កីឡាអន្តរជាតិ
អន្តរជាតិ
Kraisorn សូមទោស​អ្នកគាំទ្រ​ដោយ​ទទួលស្គាល់ថា​ខ្លួន​បារម្ភ​ពេល​ទាត់​ប៉េ​ណា​ល់​ទី
06, Dec 2018 , 4:59 pm        
រូបភាព
Adisak Kraisorn ខ្សែប្រយុទ្ធ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ បាន​សូមទោស​ក្រុម​អ្នកគាំទ្រ​ខ្លួន​ទាំងអស់ ដ្បិត​រូបគេ​មិន​អាចជួយ​ក្រុម​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Suzuki Cup 2018 បន្ទាប់ពី​ទាត់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​មិន​ចូល​នា​ជំនួប​ស្មើគ្នា​ជាមួយ​ម៉ាឡេស៊ី ២-២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​ក្នុង​ទឹកដី​ខ្លួនឯង​។​


 
​ក្រុម​ថៃ​និង​ម៉ាឡេស៊ី​បានបញ្ចប់​ការប្រកួត​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ២-២ ខណៈដែល​ជើង​ទី​១ ក្រុម​ទាំងពីរ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយ​។ ម៉ាឡេស៊ី​ជា​ក្រុម​មាន​សិទ្ធិ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រោះ​មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី (away goals)​។​


 
​នា​ការប្រកួត​ជើង​ទី​២ វគ្គ​១/២​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Rajamangala ក្នុង​ក្រុង​បាងកក​នោះ ក្រុម​រហស្សនាម​ដំរី​ដែល​ទទួលបាន​ឱកាស​មាស​នៅ​នាទីចុងក្រោយ ដោយ​ការផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ពី​លោក​អាជ្ញាកណ្តាល បែរជា​មិនអាច​ធ្វើបាន​សម្រេច​ដែល​នាំ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ថៃ​ខកចិត្ត​យ៉ាងខ្លាំង​។ 
 
Kraisorn ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ ជា​អ្នករ៉ាប់រង​ការ​ស៊ុត​បាល់​ពិន័យ​នេះ​បាន​សារភាព ថា​រូបគេ​ពិតជា​សោកស្តាយ​ដែល​មិនអាច​ទាត់​ចូល​ទី​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី ដើម្បី​នាំ​ក្រុម​ថៃ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​។​
 
 
«​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​ថា​ខ្ញុំ​ពិតជា​ខកចិត្ត​ណាស់ ខ្ញុំ​មានការ​បារ​ម្មណ៍​នៅពេល​ឈរ​ត្រៀម​ស៊ុត​បាល់​ពិន័យ​នោះ ហើយ​នេះ​ជា​មេរៀន​និង​ការចងចាំ​មួយ​សម្រាប់​ខ្ញុំ​ទៅ​ថ្ងៃមុខ​។ ជា​ចុងបញ្ចប់​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់ ហើយ​ខ្ញុំ​ចង់​សុំទោស​អ្នក​ទាំងអស់គ្នា ខ្ញុំ​នឹង​ចងចាំ​មេរៀន​មួយ​នេះ និង​ព្យាយាម​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ​»​។ Adisak Kraisorn រៀបរាប់​ដូច្នេះ​។​
 
​ថៃ​នឹង​ត្រូវមាន កាតព្វកិច្ច​មួយទៀត​ក្នុងការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ទ្វីបអាស៊ី AFC Asian Cup 2019 ដែល​ប្រារព្ធ​ធ្វើឡើង​ក្នុងប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចាប់ពី​ថ្ងៃទី​៥ ខែ​កម​ករា ដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​ស៊ែ​ប៊ី Milovan Rajevac ស្ថិតក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ អេ​មី​រ៉ា​ត​អារ៉ាប់​រួម បា​រ៉ែ​ន និង​ឥណ្ឌា​៕
 
 

Tag:
 ​បាល់ទាត់​
  AFF Suzuki Cup
  Adisak Kraisorn
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com