នៅពេលនេះ ក្រុមហ៊ុន vivo កំពុងតែបោះជំហានក្នុងការប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដូចជា Xiaomi, Samsung, Motorola Oppo, OnePlus និង Apple នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន vivo បានបន្តវិនិយោគទៅលើបច្ចេកវិទ្យា5G ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់ នៅលើស្មាតហ្វូនជាច្រើននោះទេ ប៉ុន្តែក្រុមហ៊ុនមានគោលដៅសម្រាប់បំពាក់នៅលើឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត ដូចជានាឡិកាដៃ និងតន្ត្រីផងដែរ។
ក្រុមហ៊ុននេះ បានធ្វើការជាមួយនឹងដៃគូសហការជាច្រើន នៅលើពិភពលោក ដូចជាក្រុមហ៊ុន Qualcomm, Haier, TCL និង Mideaជាដើម ដែលវិសាលភាពនៃការងារនេះ គឺជាសហអភិវឌ្ឍន៍ សម្រាប់ផលិតផល និងសេវាកម្មជាច្រើនថែមទៀត។
ប្រធានផ្នែកយុទ្ធសាស្ត្រម៉ាកយីហោរបស់ក្រុមហ៊ុន vivo នៅក្នុងប្រទេសឥណ្ឌា ប្រាប់ទៅកាន់ BusinessLine ថា vivo កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុនដឹកនាំធំៗ នៅលើឧស្សាហកម្មនេះ នៅលើពិភពលោក សម្រាប់សេវាកម្ម 5G និងផលិតផលជាច្រើនទៀត។ លោក លោក Nipun Marya Nipun Marya បញ្ជាក់ដូច្នេះ៖«យើងនឹងវាយតម្លៃទៅលើភាពជាដៃគូ នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា នៅក្នុងជំហានបន្តមួយទៀត បើទោះបីជាប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា កំពុងតែបន្តមានការខាតបង់ក៏ដោយ»។
លោក Marya បាននិយាយបន្តថា vivo ស្ថិតនៅក្នុងដំណាក់កាលនៃការវិនិយោគនៅក្នុងប្រទេសឥណ្ឌា ដោយនឹងត្រូវការពេលវេលាផងដែរ ហើយ vivo កំពុងតែស្វែងរកភាពជាដៃគូជាមួយក្រុមហ៊ុនជាច្រើននៅក្នុងប្រទេឥណ្ឌា សម្រាប់សមាសភាគជាច្រើន។ បច្ចុប្បន្ន vivo កំពុងតែនាំចូលនូវសមាសភាគជាច្រើន ចេញពីប្រទេសចិន ស្របពេលដែល Xiaomi ត្រូវបានគេមើលឃើញថា បានពិភាក្សាជាមួយនឹងដៃគូសមាសភាគជាច្រើនរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌាផងដែរ។ លោក Marya បានបញ្ជាក់បន្ថែមថា៖«យើងនៅមិនទាន់អាចរកប្រភពផ្គត់ផ្គង់នៃសមាសភាគជាច្រើននៅក្នុងតំបន់បាននៅឡើយទេ ប៉ុន្តែ vivo នឹងវិនិយោគបន្ថែមទៀត នៅក្នុងការផលិតនៅក្នុងប្រទេសឥណ្ឌា ដោយធ្វើឡើងនៅក្នុងរោងចក្រ Greater Noida របស់ខ្លួន»។
បើតាម លោក Nipun Marya រោងចក្រ Greater Noidaនេះ អាចផលិតស្មាតហ្វូនបានប្រហែលជា 25 លានគ្រឿងក្នុងមួយឆ្នាំ ហើយស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន Vivo នៅក្នុងប្រទេសឥណ្ឌា គឺផលិតនៅក្នុងរោងចក្រនេះតែម្តង។
លោក Nipun Marya បន្ថែមថា៖«យើងនៅមិនទាន់សម្រេចចិត្តនោះទេ ថាតើការវិនិយោគបន្ថែមទៅលើ Greater Noidaនេះ ឬទៅកាន់ទីកន្លែងផ្សេងទៀតនោះ។ សម្រាប់ការបង្កើនទៅលើការវិនិយោគនេះ នឹងធ្វើឱ្យមានការកំណើនរបស់ក្រុមហ៊ុន vivo កាន់តែខ្លាំង នៅក្នុងប្រទេសឥណ្ឌា»។
ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធំបំផុតទី ២ ដែលលក់បានស្មាតហ្វូនច្រើនជាងគេ បន្ទាប់ពីក្រុមហ៊ុន Samsung។ ក្រុមហ៊ុន Vivo នៅក្នុងប្រទេសឥណ្ឌានេះ គឺរកប្រាក់ចំណូលកើនឡើងជិត ២ដង នៅត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ នេះ បើធៀបទៅនឹងឆ្នាំមុន៕
(អត្ថបទពាណិជ្ជកម្ម)