ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន បន្តជំរុញវិនិយោគិនវៀតណាម ឲ្យមករកស៊ីនៅកម្ពុជា នាយករដ្ឋមន្រ្តីកម្ពុជា ឡើងថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ដែលរៀបចំនៅទីក្រុងហាណូយ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨
× ទៅដល់វៀតណាម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជា នៅទីក្រុងហាណូយ មុនជួបពិភាក្សាជាមួយមេដឹកនាំវៀតណាម។ តែវេទិកានោះ ក៏មានការចូលរួមពីលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាមផងដែរ រួមទាំងពាណិជ្ជករនិងអ្នកធុរកិច្ចវៀតណាមជាច្រើនទៀត។
ក្នុងវេទិកានោះ នាយករដ្ឋមន្ត្រីកម្ពុជា បានធានាពីសុខសន្តិភាពនិងស្ថិរភាពនយោបាយ ជួនអ្នកវិនិយោគគ្រប់រូប ដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា។ សារលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖«សម្តេចតេជោ នៅតែបន្តអំពាវនាវដល់អ្នកវិនិយោគវៀតណាម ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាឈ្វេងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាមនិងកម្ពុជា»។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន៧៥គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២,៤ ពាន់លានដុល្លារ ដែលផ្តោតសំខាន់លើវិស័យកសិកម្មនិងហេដ្ឋារចនាសម្ព័ន្ធ។
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២,១៣ ពាន់លានដុល្លារ ដោយកើនឡើងប្រមាណ ៣០% បើធៀបនឹងឆ្នាំ២០១៦។
ទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា នៅវៀតណាម នឹងត្រូវបញ្ចប់នៅថ្ងៃ២០១៨៕
Tag:
ហ៊ុន សែន
កម្ពុជា-វៀតណាម
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com