កីឡាអន្តរជាតិ
អន្តរជាតិ
Tevez ថា​ការ​ការប្តូរ​ទីលាន​ទៅ Bernabeu នា​ជំនួប Copa Libertadores ជា​រឿង​អាម៉ាស់​សម្រាប់​ពលរដ្ឋ​អា​ហ្ស​ង់​ទីន​
08, Dec 2018 , 8:19 am        
រូបភាព
Carlos Tevez ថា​ការប្រកួត​ជើង​ទី ២ វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa Libertadores ដែល​ត្រូវ​ប្តូរ​ទៅលេង​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​ប្រទេស​អេ​ស្ប៉ា​ញ​គឺជា​ភាពអាម៉ាស់​បំផុត​សម្រាប់​ប្រជាជន​អា​ហ្ស​ង់​ទីន​។​



​ជំនួប Buenos Aires Derby រវាង Boca Juniors និង River Plate ត្រូវបាន​ពន្យារពេល​ការប្រកួត​កាលពី​ខែវិច្ឆិកា​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ River Plate បាន​ប្រើ​អំពើហិង្សា​ដោយ​ប្រើ​ដំបង និង​ដុំថ្ម​វាយ​ទៅលើ​រថយន្ត​របស់​កីឡាករ Boca និង​ថែមទាំង​ត្រូវ​ប្តូរ​ទីលាន​ប្រកួត​ទៅកាន់​កីឡដ្ឋាន Bernabeu របស់​ក្លិប Real Madrid នៅ​ថ្ងៃទី​៩ ខែធ្នូ​នេះ​វិញ​។ 
 
​ការប្តូរ​ទីលាន​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​ពានរង្វាន់​កំពូល​សម្រាប់​ក្លិប​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​នេះ ដោយសារ​មិនអាច​លេង​នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន​បាន ដ្បិត​បារ​ម្មណ៍​ខ្លាច​មាន​អំពើហិង្សា​កើតឡើង​ម្តងទៀត​។​
  
 
Tevez អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United វាយតម្លៃថា វា​ចម្លែក​បន្តិច​ក្នុង​ការលេង​នៅក្រៅ​ប្រទេស​ខ្លួនឯង ប៉ុន្តែ​វា​សំខាន់​សម្រាប់​យើង​ក្នុងការ​ផ្តោតទៅលើ​ការប្រកួត​នៅ Madrid ព្រោះ​វា​មាន​សុវត្ថិភាព​ជាង​។​
 
​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​វ័យ ៣២ ឆ្នាំ​រូបនេះ​បាន​ប្រាប់ BBC World Service Sport ជុំវិញ​បញ្ហា​ដែល​នាំ​ឲ្យ​មានការ​ប្តូរ​កីឡដ្ឋាន​ប្រកួត​នេះ​ថា​៖«​ខ្ញុំ​គិតថា​វា​ជា​រឿង​អាម៉ាស់​បំផុត​សម្រាប់​ប្រជាជន​អា​ហ្ស​ង់​ទីន តែ​មិនមែន​កីឡាករ​ទេ​។ ពួកគេ​ជា​អ្នកធ្វើ​ឲ្យ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ត្រូវធ្វើ​ក្នុងប្រទេស​របស់​យើង​ត្រូវ​បាត់បង់​»​។​
 
​សូមបញ្ជាក់ថា ការប្រកួត​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ​បញ្ចប់​ទៅក្នុង​លទ្ធផល ២-២ ដែល​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Bombonera របស់ Boca​។ ពានរង្វាន់ Copa Libertadores គឺជា​ការប្រកួតប្រជែង​រវាង​ក្លិប​នៅ​ទ្វីបអាមេរិក​ខាងត្បូង​ដែល​ស្មើនឹង​ការប្រកួត​ក្នុង​ក្របខណ្ឌ UEFA Champions League នៅ​ទ្វីបអឺរ៉ុប​ដែរ​៕

 

Tag:
 Copa Libertadores
© រក្សាសិទ្ធិដោយ thmeythmey.com