ជាតិ
សេដ្ឋកិច្ច
១៦,៥ភាគរយប៉ុណ្ណោះ ដែលទេសចរអន្តរជាតិ មកលេងកម្ពុជា ជាលើកទី២
× ភ្នំពេញ៖ ទេសចរអន្តរជាតិនៅកម្ពុជាច្រើនជាង ៨០ភាគរយ គឺជាទេសចរថ្មី ឬមកលេងកម្ពុជាលើកដំបូង។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបង្ហាញទៀតថា ត្រឹមតែ ១៦,៥ភាគរយប៉ុណ្ណោះ ជាទេសចរចាស់ ឬទេសចរវិលត្រឡប់មកលេងកម្ពុជាម្ដងទៀត។
របាយការណ៍ដដែលនេះ ឲ្យដឹងថា ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិរបស់កម្ពុជា នៅពីក្រោយថៃ និងវៀតណាមឆ្ងាយ។ នៅឆ្នាំ២០១៧ កម្ពុជាស្រូបយកទេសចរចំនួន ៥,៦លាននាក់ ខណៈថៃ ៣៥,៤លាននាក់ និងវៀតណាម ១២,៩លាននាក់។
ចំណែកឯការទាក់ទាញឲ្យបរទេសមកលេងប្រទេសខ្លួនម្ដងហើយម្ដងទៀត កម្ពុជាធ្វើបានកម្រិតទាបនៅឡើយធៀបនឹងប្រទេសថៃ។ របាយការណ៍លើកឡើងដូច្នេះថា៖«ដោយសារគោលដៅ និងពិពិធកម្មផលិតផលទេសចរណ៍នៅមានកម្រិត ត្រឹមតែ ១៦,៥ភាគរយប៉ុណ្ណោះនៃទេសចរបរទេសដែលមកកម្ពុជា ជាទេសចរវិលត្រឡប់ បើធៀបនឹងចំនួនច្រើនជាង ៥០ភាគរយដែលថៃធ្វើបាន»។
របាយការណ៍គូសបញ្ជាក់ថា ការទាក់ទាញប្រភេទទេសចរវិលត្រឡប់ ទាមទារកត្តាមួយចំនួន។ ការស្រាវជ្រាវនេះបន្ថែមថា«កត្តាទាំងនេះទាក់ទងនឹងការពេញចិត្តនឹងការស្នាក់នៅ ដើរផ្សារ ភោជនីយដ្ឋាន និងម្ហូបអាហារ ព្រមទាំងអាកប្បកិរិយារបស់ពលរដ្ឋក្នុងស្រុក ដែលផ្ដល់ភាពរីករាយ»។
អ្នកជំនាញរបស់ World Bank ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តគោលនយោបាយ ឆ្កើយតបនឹងទីផ្សារទេសចរអន្តរជាតិកាន់តែប្រើសើជាងមុន ដោយផ្ដោតទាំងប្រភេទអេកូទេសចរណ៍ផងដែរ។ របាយការណ៍នេះថែមទាំងជំរុញឲ្យកម្ពុជាតភ្ជាប់គោលដៅទេសចរសំខាន់ៗរបស់ថៃ និងវៀតណាម ដើម្បីស្រូបលំហូរភ្ញៀវរបស់ប្រទេសទាំងនោះឲ្យបន្តចូលមកកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com