អត្ថបទពាណិជ្ជកម្ម
ម្ចាស់ជ័យលាភីលេខ១ ពីការប្រកួតរចនា User Interface/User Experience ចែករំលែកបទពិសោធន៍
× កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុន Smart Axiata បានរៀបចំពិធីប្រគល់រង្វាន់ ដល់ ជ័យលាភីការប្រកួតរចនា User Interface/User Experience។ ការប្រកួតរចនានេះ ចម្រាញ់យកនិស្សិតឆ្នើម ដែលមានជំនាញផ្នែករចនាកម្មវិធីទូរស័ព្ទ ដែលអាចផ្ដល់ភាពងាយស្រួល និងការទាក់ទាញដល់អ្នកប្រើប្រាស់។ និស្សិតជាង២០រូប បានចូលរួមក្នុងការប្រកួតនេះ ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។
យុវជន ជា សុវ័ន្ត និស្សិតឆ្នាំទី៣ជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យផារ៉ាហ្គនអន្តរជាតិ (អតីតសាកលវិទ្យាល័យហ្សាម៉ាន់) និងជាសមាជិកក្រុមជ័យលាភីលេខ១ ក្នុងការប្រកួតរចនានេះថ្លែងថា បេក្ខជន-បេក្ខនារី អាចចូលរួមប្រកួតជាលក្ខណៈបុគ្គល ឬជាក្រុម ដែលការប្រកួតបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីចម្រាញ់យកក្រុម និងបេក្ខជនដែលមានស្នាដៃរចនាល្អបំផុតចំនួន៥។ បើតាម សុវ័ន្ត ការរចនារបស់ក្រុម និងបេក្ខជន ដែលមានពិន្ទុខ្ពស់ជាងគេទាំង៥នោះ ត្រូវបានបង្ហោះតាមទំព័រហ្វេសប៊ុក ដើម្បីទទួលបានការបោះឆ្នោត ពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ ក្នុងនោះមានតែក្រុម ឬបេក្ខជន ដែលទទួលបានចំនួនចូលចិត្ត (Like) ច្រើនជាងគេចំនួនបីប៉ុណ្ណោះ ដែលទទួលបានជ័យលាភីពីការប្រកួត។
សមាជិកក្រុមម្នាក់ទៀត គឺយុវជន ជីវ ឆាយហេង និស្សិតឆ្នាំទី៥ ជំនាញវិស្វកម្មធនធានទឹក និងហេដ្ធារចនាសម្ព័នជនបទ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លើកឡើងថា រូបគេចូលរួមក្នុងការប្រកួតនេះ ដោយសារការរចនាកម្មវិធីទូរស័ព្ទនេះជាចំណង់ចំណូលចិត្តរបស់គេ ហើយយុវជនរូបនេះ យល់ថាការប្រកួតនេះ ជាឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន និងជាឱកាសរាប់អានមិត្តភក្ដិថ្មីៗ ដែលមានជំនាញរចនាកម្មវិធីទូរស័ព្ទនេះដែរ។
គួរបញ្ជាក់ដែរថា ជ័យលាភីលេខ១ សម្រាប់ការប្រកួតរចនា User Interface/User Experience ទទួលបានប្រាក់រង្វាន់ចំនួន១០០០ដុល្លារ។ ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ចំនួន៥០០ដុល្លារ និងជ័យលាភីលេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ២៥០ដុល្លារ។ ជ័យលាភីទាំង៣ ក៏ទទួលបានកញ្ចប់ Smart StreamOn 8 ពីក្រុមហ៊ុន Smart Axiata រយៈពេលមួយឆ្នាំ និងឱកាសការងារ នៅក្រុមហ៊ុននេះផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com