កីឡាជាតិ
ជាតិ
ចំបាប់ នឹង​ទៅ​ពង្រឹងសមត្ថភាព​នៅ​ចិន និង​កូរ៉េ ដើម្បី​ត្រៀម​ស៊ី​ហ្គេម​
07, Dec 2018 , 7:59 am        
រូបភាព
ដោយ:
​កីឡាករ​កីឡាការិនី​ចំបាប់ នឹង​ទៅ​ពង្រឹងសមត្ថភាព​នៅក្រៅ​ប្រទេស ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​ឆ្នាំក្រោយ បន្ទាប់ពី​ខកខាន​ចូលរួម​ពីរលើក​កន្លងមក​។ បើតាម​លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ប្រទេស​ដែល​កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​រួមមាន​ចិន និង​កូរ៉េខាងត្បូង​។

 
​ចំបាប់​ដែលជា​ប្រភេទ​កីឡា​សន្តា​នុព​ល​របស់​កម្ពុ​ជានា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៣ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នឹង​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​នៅ​ឆ្នាំក្រោយ​។ ការបញ្ជូន​នេះ គឺ​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ចន្លោះ​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។ 


 
​ក្រោយ​ជំនួប​ជាមួយ​ប្រតិភូ​ចំបាប់​កូរ៉េ កាលពី​ថ្ងៃទី​៤ ធ្នូ លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សហព័ន្ធ​ចំបាប់​យើង​ត្រៀមលក្ខណ​បញ្ជូន​កីឡាករ​កីឡាការិនី​៥​រូប​ទៅ​ហ្វឹកហាត់​នៅ​ចិន  ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំក្រោយ ហើយ​យើង​ក៏មាន​ការបញ្ជូន​កីឡាករ​មួយចំនួន​ទៅ​ហ្វឹកហាត់​នៅ​កូរ៉េ​ផងដែរ​។ យើង​យកចិត្តទុកដាក់​ខ្លាំង​លើ​កីឡាការិនី ព្រោះ​កីឡាការិនី​មាន​អាទិភាព​ខ្ពស់ជាង​កីឡាករ​ក្នុងការ​ដណ្តើម​មេដាយ​»​។​
 
​ការ​បញ្ជូនទៅ​ហ្វឹកហាត់​ក្រៅប្រទេស​នេះដែរ គឺ​ដើម្បី​រក្សា​កំណត់ត្រា​ល្អ​របស់ខ្លួន ដែល​ធ្លាប់​ឈ្នះ​មេដាយមាស​៤ ប្រាក់​២ និង​សំរឹទ្ធ​៤ ពី​ស៊ី​ហ្គេម​នៅ​មី​យ៉ាន់​ម៉ា កាលពី​ឆ្នាំ​២០១៣​។ មេដាយមាស​ទាំង​៤​រកបាន​ដោយ​កីឡាករ ឌន សៅ​, ខូវ ឈាង​ហុង​, កីឡាការិនី ចូ​វ សុធា​រ៉ា និង និ សំណាង រីឯ​មេដាយប្រាក់រ​កដោយ​កីឡាករ ឌន សៅ និង​កីឡាការិនី ជា ស្រី​មាស និង​មេដាយ​សំរឹទ្ធ​រកបាន​ដោយ​កីឡាករ ងួន គឹម​ហេង​, កាង ដែន​ពិសិដ្ឋ​, Joshua Sou និង ចាន់ រស្មី​។  
 
«​ផែនការ​របស់​កីឡា​ចំបាប់​យើង​នៅ​ឆ្នាំ​ក្រោយនេះ គឺ​ជំរុញ​ការហ្វឹកហាត់​ពង្រឹង​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​សក្តានុពល​របស់​កីឡា​ចំបាប់​ក្នុង​ស៊ី​ហ្គេម​ឆ្នាំក្រោយ ដោយសារ​កីឡា​ចំបាប់​យើង​បាន​ខកខាន​ចូលរួម​ស៊ី​ហ្គេម​ពីរលើក​រួចមកហើយ​។ ដូច្នេះ​ឆ្នាំ​២០១៩​នេះ ជា​ឆ្នាំ​ចាប់ផ្តើម​សារ​ឡើងវិញ​របស់​កីឡា​ចំបាប់ ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។ 


 
​ទោះបី​យ៉ាងនេះ​ក្តី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ខាងលើ មិនបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ក្នុងការ​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ទាំងពីរ​នៅឡើយ​ទេ​។​
 
​ប្រតិភូ​កីឡា​ចំបាប់​កូរ៉េខាងត្បូង​ត្រូវបំពេញ​ទស្សនកិច្ច​រយៈពេល​៩​ថ្ងៃ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៤-១២ ខែធ្នូ ឆ្នាំ​២០១៨​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះដែរ ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កូរ៉េ​នឹង​ហ្វឹកហាត់​រួមគ្នា​ជាមួយ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​បច្ចេកទេស និង​បទពិសោធ​។ លោក វ៉ា​ត់ ចំរើន ចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​កម្ពុជា​ក្នុងការ​ដកស្រង់​បទពិសោធ​ពី​កីឡាករ​កម្រិត​ខ្ពស់​របស់​កូរ៉េ ពិសេស​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ពី​កម្រិត​សមត្ថភាព​កម្ពុជា​៕   


 

Tag:
 ចំបាប់​
  វ៉ា​ត់ ចំរើន​
  កូរ៉េ​
  ចិន​
  ស៊ី​ហ្គេម​
© រក្សាសិទ្ធិដោយ thmeythmey.com