កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី ត្រូវប្រជែងជាមួយកីឡាការិនីអ៊ុយក្រែន Iryna Delsa Kyselova ក្នុងព្រឹត្តិការណ៍ ONE: Destiny of Champions នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នាកីឡដ្ឋាន Axiata Arena នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ គ្រូបង្វឹករំពឹងថា សុវណ្ណារី នឹងទទួលបានជ័យជម្នះនាការប្រកួតលើកដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។
លោក Justen Hamilton គ្រូបង្វឹកកីឡាការិនី ឯម សុវណ្ណារី ហាក់មានជំនឿចិត្តខ្ពស់លើសមត្ថភាពកីឡាការិនីខ្មែរ-អាមេរិករូបនេះ ក្នុងការយកឈ្នះកីឡាការិនីជើងចាស់អ៊ុយក្រែន Iryna Delsa Kyselova សម្រាប់ការពើបប្រទះគ្នានៅថ្ងៃសុក្រទី៧ ខែធ្នូ ឆ្នាំ២០១៨។ មិនត្រឹមតែរំពឹងទទួលបានលទ្ធផលល្អនោះទេ Justen ជឿជាក់ថា សុវណ្ណារី នឹងផ្តួលកីឡាការិនីអ៊ុយក្រែនមុនទឹកទី៣ថែមទៀតផង។
«សុវណ្ណារី មានក្បាច់ផ្ទាល់ខ្លួនស្រាប់ក្នុងការតទល់ជាមួយគូប្រកួត ខ្ញុំជឿថា នាងអាចបង្ហាញខ្លួនលើឆាកប្រយុទ្ធបានយ៉ាងងាយស្រួល តាមរយៈការបញ្ចេញស្នៀតណាមួយ ដែលនាងចង់ប្រើ។ បើអ្វីៗប្រព្រឹត្តិទៅរលូន ខ្ញុំគិតថាទស្សនិកជននឹងឃើញនាងផ្តួលដៃគូមុនទឹកទី៣ជាមិនខាន»។ នេះជាការលើកឡើងរបស់លោក Justen គ្រូបង្វឹកកាន់ខ្សែក្រវាត់ពណ៌ត្នោតកីឡាជឺជិតស៊ូ។
កត្តាដែលធ្វើឲ្យគ្រូបង្វឹករូបនេះមានការជឿជាក់ខ្ពស់បែបនេះ គឺដោយសារការខិតខំប្រឹងប្រែងហ្វឹកហាត់របស់ សុវណ្ណារី តាមរយៈការសិក្សាលើខ្លួននាពេលកន្លងមក និងសិក្សាលើចំណុចខ្សោយនិងខ្លាំងរបស់គូប្រកួត។ «យើងបានគិតយ៉ាងផ្ចិតផ្ចង់ទៅលើកំពស់គូប្រកួត ស្នៀតវាយរបស់គេ ហើយយើងបានបញ្ចូលគន្លឹះទាំងនេះចូលក្នុងការហ្វឹកហាត់បន្ថែមនៅក្នុងជំរុំផងដែរ»។ នេះជាការបញ្ជាក់របស់គ្រូបង្វឹកខាងលើ។
នេះជាការបង្ហាញខ្លួនលើកទី១របស់ សុវណ្ណារី ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ តែកីឡាការិនីវ័យ២៦ឆ្នាំរូបនេះ ធ្លាប់ឡើងសង្វៀនប្រកួតជាច្រើនលើករួចមកហើយ និងធ្លាប់យកឈ្នះដោយផ្តួលគូប្រកួតឲ្យសន្លប់ជាច្រើនលើកផងដែរ។ ចំណែកកីឡាការិនីជើងចាស់អ៊ុយក្រែន Iryna ធ្លាប់ឡើងសង្វៀននេះ១៣លើករួចមកហើយ ហើយ៩០ភាគរយនៃការឈ្នះរបស់គេ គឺផ្តួលគូប្រកួតឲ្យសន្លប់ និងសុំចុះចាញ់។
ទោះបីរំពឹងផ្តួលគូប្រកួតក៏ដោយ តែលោក Justen Hamilton បាននិយាយថា សុវណ្ណារី មិនដែលមើលស្រាលគូប្រកួតអ៊ុយក្រែននេះឡើយ។ លោកបានរៀបរាប់ថា៖«យើងមានការគោរពខ្ពស់ណាស់លើ Iryna។ កម្លាំងនាងខ្លាំង ហើយនាងមានបទពិសោធច្រើន ដូច្នេះការប្រកួតនេះប្រាកដជាមិនស្រួលប៉ុន្មានទេ»។ តែយ៉ាងណា លោកជឿជាក់ថា សុវណ្ណារី នឹងអាចប្រឈមមុខជាមួយ Iryna បានទាំងស្នៀតវាយឈរ និងបោកចំបាប់។
ដោយទទួលបានឱកាសមិនងាយរកបានដើម្បីចូលប្រកួតឲ្យស្ថាប័នធំជាងគេនៅអាស៊ីនេះ សុវណ្ណារី មានបំណងធំមួយគឺចង់ផ្សាផ្ជាប់ខ្លួនជាមួយឈាមខ្មែរ ដែលបានដក់ជាប់ក្នុងបេះដូងនាងជាយូរមកហើយ។ Justen បង្ហើបថា ពួកគេសង្ឃឹមថាបានមកលេងកម្ពុជាឆាប់ៗ៖«ខ្ញុំដឹងថា សុវណ្ណារី មានមោទកភាពខ្លាំងណាស់ ដែលបានឡើងតំណាងឲ្យកម្ពុជាក្នុងការប្រកួតមួយនេះ។ យើងរង់ចាំយូរហើយ ដើម្បីមកលេងនៅកម្ពុជាថ្ងៃណាមួយ»។
ក្រៅពី សុវណ្ណារី សម្រាប់ព្រឹត្តិការណ៍ ONE: Destiny of Champions នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នោះដែរ ក៏មានកីឡាករកម្ពុជា១រូបទៀតផងដែរ គឺកីឡាករ ចាន់ រតនា ដោយត្រូវប៉ះជាមួយកីឡាករឥណ្ឌូណេស៊ី-ទីម័រខាងកើត Abro Fernandes លើប្រភេទទម្ងន់មធ្យម៕