កីឡាអន្តរជាតិ
អន្តរជាតិ
Messi តូច​ត្រូវ​ភៀសខ្លួន​ចេញពីផ្ទះ​លើក​ទី​២ ព្រោះ​ការ​គំរាម​របស់​ឧទ្ទាម​តា​លី​បង់​
07, Dec 2018 , 7:19 pm        
រូបភាព
​ក្មេងប្រុស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ត្រូវបាន​ប្រជាជន​ជុំវិញ​ពិភពលោក​ស្គាល់​តាមរយៈ​បណ្តាញ​សង្គម​ដោយសារ​ការគាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ​របស់គេ​ចំពោះ​កំពូល​តារាបាល់ទាត់ Lionel Messi ពេលនេះ​ត្រូវ​បង្ខំចិត្ត​រត់​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​ជា​លើក​ទី​២ ព្រោះ​បញ្ហា​សង្គ្រាម​ក្នុងស្រុក​។


 
​ក្មេងប្រុស Murtaza Ahmadi អាយុ ៧ ឆ្នាំ​បានទទួល​ការចាប់អារម្មណ៍​ខ្លាំង​ក្នុង​ឆ្នាំ ២០១៦ បន្ទាប់ពី​រូបគេ​ត្រូវបាន​ថតរូប​នៅពេល​យក​ថង់​ប្លា​ស្ទិ​ក​ឆ្នៃ​ធ្វើជា​អាវ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដោយ​ដាក់​លេខ​១០ និង​សរសេរ​ឈ្មោះ Messi ថែមទៀត​។ ក្រោយមក​ក្មេងប្រុស​ម្នាក់នេះ អាចធ្វើ​ដំណើរ​ទៅ​ជួប​វីរបុរស​របស់គេ Messi តាម​ក្តី​ស្រមៃ នៅ​ប្រទេស​កាតា​។​


 
​ក្រុមគ្រួសារ​របស់ Ahmadi និយាយថា​បច្ចុប្បននេះ​ពួកគេ​បាន​បោះបង់​ចោលផ្ទះ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ទាប់ពី​ទទួល​ការគំរាមកំហែង​ពី​ក្រុម​ឧទ្ទាម​តា​លី​បង់​។​


 
​ខេត្ត Ghazni ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​ពួក​សកម្មប្រយុទ្ធ​កំពុង​កំណត់​គោលដៅ ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់ Ahmadi ត្រូវ​រត់គេចខ្លួន​ទៅកាន់​រដ្ឋធានី​កា​ប៊ុល​វិញ​។​


 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ពួកគេ​បាន​ស្វែងរក​ទីជ្រកកោន​រយៈពេល​ខ្លី​នៅ​ប៉ា​គី​ស្ថាន​ម្តង​ដែរ​កាលពី​ឆ្នាំ ២០១៦ ប៉ុន្តែ​ត្រូវ​បង្ខំចិត្ត​ត្រឡប់​ទៅ​ទី​កំណើត​វិញ បន្ទាប់ពី​ពួកគេ​អស់​លុយ​៕

Tag:
 បាល់ទាត់​
  Murtaza Ahmadi
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com