទាន​រួម​ក្នុង​ឆ្នាំ​២០១៧ ដែល​កើន​ពី ២២​ភាគរយ​នៅ​ឆ្នាំ​២០១៦​។​
 
​ព្រម​ជាមួយគ្នានេះ អ្នកជំនាញ​របស់ World Bank ព្រមាន​ពី​វដ្ដ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​នឹងត្រូវ​ធ្លាក់ចុះ​មកវិញ នៅពេល​ឡើងដល់​ចំណុចកំពូល​។ អ្នកជំនាញ​ពន្យល់ថា គេ​មិនដឹងថា​វិស័យ​អ​ចនទ្រ​ព្យ​កម្ពុជា ឡើងដល់​ចំណុចកំពូល​នៅពេលណា​នោះទេ ប៉ុន្តែ​វិស័យនេះ​មាន​សន្ទុះ​ច្រើន​ឆ្នាំ​មកហើយ ដែលជា​សញ្ញា​គួរ​ប្រុងប្រយ័ត្ន​។​
 
​ខាងក្រោម​នេះ​ជា​ប្រសាសន៍​របស់លោក លី សូ​ដេ​ត សេដ្ឋវិទូ​ពី​ធនាគារពិភពលោក ដែល​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​សម្ពោធ​របាយការណ៍​ថ្មី​នេះ​៖

 

Tag:
 អចលនទ្រព្យ​
  ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com